ភាពល្ងង់ខ្លៅ និងសេចក្តីឃើញខុសនាំទៅរកផ្លូវខុស។ ហើយអ្វីទៅជាផ្លូវត្រូវ?
sn 45.001 បាលី cs-km: sut.sn.45.001 អដ្ឋកថា: sut.sn.45.001_att PTS: ?
(អវិជ្ជា)សូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១. អវិជ្ជាសុត្តំ)
[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូល ដូច្នេះ។
[២] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើង ដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយអវិជ្ជា សេចក្តីត្រិះរិះខុសកើតឡើង ដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើតឡើង ដល់បុគ្គលមានសេចក្តីត្រិះរិះខុស ការងារខុសកើតឡើង ដល់បុគ្គលមានវាចាខុស ការចិញ្ចឹមជីវិតខុស កើតឡើង ដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើង ដល់បុគ្គលមានព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើង ដល់បុគ្គលមានការរឭកខុស។
[៣] ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជា ជាប្រធាន នៃកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើង ដល់បុគ្គលអ្នកដឹងច្បាស់ ប្រកបដោយវិជ្ជាសេចក្តីត្រិះរិះត្រូវ កើតឡើង ដល់បុគ្គលមានសេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើងដល់បុគ្គលមានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើតឡើងដល់បុគ្គលមានវាចាត្រូវ ការចិញ្ចឹមជីវិតត្រូវ កើតឡើងដល់បុគ្គលមានការងារត្រូវ ការព្យាយាមត្រូវ កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតត្រូវ ការរឭកត្រូវ កើតឡើងដល់បុគ្គល អ្នកមានព្យាយាមត្រូវ ការតាំងចិត្តមាំត្រូវ កើតឡើង ដល់បុគ្គលអ្នកមានការរឭកត្រូវ។