km:tipitaka:sut:sn:45:sut.sn.45.002



(ឧបឌ្ឍ)សូត្រ ទី២

សង្ខេប

ព្រះ​អានន្ទថា «គុណជាត​ឯណា គឺ​ការ​មាន​មិត្ត​ល្អ ការ​មាន​សំឡាញ់​ល្អ និង​ការ​មាន​ក្លើ​ល្អ គុណជាត​នេះ ចាត់​ជាពាក់​កណ្តាល នៃ​ព្រហ្មចរិយ​ធម៌។» ប៉ុន្តែ​​ព្រះ​ពុទ្ធ​ទ្រង់​បន្ទោស​​គាត់។

sn 45.002 បាលី cs-km: sut.sn.45.002 អដ្ឋកថា: sut.sn.45.002_att PTS: ?

(ឧបឌ្ឍ)សូត្រ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(២. ឧបឌ្ឍសុត្តំ)

[៤] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសក្ករនិគម របស់ពួកសក្យៈ ក្នុងដែនសក្យៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាល នៃព្រហ្មចរិយធម៌។

[៥] ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល។ ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។

[៦] ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវសម្មាសង្កប្បៈ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាវាចា។បេ។ ចំរើន នូវសម្មាកម្មន្តៈ។បេ។ ចំរើន នូវសម្មាអាជីវៈ។បេ។ ចំរើននូវសម្មាវាយាមៈ។បេ។ ចំរើន នូវសម្មាសតិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។

[៧] ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.002.txt · ពេលកែចុងក្រោយ: 2023/09/01 14:19 និពន្ឋដោយ Johann