«ចំរើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។»
sn 45.003 បាលី cs-km: sut.sn.45.003 អដ្ឋកថា: sut.sn.45.003_att PTS: ?
(សារិបុត្ត)សូត្រ ទី៣
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៣. សារិបុត្តសុត្តំ)
[៨] សាវត្ថីនិទាន។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
[៩] ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។
[១០] ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលសារីបុត្ត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។
[១១] ម្នាលសារីបុត្ត អ្នកគប្បីដឹង នូវសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រោះអាស្រ័យ នូវតថាគត ជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំកាយចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលសារីបុត្ត អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។