km:tipitaka:sut:sn:45:sut.sn.45.004



(ជាណុស្សោណិព្រាហ្មណ)សូត្រ ទី៤

សង្ខេប

ព្រហ្មយាន ជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។

sn 45.004 បាលី cs-km: sut.sn.45.004 អដ្ឋកថា: sut.sn.45.004_att PTS: ?

(ជាណុស្សោណិព្រាហ្មណ)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

អានដោយ ឧបាសិកា ស៊ុនហ៊ាង

(៤. ជាណុស្សោណិព្រាហ្មណសុត្តំ)

[១២] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះអានន្ទដ៏មានអាយុ បានឃើញព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ បររថ ទឹមមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថីទៅ ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វស។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយក៏ពោលយ៉ាងនេះថា អើហ្ម៎ប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។

[១៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញជាណុស្សោណិព្រាហ្មណ៍ បររថទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វក៏សទៀត។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ យានប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ អាចនឹងបញ្ញត្ត នូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ។

[១៤] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគត អាចនឹងបញ្ញត្តបាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ធម្មយាន ដូច្នេះក្តី ថា អនុត្តរសង្គាមវិជ័យ (ការឈ្នះសង្គ្រាម ដ៏ប្រសើរក្រៃលែង) ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។

[១៥] ម្នាលអានន្ទ សម្មាទិដ្ឋិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។

[១៦] ម្នាលអានន្ទ សម្មាសង្កប្បៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។

[១៧] ម្នាលអានន្ទ សម្មាវាចា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។

[១៨] ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។

[១៩] ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។

[២០] ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។

[២១] ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។

[២២] ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។

[២៣] ម្នាលអានន្ទ អ្នកគប្បីដឹង នូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ថាធម្មយាន ដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះរួចហើយ ក៏ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះ តទៅទៀតថា

[២៤]

ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា និងបញ្ញារបស់រថ គឺអរិយមគ្គឯណា ឯសទ្ធា ទុកជានឹម ហិរិជាចន្ទោល មនោជាខ្សែបរ សតិជាសារថីអ្នកថែរក្សា។ រថ គឺ អរិយមគ្គ (នោះ) មានសីល ជាគ្រឿងពាស មានឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា (សេចក្តីមិនលោភ) ជារនាំបាំង។ សេចក្តីមិនព្យាបាទ សេចក្តីមិនបៀតបៀន និងសេចក្តីស្ងប់ស្ងាត់ ទុកជាអាវុធ របស់កុលបុត្ត (អ្នកស្ថិតនៅក្នុងរថ គឺអរិយមគ្គ) ឯណា (កុលបុត្តនោះ) មានធម៌ គឺអធិវាសនខន្តី ជាគ្រឿងក្រោះ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ ព្រហ្មយាននេះ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួន អ្នកប្រាជ្ញទាំងឡាយ កាលមានជ័យជំនះ (នូវរាគាទិកិលេស) រមែងចេញចាកលោកបានដោយពិត។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.004.txt · ពេលកែចុងក្រោយ: 2023/07/21 12:36 និពន្ឋដោយ Cheav Villa