ព្រះបរមសាស្តា សម្តែងញែកនូវធម៌ គឺអរិយមគ្គ រាយតាមលំដាប់។
sn 45.008 បាលី cs-km: sut.sn.45.008 អដ្ឋកថា: sut.sn.45.008_att PTS: ?
(វិភង្គ)សូត្រ ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៨. វិភង្គសុត្តំ)
[៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នឹងចែក នូវមគ្គដ៏ប្រសើរ ប្រកដោយអង្គ ៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវមគ្គនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ មគ្គទាំង ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។
[៣៤] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីដឹង ក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹង ក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃទុក្ខឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាទិដ្ឋិ។
[៣៥] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តត្រិះរិះ ក្នុងការចេញចាកកាម សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀនឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសង្កប្បៈ។
[៣៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាចា។
[៣៧] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាកការប្រព្រឹត្តធម៌មិនប្រសើរឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។
[៣៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់ នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាអាជីវៈ។
[៣៩] ម្នាលភិក្ខុទាំងឡាយ សម្មាវាយាមៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈ ឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង ព្យាយាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យតាំងនៅ មិនឲ្យភ្លេចភ្លាំងទៅវិញ ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាយាមៈ។
[៤០] ម្នាលភិក្ខុទាំងឡាយ សម្មាសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសតិ។
[៤១] ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់ នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ កើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ បានដល់ នូវទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់ នូវវិតក្កៈ និងវិចារៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន សោយនូវសុខ ដោយនាមកាយ ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គល ដែលបាននូវតតិយជ្ឈាន មានចិត្ត ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏បានដល់ នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ភិក្ខុលះបង់ នូវសុខផង លះបង់ នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធិដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសមាធិ។