km:tipitaka:sut:sn:45:sut.sn.45.009



(សូក)សូត្រ ទី៩

សង្ខេប

មាន​តែ​ជំហរ​ត្រឹម​ត្រូវ ការ​យល់​ដឹង​ត្រឹម​ត្រូវ នាំ​ទៅ​រក​សេរីភាព (សម្រាប់​ព័ត៌មាន​លម្អិត​សូម​មើល មហាចត្តារីសកសូត្រ)។

sn 45.009 បាលី cs-km: sut.sn.45.009 អដ្ឋកថា: sut.sn.45.009_att PTS: ?

(សូក)សូត្រ ទី៩

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៩. សូកសុត្តំ)

[៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលគេដំកល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវគេដំកល់ទុកខុស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងអាចទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ខុស ដោយមគ្គភាវនា ដែលខ្លួនដំកល់ខុស ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ខុស ក៏យ៉ាងនោះដែរ។

[៤៣] ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលបុគ្គលដំកល់ទុកត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមានជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវ គេដំកល់ទុកត្រូវ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ ហេតុនេះ រមែងមាន ជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ត្រូវ ក៏យ៉ាងនោះដែរ។

[៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.009.txt · ពេលកែចុងក្រោយ: 2023/08/16 14:23 និពន្ឋដោយ Johann