«ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មាន ព្រះនិព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។»
sn 45.010 បាលី cs-km: sut.sn.45.010 អដ្ឋកថា: sut.sn.45.010_att PTS: ?
(នន្ទិយ)សូត្រ ទី១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១០. នន្ទិយសុត្តំ)
[៤៥] សាវត្ថីនិទាន។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មាន ព្រះនិព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុតនេះ មាន ៨ យ៉ាង។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត។
[៤៦] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ ដែលគេផ្កាប់ ឬបើកឡើង នូវរបស់ដែលបិទបាំង ពុំនោះសោត ប្រាប់ នូវផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក នឹងបានឃើញរូបទាំងឡាយ យ៉ាងណាមិញ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់ នូវព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ និងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
ចប់ អវិជ្ជាវគ្គ ទី១។
ឧទ្ទាននៃអវិជ្ជាវគ្គនោះ គឺ
និយាយអំពីអវិជ្ជា១ អំពីពាក់កណ្តាល នៃព្រហ្មចរិយៈ១ អំពីព្រះសារីបុត្ត១ អំពីជាណុស្សោណិព្រាហ្មណ៍១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីប្រយោជន៍អ្វី១ អំពីភិក្ខុមួយរូប ចូលទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ មាន២លើក អំពីព្រះដ៏មានព្រះភាគ សំដែងចែក អដ្ឋង្គិកមគ្គ១ អំពីសេចក្តីប្រៀបដូចចុង នៃស្រូវ១ អំពីនន្ទិយបរិព្វាជក១។