km:tipitaka:sut:sn:45:sut.sn.45.049



(កល្យាណមិត្ត)សូត្រ ទី១

សង្ខេប

ការ​សេព​គប់ ជាមួយ​កល្យាណ​មិត្ត​គឺជា​ប្រធាន​នៃ​ការ​រំដោះ ដូច​ជា​អរុណរះ​ក្នុង​វេលាព្រ​ហាម។

sn 45.049 បាលី cs-km: sut.sn.45.049 អដ្ឋកថា: sut.sn.45.049_att PTS: ?

(កល្យាណមិត្ត)សូត្រ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(១. កល្យាណមិត្តសុត្តំ)

[១២៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត (គ្រឿងកំណត់មុន) នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការមានមិត្តល្អ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុ ដោយប្រការយ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមានមិត្តល្អ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។

[១៣០] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្តល្អ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.049.txt · ពេលកែចុងក្រោយ: 2023/05/19 01:43 និពន្ឋដោយ Johann