ការចាប់អារម្មណ៍គួរ (យោនិសោរមនសិការៈ)…គឺជាប្រធាននៃថ្ងៃ។
sn 45.055 បាលី cs-km: sut.sn.45.055 អដ្ឋកថា: sut.sn.45.055_att PTS: ?
(យោនិសោមនសិការសម្បទា)សូត្រ ទី៧
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៣៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណ នេះជាប្រធាន នេះជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលរះឡើង។ ម្នាលភិក្ខុទាំងឡាយ ការបរិបូណ៌ ដោយយោនិសោមនសិការៈ នេះជាប្រធាន នេះជាបុព្វនិមិត្ត ប្រព្រឹត្តទៅ ដើម្បីញ៉ាំងអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យកើតឡើង ដល់ភិក្ខុដោយប្រការ យ៉ាងនេះដែរ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ដែលដល់ព្រម ដោយយោនិសោមនសិការៈ រមែងចំរើនអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។