(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 45.146 បាលី cs-km: sut.sn.45.146 អដ្ឋកថា: sut.sn.45.146_att PTS: ?
(ចន្ទិមាទិសុត្តតតិយកៈ) ទី៨-១០
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨-១០. ចន្ទិមាទិសុត្តតតិយកំ)
[២៦០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពន្លឺឯណានីមួយ នៃរូបផ្កាយទាំងឡាយ ពន្លឺទាំងអស់នោះ មិនដល់ នូវចំណិតទីដប់ប្រាំមួយ ៗ ដង នៃពន្លឺព្រះចន្ទឡើយ ពន្លឺនៃព្រះចន្ទ រមែងប្រាកដជាប្រសើរជាងពន្លឺ នៃផ្កាយទាំងនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៦១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្នុងសរទសម័យ ដែលស្រឡះ ប្រាសចាកពពក ភ្លៀង ព្រះអាទិត្យ រះត្រដែតឡើងកាន់អាកាស កំចាត់បង់នូវអាកាស ដែលងងឹតទាំងអស់ រមែងភ្លឺផង ក្តៅផង រុងរឿងផង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ (អប្បមាទធម៌) ក៏យ៉ាងនោះដែរ។បេ។
[២៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ បណ្តាសំពត់ ដែលគេត្បាញ សំពត់ឯណានីមួយ សំពត់ក្នុងដែនកាសី រមែងប្រាកដជាប្រសើរជាងសំពត់ទាំងនោះ យ៉ាងណាមិញ។។ ម្នាលភិក្ខុទាំងឡាយ កុសលធម៌ទាំងឡាយឯណានីមួយ កុសលធម៌ទាំងអស់នោះ មានអប្បមាទជាមូល មានអប្បមាទជាទីប្រជុំចុះ អប្បមាទធម៌ រមែងប្រាកដជាប្រសើរជាងធម៌ទាំងនោះ ក៏យ៉ាងនោះដែរ។ មា្នលភិក្ខុទាំងឡាយ ពាក្យថាប្រសើរនុ៎ះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលមិនប្រមាទ ភិក្ខុអ្នកមិនប្រមាទ នឹងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន។
[២៦៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអ្នកមិនប្រមាទ រមែងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ដូចពោលមក យ៉ាងនេះឯង។
ចប់ អប្បមាទវគ្គ ទី១០។
ឧទ្ទាននៃអប្បមាទវគ្គនោះ គឺ
និយាយអំពីព្រះតថាគត ប្រសើរជាងពួកសត្វ១ អំពីស្នាមជើង (សត្វ) ១ អំពីបង្កង់ផ្ទះមានកំពូល១ អំពីក្លិននៃឫស១ អំពីក្លិននៃខ្លឹម១ អំពីផ្កាម្លិះលា១ អំពីស្តេច១ អំពីព្រះចន្ទ១ ព្រះអាទិត្យ១ អំពីសំពត់១ ត្រូវជាបទគម្រប់១០។
(បណ្ឌិតគប្បីពង្រីកសេចក្តី ឲ្យពិស្តារ ត្រង់សេចក្តី ដែលនិយាយអំពីព្រះតថាគតផងចុះ)។