km:tipitaka:sut:sn:45:sut.sn.45.151



(នាគ)សូត្រ ទី៣

សង្ខេប

អ្នក​ប្រហែល​ជា​ឆ្ងល់​ថា​តើ ពូក​នាគ ក្លាយ​​ជា​​​អស្ចារ្យ​ យ៉ាង​ណា? ពួក​នាគ​មក​ពី​ភ្នំ​ពិសេស។

sn 45.151 បាលី cs-km: sut.sn.45.151 អដ្ឋកថា: sut.sn.45.151_att PTS: ?

(នាគ)សូត្រ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៣. នាគសុត្តំ)

[២៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកនាគ អាស្រ័យ នូវសេ្តចភ្នំឈ្មោះហិមពាន្ត ចំរើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចំរើនកាយ បំប៉នកម្លាំង ក្នុងទីនោះហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះចុះទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏ចុះទៅកាន់ស្ទឹងធំ លុះចុះទៅកាន់ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្ទសាគរ ពួកនាគនោះក៏ដល់នូវការធំធាត់ឡើង ដោយកាយក្នុងទីនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះឯង។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.151.txt · ពេលកែចុងក្រោយ: 2023/09/10 17:13 និពន្ឋដោយ Johann