(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 45.v01 បាលី cs-km: sut.sn.45.v01 អដ្ឋកថា: sut.sn.45.v01_att PTS: ?
អវិជ្ជាវគ្គ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(១. អវិជ្ជាវគ្គោ)
(១. អវិជ្ជាសុត្តំ)
[១] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់មានព្រះបន្ទូល ដូច្នេះ។
[២] ម្នាលភិក្ខុទាំងឡាយ អវិជ្ជា ជាប្រធាននៃអកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីមិនខ្មាសបាប និងមិនខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញខុស រមែងកើតឡើង ដល់បុគ្គលល្ងង់ខ្លៅ ប្រកបដោយអវិជ្ជា សេចក្តីត្រិះរិះខុសកើតឡើង ដល់បុគ្គលមានសេចក្តីឃើញខុស វាចាខុសកើតឡើង ដល់បុគ្គលមានសេចក្តីត្រិះរិះខុស ការងារខុសកើតឡើង ដល់បុគ្គលមានវាចាខុស ការចិញ្ចឹមជីវិតខុស កើតឡើង ដល់បុគ្គលមានការងារខុស ការព្យាយាមខុស កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតខុស ការរឭកខុស កើតឡើង ដល់បុគ្គលមានព្យាយាមខុស ការតាំងចិត្តមាំខុស កើតឡើង ដល់បុគ្គលមានការរឭកខុស។
[៣] ម្នាលភិក្ខុទំាងឡាយ ឯវិជ្ជា ជាប្រធាន នៃកុសលធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីញ៉ាំងសេចក្តីខ្មាសបាប និងសេចក្តីខ្លាចបាប ឲ្យកើតឡើងជាលំដាប់។ ម្នាលភិក្ខុទាំងឡាយ សេចក្តីឃើញត្រូវ រមែងកើតឡើង ដល់បុគ្គលអ្នកដឹងច្បាស់ ប្រកបដោយវិជ្ជាសេចក្តីត្រិះរិះត្រូវ កើតឡើង ដល់បុគ្គលមានសេចក្តីឃើញត្រូវ វាចាត្រូវ កើតឡើងដល់បុគ្គលមានសេចក្តីត្រិះរិះត្រូវ ការងារត្រូវ កើតឡើងដល់បុគ្គលមានវាចាត្រូវ ការចិញ្ចឹមជីវិតត្រូវ កើតឡើងដល់បុគ្គលមានការងារត្រូវ ការព្យាយាមត្រូវ កើតឡើង ដល់បុគ្គលមានការចិញ្ចឹមជីវិតត្រូវ ការរឭកត្រូវ កើតឡើងដល់បុគ្គល អ្នកមានព្យាយាមត្រូវ ការតាំងចិត្តមាំត្រូវ កើតឡើង ដល់បុគ្គលអ្នកមានការរឭកត្រូវ។
(២. ឧបឌ្ឍសុត្តំ)
[៤] ខ្ញុំបានស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសក្ករនិគម របស់ពួកសក្យៈ ក្នុងដែនសក្យៈ។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះ ចាត់ជាពាក់កណ្តាល នៃព្រហ្មចរិយធម៌។
[៥] ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ អ្នកកុំពោលយ៉ាងនេះឡើយ ម្នាលអានន្ទ គុណជាតឯណា គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់ជាព្រហ្មចរិយធម៌ទាំងមូល។ ម្នាលអានន្ទ ព្រហ្មចរិយធម៌នេះឯង ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។
[៦] ម្នាលអានន្ទ ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់ ចំរើននូវសម្មាសង្កប្បៈ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន នូវសម្មាវាចា។បេ។ ចំរើន នូវសម្មាកម្មន្តៈ។បេ។ ចំរើន នូវសម្មាអាជីវៈ។បេ។ ចំរើននូវសម្មាវាយាមៈ។បេ។ ចំរើន នូវសម្មាសតិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលអានន្ទ ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ ចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។
[៧] ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលអានន្ទ ព្រោះអាស្រ័យតថាគត ដែលជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលអានន្ទ អ្នកគប្បីដឹងសេចក្តីនុ៎ះដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
(៣. សារិបុត្តសុត្តំ)
[៨] សាវត្ថីនិទាន។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
[៩] ម្នាលសារីបុត្ត ប្រពៃណាស់ហើយ ម្នាលសារីបុត្ត នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រហ្មចរិយធម៌នេះ ប្រាកដដល់ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ និងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ និងធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨។
[១០] ម្នាលសារីបុត្ត ចុះភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលសារីបុត្ត ភិក្ខុមានមិត្តល្អ មានសំឡាញ់ល្អ មានក្លើល្អ តែងចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ធ្វើឲ្យច្រើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ យ៉ាងនេះឯង។
[១១] ម្នាលសារីបុត្ត អ្នកគប្បីដឹង នូវសេចក្តីនោះ ដោយបរិយាយនេះចុះថា នេះជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។ ម្នាលសារីបុត្ត ព្រោះអាស្រ័យ នូវតថាគត ជាមិត្តល្អ បានជាពួកសត្វ ដែលមានជាតិជាធម្មតា រួចស្រឡះ ចាកជាតិទៅបាន ពួកសត្វ ដែលមានជរា ជាធម្មតា រួចស្រឡះ ចាកជរាទៅបាន ពួកសត្វ ដែលមានមរណៈ ជាធម្មតា រួចស្រឡះ ចាកមរណៈទៅបាន ពួកសត្វ ដែលមានសោក ខ្សឹកខ្សួល លំបាកកាយ លំកាយចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្ត ជាធម្មតា រួចស្រឡះ ចាកសោក ខ្សឹកខ្សួល លំបាកកាយ លំបាកចិត្ត និងសេចក្តីចង្អៀតចង្អល់ចិត្តទៅបាន។ ម្នាលសារីបុត្ត អ្នកគប្បីដឹងសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា នេះហើយជាព្រហ្មចរិយធម៌ទាំងមូល គឺការមានមិត្តល្អ ការមានសំឡាញ់ល្អ និងការមានក្លើល្អ។
(៤. ជាណុស្សោណិព្រាហ្មណសុត្តំ)
[១២] សាវត្ថីនិទាន។ គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ ព្រះអានន្ទដ៏មានអាយុ បានឃើញព្រាហ្មណ៍ឈ្មោះ ជាណុស្សោណិ បររថ ទឹមមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថីទៅ ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វស។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយក៏ពោលយ៉ាងនេះថា អើហ្ម៎ប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។
[១៣] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅក្នុងក្រុងសាវត្ថី ដើម្បីបិណ្ឌបាត្រ លុះត្រឡប់មកអំពីបិណ្ឌបាតវិញ ក្នុងកាលជាខាងក្រោយនៃភត្ត ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានឃើញជាណុស្សោណិព្រាហ្មណ៍ បររថទឹមដោយមេសេះសសុទ្ធ ចេញអំពីក្រុងសាវត្ថី ជាណុស្សោណិព្រាហ្មណ៍ ទឹមសេះស មានគ្រឿងប្រដាប់ក៏ស រថក៏ស មានគ្រឿងបិទបាំងក៏ស ខ្សែក៏ស ដងជន្លួញក៏ស ឆ័ត្រក៏ស ឆ្នួតក្បាលក៏ស សំពត់ក៏ស ស្បែកជើងក៏ស គេបក់ដោយផ្លិតរោមសត្វក៏សទៀត។ ជនបានឃើញជាណុស្សោណិព្រាហ្មណ៍នោះហើយ ក៏ពោលយ៉ាងនេះថា អើហ្ម៎ យានប្រសើរពេកណាស់ អើហ្ន៎ យានមានសភាពដូចជាយានរបស់ព្រហ្ម។ បពិត្រព្រះអង្គដ៏ចំរើន ព្រះអង្គ អាចនឹងបញ្ញត្ត នូវព្រហ្មយាន ក្នុងធម្មវិន័យនេះបានដែរឬ។
[១៤] ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា ម្នាលអានន្ទ តថាគត អាចនឹងបញ្ញត្តបាន ហើយក៏ត្រាស់ថា ម្នាលអានន្ទ ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ធម្មយាន ដូច្នេះក្តី ថា អនុត្តរសង្គាមវិជ័យ (ការឈ្នះសង្គ្រាម ដ៏ប្រសើរក្រៃលែង) ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។
[១៥] ម្នាលអានន្ទ សម្មាទិដ្ឋិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៦] ម្នាលអានន្ទ សម្មាសង្កប្បៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៧] ម្នាលអានន្ទ សម្មាវាចា ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[១៨] ម្នាលអានន្ទ សម្មាកម្មន្តៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈ ជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[១៩] ម្នាលអានន្ទ សម្មាអាជីវៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។
[២០] ម្នាលអានន្ទ សម្មាវាយាមៈ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២១] ម្នាលអានន្ទ សម្មាសតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២២] ម្នាលអានន្ទ សម្មាសមាធិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈ ជាទីបំផុត មានការកំចាត់បង់ នូវមោហៈ ជាទីបំផុត។
[២៣] ម្នាលអានន្ទ អ្នកគប្បីដឹង នូវសេចក្តីនុ៎ះ ដោយបរិយាយនេះចុះថា ពាក្យថា ព្រហ្មយាន ដូច្នេះក្តី ថាធម្មយាន ដូច្នេះក្តី ថាអនុត្តរសង្គាមវិជ័យ ដូច្នេះក្តី នេះជាឈ្មោះ នៃមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះហើយ លុះព្រះសុគត ជាសាស្តា ទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះរួចហើយ ក៏ទ្រង់ត្រាស់ នូវព្រះពុទ្ធដីកានេះ តទៅទៀតថា
[២៤]
ធម៌ទាំងឡាយជាគូគ្នា គឺសទ្ធា និងបញ្ញារបស់រថ គឺអរិយមគ្គឯណា ឯសទ្ធា ទុកជានឹម ហិរិជាចន្ទោល មនោជាខ្សែបរ សតិជាសារថីអ្នកថែរក្សា។ រថ គឺ អរិយមគ្គ (នោះ) មានសីល ជាគ្រឿងពាស មានឈានជាភ្លៅ មានវិរិយៈជាកង់ មានឧបេក្ខាជាកំណល់នឹម មានអនិច្ចា (សេចក្តីមិនលោភ) ជារនាំបាំង។ សេចក្តីមិនព្យាបាទ សេចក្តីមិនបៀតបៀន និងសេចក្តីស្ងប់ស្ងាត់ ទុកជាអាវុធ របស់កុលបុត្ត (អ្នកស្ថិតនៅក្នុងរថ គឺអរិយមគ្គ) ឯណា (កុលបុត្តនោះ) មានធម៌ គឺអធិវាសនខន្តី ជាគ្រឿងក្រោះ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន ជាទីក្សេមចាកយោគៈ។ ព្រហ្មយាននេះ រកគុណជាតដទៃ ក្រៃលែងជាងគ្មាន កើតព្រមក្នុងខ្លួន អ្នកប្រាជ្ញទាំងឡាយ កាលមានជ័យជំនះ (នូវរាគាទិកិលេស) រមែងចេញចាកលោកបានដោយពិត។
(៥. កិមត្ថិយសុត្តំ)
[២៥] សាវត្ថីនិទាន។ គ្រានោះ ពួកភិក្ខុច្រើនរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ពួកអន្យតិរ្ថិយបរិព្វាជក សួរខ្ញុំព្រះអង្គទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកលោកនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុង សំណាក់ព្រះសមណគោតម ដើម្បីប្រយោជន៍អ្វី។ បពិត្រព្រះអង្គដ៏ចំរើន កាលបើពួកអន្យតិរ្ថិយបរិព្វាជក សួរយ៉ាងនេះហើយ ខ្ញុំព្រះអង្គទាំងឡាយ ក៏ដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ពួកយើងនៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះដ៏មានព្រះភាគ ដើម្បីកំណត់ដឹង នូវទុក្ខ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទាំងឡាយ កាលបើគេសួរ យ៉ាងនេះហើយ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហើយផង មិនពោលបង្កាច់ព្រះដ៏មានព្រះភាគ ដោយពាក្យមិនពិតផង ដោះស្រាយ នូវធម៌ តាមសមគួរដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់ នូវហេតុ ដែលបណ្ឌិតគប្បីតិះដៀលផងទេឬ។
[២៦] ម្នាលភិក្ខុទាំងឡាយ អើ កាលបើគេសួរ យ៉ាងនេះហើយ អ្នកទាំងឡាយ ដោះស្រាយយ៉ាងនេះ ឈ្មោះថា ពោលតាមពាក្យ ដែលតថាគត ពោលហើយផង មិនឈ្មោះថា ពោលបង្កាច់តថាគត ដោយពាក្យមិនពិតផង ដោះស្រាយ នូវធម៌ តាមសមគួរ ដល់ធម៌ផង ទាំងពាក្យពោលធំតូចនីមួយ ដែលប្រកបដោយធម៌ ក៏មិនដល់នូវហេតុដែលបណ្ឌិតគប្បីតិះដៀលផងទេ ព្រោះអ្នកទាំងឡាយ នៅប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ដើម្បីកំណត់នូវទុក្ខពិត។
[២៧] ម្នាលភិក្ខុទំាងឡាយ បើពួកអន្យតិរ្ថិយបរិព្វាជក សួរអ្នកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចុះមគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ មានដែរឬ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ មគ្គ និងបដិបទា ប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ មានដែរ។
[២៨] ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ។ គឺមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាមគ្គ នេះជាបដិបទា ដែលប្រព្រឹត្តទៅ ដើម្បីកំណត់ដឹង នូវទុក្ខនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ កាលបើពួកអន្យតិរិ្ថយបរិព្វាជក សួរយ៉ាងនេះហើយ អ្នកទាំងឡាយ គប្បីដោះស្រាយ ដល់ពួកអន្យតិរ្ថិយបរិព្វាជកទាំងនោះ យ៉ាងនេះចុះ។
(៦. បឋមអញ្ញតរភិក្ខុសុត្តំ)
[២៩] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ កា្របថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនោះ អង្គុក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើនព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។
[៣០] ម្នាលភិក្ខុ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុ ការអស់ទៅ នៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត នៃព្រហ្មចរិយៈ។
(៧. ទុតិយអញ្ញតរភិក្ខុសុត្តំ)
[៣១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ ការកំចាត់បង់ នូវមោហៈ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ចុះពាក្យថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ ការកំចាត់បង់ នូវមោហៈនុ៎ះ ជាឈ្មោះនៃអ្វីហ្ន៎។ ម្នាលភិក្ខុ ពាក្យថា ការកំចាត់បង់ នូវរាគៈ ការកំចាត់បង់ នូវទោសៈ និងការកំចាត់បង់ នូវមោហៈនុ៎ះ ជាឈ្មោះ នៃនិព្វានធាតុ។ ព្រោះហេតុនោះ ទើបហៅថា ការអស់ទៅ នៃអាសវៈទាំងឡាយ។
[៣២] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ភិក្ខុនោះ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា អមតៈ អមតៈ (មិនស្លាប់ មិនស្លាប់) ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន អមតៈ តើដូចម្តេច ផ្លូវជាដំណើរទៅកាន់អមតៈ តើដូចម្តេច។ ម្នាលភិក្ខុ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា អមតៈ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ជាផ្លូវ ដំណើរទៅកាន់អមតៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។
(៨. វិភង្គសុត្តំ)
[៣៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នឹងចែក នូវមគ្គដ៏ប្រសើរ ប្រកដោយអង្គ ៨ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរប្រុងស្តាប់ នូវមគ្គនោះ ចូរធ្វើទុកក្នុងចិត្ត ដោយប្រពៃចុះ តថាគត នឹងសំដែង។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ មគ្គទាំង ៨ គឺអ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។
[៣៤] ម្នាលភិក្ខុទាំងឡាយ សម្មាទិដ្ឋិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តីដឹង ក្នុងទុក្ខ សេចក្តីដឹងក្នុងហេតុ ជាទីកើតឡើងនៃទុក្ខ សេចក្តីដឹងក្នុងការរលត់នៃទុក្ខ សេចក្តីដឹង ក្នុងបដិបទា ជាដំណើរទៅកាន់ទីរលត់ នៃទុក្ខឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាទិដ្ឋិ។
[៣៥] ម្នាលភិក្ខុទាំងឡាយ សម្មាសង្កប្បៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សេចក្តត្រិះរិះ ក្នុងការចេញចាកកាម សេចក្តីត្រិះរិះ ក្នុងការមិនព្យាបាទ សេចក្តីត្រិះរិះក្នុងការមិនបៀតបៀនឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសង្កប្បៈ។
[៣៦] ម្នាលភិក្ខុទាំងឡាយ សម្មាវាចា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការនិយាយកុហក ចេតនាវៀរចាកការនិយាយញុះញង់ ចេតនាវៀរចាកការនិយាយទ្រគោះ ចេតនាវៀរចាកការនិយាយរោយរាយឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាចា។
[៣៧] ម្នាលភិក្ខុទាំងឡាយ សម្មាកម្មន្តៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចេតនាវៀរចាកការសម្លាប់សត្វ ចេតនាវៀរចាកការលួចទ្រព្យគេ ចេតនាវៀរចាកការប្រព្រឹត្តធម៌មិនប្រសើរឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាកម្មន្តៈ។
[៣៨] ម្នាលភិក្ខុទាំងឡាយ សម្មាអាជីវៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ លះបង់ នូវការចិញ្ចឹមជីវិតខុស សម្រេចការចិញ្ចឹមជីវិតដោយការចិញ្ចឹមជីវិតត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាអាជីវៈ។
[៣៩] ម្នាលភិក្ខុទាំងឡាយ សម្មាវាយាមៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ញ៉ាំងឆន្ទៈ ឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំង ព្យាយាមមាំ ដើម្បីញ៉ាំងពួកអកុសលធម៌ ដ៏លាមក ដែលមិនទាន់កើត មិនឲ្យកើតឡើងបាន ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធ ព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់ នូវពួកអកុសលធម៌ ដ៏លាមក ដែលកើតឡើងហើយ ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងកុសលធម៌ ដែលមិនទាន់កើត ឲ្យកើតឡើង ញ៉ាំងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធព្យាយាម ផ្គងចិត្តទុក តាំងព្យាយាមមាំ ដើម្បីញ៉ាំងពួកកុសលធម៌ ដែលកើតឡើងហើយ ឲ្យតាំងនៅ មិនឲ្យភ្លេចភ្លាំងទៅវិញ ឲ្យចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាវាយាមៈ។
[៤០] ម្នាលភិក្ខុទាំងឡាយ សម្មាសតិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ ពិចារណាឃើញរឿយៗ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសតិ។
[៤១] ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ បានដល់ នូវបឋមជ្ឈាន ប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ មានតែបីតិ និងសុខ កើតអំពីវិវេក ហើយសម្រេចសម្រាន្តនៅ បានដល់ នូវទុតិយជ្ឈាន ជាធម្មជាតិកើតមាន ក្នុងសន្តានចិត្ត ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់ នូវវិតក្កៈ និងវិចារៈ ហើយសម្រេចសម្រាន្តនៅ ភិក្ខុមានចិត្តនឿយណាយ ចាកបីតិ ប្រកបដោយឧបេក្ខា មានស្មារតីដឹងខ្លួន សោយនូវសុខ ដោយនាមកាយ ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា បុគ្គល ដែលបាននូវតតិយជ្ឈាន មានចិត្ត ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏បានដល់ នូវតតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ ភិក្ខុលះបង់ នូវសុខផង លះបង់ នូវទុក្ខផង មានសោមនស្ស និងទោមនស្សអស់ហើយ ក្នុងកាលមុន ក៏បានដល់នូវចតុត្ថជ្ឈាន ដែលមិនមានទុក្ខ មិនមានសុខ មានតែសតិ ដ៏បរិសុទ្ធិដែលកើតអំពីឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សម្មាសមាធិ។
(៩. សូកសុត្តំ)
[៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលគេដំកល់ទុកខុស នឹងមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវគេដំកល់ទុកខុស យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងអាចទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ខុស ដោយមគ្គភាវនា ដែលខ្លួនដំកល់ខុស ហេតុនេះ រមែងមិនមានឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ខុស ក៏យ៉ាងនោះដែរ។
[៤៣] ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រូវខ្សាយ ឬចុងស្រូវដំណើប ដែលបុគ្គលដំកល់ទុកត្រូវ នឹងអាចមុតដៃ ឬជើង ឬនឹងញ៉ាំងឈាម ឲ្យកើតឡើងបាន ដល់បុគ្គល ដែលច្រត់ដោយដៃ ឬជាន់ដោយជើង ហេតុនេះ រមែងមានជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចុងនៃស្រូវ គេដំកល់ទុកត្រូវ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះ នឹងទំលាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជាឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វានបាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ ហេតុនេះ រមែងមាន ជាប្រាកដ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ទិដ្ឋិដែលភិក្ខុនោះ ដំកល់ត្រូវ ក៏យ៉ាងនោះដែរ។
[៤៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងបានធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវសេចក្តីស្ងាត់ អាស្រ័យ នូវសេចក្តីនឿយណាយ អាស្រ័យ នូវសេចក្តីរលត់ មានកិរិយាបង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនឹងទំលាយ នូវអវិជ្ជា ញ៉ាំងវិជ្ជា ឲ្យកើតឡើង នឹងធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ដោយទិដ្ឋិ ដែលខ្លួនដំកល់ត្រូវ ដោយមគ្គភាវនា ដែលខ្លួនដំកល់ត្រូវ យ៉ាងនេះឯង។
(១០. នន្ទិយសុត្តំ)
[៤៥] សាវត្ថីនិទាន។ គ្រានោះ នន្ទិយបរិព្វាជក ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ទៅរកព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះនន្ទិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅ ក្នុងខាងមុខ មាន ព្រះនិព្វាន ជាទីបំផុត មានប៉ុន្មានហ្ន៎។ ម្នាលនន្ទិយៈ ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វានជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុតនេះ មាន ៨ យ៉ាង។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលនន្ទិយៈ ធម៌ទាំង ៨ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ជាធម៌មានដំណើរទៅកាន់ព្រះនិព្វាន មានព្រះនិព្វាន ជាទីប្រព្រឹត្តទៅខាងមុខ មានព្រះនិព្វាន ជាទីបំផុត។
[៤៦] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះហើយ នន្ទិយៈបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ដូចបុគ្គលផ្ងារឡើង នូវរបស់ ដែលគេផ្កាប់ ឬបើកឡើង នូវរបស់ដែលបិទបាំង ពុំនោះសោត ប្រាប់ នូវផ្លូវ ដល់អ្នកវង្វេងផ្លូវ ឬទ្រោលប្រទីបប្រេង បំភ្លឺក្នុងទីងងឹត ដោយគិតថា បុរសអ្នកមានភ្នែក នឹងបានឃើញរូបទាំងឡាយ យ៉ាងណាមិញ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់សំដែងហើយ ដោយអនេកបរិយាយ ក៏យ៉ាងនោះឯង ខ្ញុំព្រះអង្គ សូមដល់ នូវព្រះគោតមដ៏ចំរើន ទាំងព្រះធម៌ និងព្រះភិក្ខុសង្ឃ ជាទីពឹង ទីរឭក សូមព្រះគោតមដ៏ចំរើន ចាំទុក នូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត តាំងអំពីថ្ងៃនេះ ជាដើមទៅ។
ចប់ អវិជ្ជាវគ្គ ទី១។
ឧទ្ទាននៃអវិជ្ជាវគ្គនោះ គឺ
និយាយអំពីអវិជ្ជា១ អំពីពាក់កណ្តាល នៃព្រហ្មចរិយៈ១ អំពីព្រះសារីបុត្ត១ អំពីជាណុស្សោណិព្រាហ្មណ៍១ អំពីការប្រព្រឹត្តិព្រហ្មចរិយៈ ដើម្បីប្រយោជន៍អ្វី១ អំពីភិក្ខុមួយរូប ចូលទៅក្រាបបង្គំទូលព្រះដ៏មានព្រះភាគ មាន២លើក អំពីព្រះដ៏មានព្រះភាគ សំដែងចែក អដ្ឋង្គិកមគ្គ១ អំពីសេចក្តីប្រៀបដូចចុង នៃស្រូវ១ អំពីនន្ទិយបរិព្វាជក១។