(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 45.v02 បាលី cs-km: sut.sn.45.v02 អដ្ឋកថា: sut.sn.45.v02_att PTS: ?
វិហារវគ្គ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. វិហារវគ្គោ)
(១. បឋមវិហារសុត្តំ)
[៤៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់អស់កន្លះខែ អ្នកណាកុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំ នូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។
[៤៨] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លងកាលកន្លះខែនោះហើយ ក៏ទ្រង់ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគត បានត្រាស់ដឹងជាដំបូង ដោយធម៌ ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅដោយចំណែក នៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយ អារម្មណ៍ ព្រោះមិច្ឆាទិដ្ឋិ ជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិ ជាបច្ច័យក៏មាន។បេ។ ការសោយអារម្មណ៍ ព្រោះមិច្ឆាសមាធិជាបច្ច័យ ក៏មាន ការសោយអារម្មណ៍ព្រោះសម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ព្រោះមិនសម្រេចនោះជាបច្ច័យក៏មាន។
(២. ទុតិយវិហារសុត្តំ)
[៤៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតប្រាថ្នាដើម្បីសម្ងំនៅក្នុងទីស្ងាត់ អស់៣ខែ អ្នកណាមួយ កុំគប្បីចូលទៅរកតថាគតឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំ នូវចង្ហាន់បិណ្ឌបាតទៅ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ អ្នកណាមួយ ក៏មិនហ៊ានចូលទៅគាល់ព្រះដ៏មានព្រះភាគ ក្នុងទីនោះឡើយ វៀរលែងតែភិក្ខុមួយរូប អ្នកនាំនូវចង្ហាន់បិណ្ឌបាតទៅ។
[៥០] គ្រានោះ ព្រះដ៏មានព្រះភាគ លុះកន្លង៣ខែនោះហើយ ក៏ចេញចាកទីស្ងាត់ ហើយត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ តថាគតបានត្រាស់ដឹងជាដំបូង ដោយធម៌ជាគ្រឿងនៅឯណា តថាគត ក៏បានសម្រេចសម្រាន្តនៅ ដោយចំណែកនៃធម៌ ជាគ្រឿងនៅនោះ តថាគត ដឹងច្បាស់យ៉ាងនេះថា ការសោយអារម្មណ៍ព្រោះមិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាទិដ្ឋិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាទិដ្ឋិជាបច្ច័យក៏ មាន។បេ។ ការសោយអារម្មណ៍ព្រោះមិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់មិច្ឆាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សម្មាសមាធិជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់ឆន្ទៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះវិតក្កៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់វិតក្កៈជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះសញ្ញាជាបច្ច័យក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់សញ្ញាជាបច្ច័យក៏មាន ឆន្ទៈមិនរម្ងាប់ក៏មាន វិតក្កៈមិនរម្ងាប់ក៏មាន សញ្ញាមិនរម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះមិនរម្ងាប់នោះជាបច្ច័យក៏មាន ឆន្ទៈរម្ងាប់ក៏មាន វិតក្កៈរម្ងាប់ក៏មាន សញ្ញារម្ងាប់ក៏មាន ការសោយអារម្មណ៍ព្រោះរម្ងាប់នោះជាបច្ច័យក៏មាន សេចក្តីព្យាយាម ប្រព្រឹត្តទៅ ដើម្បីដល់ នូវគុណវិសេស ដែលមិនទាន់បានដល់ក៏មាន កាលបើហេតុនោះមិនទាន់សម្រេចហើយ ការសោយអារម្មណ៍ ព្រោះហេតុមិនសម្រេចនោះ ជាបច្ច័យ ក៏មាន។
(៣. សេក្ខសុត្តំ)
[៥១] សាវត្ថីនិទាន។ គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា សេក្ខៈ សេក្ខៈ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលឈ្មោះថា សេក្ខៈនោះ ដោយហេតុប៉ុន្មានយ៉ាង។ ម្នាលភិក្ខុ ភិក្ខុក្នុងសាសនានេះ ប្រកបដោយសេក្ខសម្មាទិដ្ឋិ។បេ។ ប្រកបដោយសេក្ខសម្មាសមាធិ។ ម្នាលភិក្ខុ ដែលឈ្មោះថាសេក្ខៈ ដោយហេតុប៉ុណ្ណេះឯង។
(៤. បឋមឧប្បាទសុត្តំ)
[៥២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដនៃព្រះតថាគត ជាអរហន្ត សម្មាសម្ពុទ្ធទេ។
(៥. ទុតិយឧប្បាទសុត្តំ)
[៥៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។
(៦. បឋមបរិសុទ្ធសុត្តំ)
[៥៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិ ផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីការកើតប្រាកដ នៃព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធទេ។
(៧. ទុតិយបរិសុទ្ធសុត្តំ)
[៥៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបរិសុទ្ធិផូរផង់ មិនមានទីទួល គឺកិលេស ប្រាសចាកឧបក្កិលេសហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មិនមែនកើតឡើង ក្រៅអំពីវិន័យព្រះសុគតទេ។
(៨. បឋមកុក្កុដារាមសុត្តំ)
[៥៦] សាវត្ថីនិទាន។ ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីពួនសម្ងំ ក្នុងវេលាសាយណ្ហសម័យ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើ នូវសេចក្តីរីករាយ ជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងប្រស្នា របស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យថាគេតែងនិយាយថា អព្រហ្មចរិយៈ អព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ អព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មិច្ឆាមគ្គ ប្រកបដោយអង្គ ៨ នេះឯង ហៅថា អព្រហ្មចរិយៈ។ មិច្ឆាមគ្គ ទាំង ៨ តើដូចម្តេច។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។
(៩. ទុតិយកុក្កុដារាមសុត្តំ)
[៥៧] បាដលិបុត្តនិទាន។បេ។ ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោអានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលអាវុសោ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុតរបស់ព្រហ្មចរិយៈ។
(១០. តតិយកុក្កុដារាមសុត្តំ)
[៥៨] បាដលិបុត្តនិទាន។ ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេច ព្រហ្មចារី (បុគ្គលអ្នកប្រព្រឹត្ត នូវធម៌ដ៏ប្រសើរ) តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលអាវុសោភទ្ទៈ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលអាវុសោភទ្ទៈ ការស្វែងរកប្រស្នារបស់អ្នក ល្អពេកណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏មានទំនងល្អ ម្នាលអាវុសោភទ្ទៈ ព្រោះថា អ្នកសួរយ៉ាងនេះថា ម្នាលអាវុសោ អានន្ទ ពាក្យគេតែងនិយាយថា ព្រហ្មចរិយៈ ព្រហ្មចរិយៈ ដូច្នេះ ម្នាលអាវុសោ ព្រហ្មចរិយៈ តើដូចម្តេចព្រហ្មចារី តើដូចម្តេច ទីបំផុតរបស់ព្រហ្មចរិយៈ តើដូចម្តេច។ យ៉ាងនេះហើយ អាវុសោ។ ម្នាលអាវុសោ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ នេះឯង ហៅថា ព្រហ្មចរិយៈ។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលអាវុសោ បុគ្គលឯណា ប្រកបដោយមគ្គ ដ៏ប្រសើរ មានដោយអង្គ ៨ នេះ បុគ្គលនេះ ហៅថា ព្រហ្មចារី។ ម្នាលអាវុសោ ការអស់ទៅនៃរាគៈ ការអស់ទៅនៃទោសៈ ការអស់ទៅនៃមោហៈឯណា នេះហៅថា ទីបំផុត របស់ព្រហ្មចរិយៈ។ ក្នុងសូត្រ៣នេះ មាននិទានតែមួយ។
ចប់ វិហារវគ្គ ទី២។
ឧទ្ទាននៃវិហារវគ្គនោះ គឺ
និយាយអំពីវិហារធម៌របស់ព្រះដ៏មានព្រះភាគ មាន២លើក អំពីសេក្ខៈ១ អំពីធម៌ ៨ យ៉ាង ដែលបុគ្គលចំរើនឲ្យច្រើនហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើង មាន២លើក និយាយអំពីធម៌ ៨ យ៉ាង ដែលបរិសុទ្ធិ មាន២លើក អំពីធម៌ ដែលព្រះភទ្ទៈដ៏មានអាយុ សួរព្រះអានន្ទ ក្នុងកុក្កុដារាម មាន៣លើក។