km:tipitaka:sut:sn:45:sut.sn.45.v03



មិច្ឆត្តវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 45.v03 បាលី cs-km: sut.sn.45.v03 អដ្ឋកថា: sut.sn.45.v03_att PTS: ?

មិច្ឆត្តវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. មិច្ឆត្តវគ្គោ)

(មិច្ឆត្ត)សូត្រ ទី១

(១. មិច្ឆត្តសុត្តំ)

[៥៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែង នូវភាវៈខុសផង នូវភាវៈត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។

[៦០] ម្នាលភិក្ខុទាំងឡាយ ភាវៈខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈខុស។

[៦១] ភាវៈត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ភាវៈត្រូវ។

(អកុសលធម្ម)សូត្រ ទី២

(២. អកុសលធម្មសុត្តំ)

[៦២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត នឹងសំដែងនូវធម៌ ជាអកុសលផង នូវធម៌ជាកុសលផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្ដាប់នូវធម៌នោះចុះ។

[៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ជាអកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាអកុសល។

[៦៤] ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ជាកុសល។

(បឋមបដិបទា)សូត្រ ទី៣

(៣. បឋមបដិបទាសុត្តំ)

[៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវបដិបទាខុសផង នូវបដិបទាត្រូវផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវបដិបទានោះចុះ។

[៦៦] ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុងទាំងឡាយ នេះហៅថា បដិបទាខុស។

[៦៧] ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាត្រូវ។

(ទុតិយបដិបទា)សូត្រ ទី៤

(៤. ទុតិយបដិបទាសុត្តំ)

[៦៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់គ្រហស្ថក្តី របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចបាន ព្រោះហេតុនៃអធិករណ៍ គឺប្រតិបត្តិខុសទេ។ ម្នាលភិក្ខុទាំងឡាយ បដិបទាខុស តើដូចម្តេច។ អ្វីខ្លះ។ គឺមិច្ឆាទិដ្ឋិ១។បេ។ មិច្ឆាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាខុស។ ម្នាលភិក្ខុទាំងឡាយ តថាគត មិនសរសើរបដិបទាខុស របស់គ្រហស្ថក្តី របស់បព្វជិតក្តីទេ។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិខុសហើយ រមែងមិនញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចបាន ព្រោះហេតុនៃអធិករណ៍ គឺប្រតិបត្តិខុសទេ។

[៦៩] ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរតែបដិបទាត្រូវ របស់គ្រហស្ថក្តី របស់បព្វជិតក្តី។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ រមែងញ៉ាំងធម៌ ដែលបណ្ឌិគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចទៅបាន ព្រោះហេតុនៃអធិករណ៍ គឺសេចក្តីប្រតិបត្តិត្រូវ។ ម្នាលភិក្ខុទាំងឡាយ បដិបទាត្រូវ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទាត្រូវ។ ម្នាលភិក្ខុទាំងឡាយ តថាគត សរសើរតែបដិបទាត្រូវ របស់គ្រហស្ថក្តី របស់បព្វជិតក្តី។ ម្នាលភិក្ខុទាំងឡាយ គ្រហស្ថក្តី បព្វជិតក្តី តែប្រតិបត្តិត្រូវហើយ រមែងញ៉ាំងធម៌ ដែលបណ្ឌិតគប្បីដឹង គឺអរិយមគ្គ ជាកុសល ឲ្យសម្រេចទៅបាន ព្រោះហេតុនៃអធិករណ៍ គឺសេចក្តីប្រតិបត្តិត្រូវ។

(បឋមអសប្បុរិស)សូត្រ ទី៥

(៥. បឋមអសប្បុរិសសុត្តំ)

[៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអសប្បុរសផង នូវសប្បុរសផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[៧១] ម្នាលភិក្ខុទាំងឡាយ អសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស ត្រិះរិះខុស និយាយខុស ធ្វើការងារខុស ចិញ្ចឹមជីវិតខុស ព្យាយាមខុស រឭកខុស ដំកល់ចិត្តខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។

[៧២] ម្នាលភិក្ខុទាំងឡាយ សប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ ត្រិះរិះត្រូវ និយាយត្រូវ ធ្វើការងារត្រូវ ចិញ្ចឹមជីវិតត្រូវ ព្យាយាមត្រូវ រឭកត្រូវ ដំកល់ចិត្តត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសប្បុរស។

(ទុតិយអសប្បុរិស)សូត្រ ទី៦

(៦. ទុតិយអសប្បុរិសសុត្តំ)

[៧៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអសប្បុរសផង នូវអសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសប្បុរសផង នូវសប្បុរសដ៏លើសជាងសប្បុរសទៅទៀតផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[៧៤] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស។

[៧៥] ម្នាលភិក្ខុទាំងឡាយ ចុះអសប្បុរសដ៏លើសជាងអសប្បុរសទៅទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស។បេ។ ដំកល់ចិត្តមាំខុស មានសេចក្តីដឹងខុស មានចិត្តរួចស្រឡះខុស។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អសប្បុរស ដ៏លើសជាងអសប្បុរសទៅទៀត។

[៧៦] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស។

[៧៧] ម្នាលភិក្ខុទាំងឡាយ ចុះសប្បុរសដ៏លើសជាងសប្បុរសទៅទៀត តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ។បេ។ ដំកល់ចិត្តមាំត្រូវ មានសេចក្តីដឹងត្រូវ មានចិត្តរួចស្រឡះត្រូវ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សប្បុរស ដ៏លើសជាងសប្បុរសទៅទៀត។

(កុម្ភ)សូត្រ ទី៧

(៧. កុម្ភសុត្តំ)

[៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចក្អមដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។

[៧៩] ម្នាលភិក្ខុទាំងឡាយ ចុះរង្វេលទ្រនៃចិត្ត តើដូចម្តេច។ គឺមគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គទាំង ៨ តើដូចម្តេច។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ នេះហៅថា រង្វេលទ្រចិត្ត។

[៨០] ម្នាលភិក្ខុទាំងឡាយ ដូចក្អមមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលមានរង្វេលទ្រ តែងបង្វិលបានដោយលំបាក យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ចិត្តដែលមិនមានរង្វេលទ្រ តែងបង្វិលបានដោយងាយ ដែលប្រកបដោយរង្វេលទ្រ តែងបង្វិលបានដោយលំបាក ក៏យ៉ាងនោះឯង។

(សមាធិ)សូត្រ ទី៨

(៨. សមាធិសុត្តំ)

[៨១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកបដោយបរិក្ខារ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវធម៌នោះចុះ។

[៨២] ម្នាលភិក្ខុទាំងឡាយ ចុះអរិយសម្មាសមាធិ ប្រកបដោយបច្ច័យ ប្រកបដោយបរិក្ខារ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។

[៨៣] ម្នាលភិក្ខុទាំងឡាយ ភាវៈនៃចិត្តមានអារម្មណ៍តែមួយ ដែលប្រកបដោយបរិក្ខារ ដោយអង្គទាំង៧នេះឯង ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសម្មាសមាធិ ប្រកបដោយបច្ច័យផង ប្រកបដោយបរិក្ខារផង។

(វេទនា)សូត្រ ទី៩

(៩. វេទនាសុត្តំ)

[៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន៣យ៉ាង។ វេទនា៣ តើដូចម្តេច។ គឺវេទនាជាសុខ១ វេទនាជាទុក្ខ១ វេទនាមិនជាទុក្ខមិនជាសុខ១។ ម្នាលភិក្ខុទាំងឡាយ វេទនា មាន៣យ៉ាងនេះឯង។

[៨៥] ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីចំរើន នូវមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីកំណត់ដឹង នូវវេទនា ទាំង៣នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលគប្បីចំរើន នូវមគ្គ ដ៏ប្រសើរ ប្រកបដោយង្គ ៨ ដើម្បីកំណត់ដឹង នូវវេទនា ទាំង៣នេះឯង។

(ឧត្តិយ)សូត្រ ទី១០

(១០. ឧត្តិយសុត្តំ)

[៨៦] សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះព្រះឧត្តិយដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ នៅក្នុងទីស្ងាត់ សម្ងំនៅតែម្នាក់ឯង កើតចិត្តត្រិះរិះ យ៉ាងនេះថា កាមគុណ ៥យ៉ាង ព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ។ កាមគុណ ទាំង៥ ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ តើដូចម្តេច។

[៨៧] ម្នាលឧត្តិយ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលឧតិ្តយ កាមគុណ ទាំង៥ នេះឯង ដែលតថាគត បានសំដែងហើយ។ កាមគុណ ទាំង៥ តើដូចម្តេច។ គឺរូប ដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក១។ សំឡេង ដែលគប្បីដឹង ដោយត្រចៀក១។ ក្លិនដែលគប្បីដឹង ដោយច្រមុះ១។ រសដែលគប្បីដឹង ដោយអណ្តាត១។ ផ្សព្វដែលគប្បីដឹង ដោយកាយ ជាទីប្រាថ្នា ជាត្រេកអរ ជាទីគាប់ចិត្ត ជាទីស្រឡាញ់ ប្រកបដោយកាម គួរជាទីតម្រេក១។ ម្នាលឧត្តិយ កាមគុណ ទាំង៥នេះឯង ដែលតថាគតសំដែងហើយ។

[៨៨] ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់ នូវកាមគុណ ទាំង៥នេះ។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសម្មាទិដ្ឋិ១។បេ។ សម្មាសមាធិ១។ ម្នាលឧត្តិយ បុគ្គលគប្បីចំរើនមគ្គ ដ៏ប្រសើរ ប្រកបដោយអង្គ ៨ ដើម្បីលះបង់ នូវកាមគុណ ទាំង៥នេះឯង។

ចប់ មិច្ឆត្តវគ្គ ទី៣។

ឧទ្ទាននៃមិច្ឆត្តវគ្គនោះ គឺ

និយាយអំពីមិច្ឆត្ត១ អំពីអកុសលធម៌១ អំពីបដិបទា មាន២លើក អំពីអសប្បុរស មាន២លើក អំពីចិត្តប្រៀបដូចក្អម១ អំពីអរិយសម្មាសមាធិ១ អំពីវេទនា១ អំពីព្រះឧត្តិយដ៏មានអាយុ១។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann