km:tipitaka:sut:sn:45:sut.sn.45.v04



បដិបត្តិវគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 45.v04 បាលី cs-km: sut.sn.45.v04 អដ្ឋកថា: sut.sn.45.v04_att PTS: ?

បដិបត្តិវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. បដិបត្តិវគ្គោ)

(បឋមបដិបត្តិ)សូត្រ ទី១

(១. បឋមបដិបត្តិសុត្តំ)

[៨៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងសេចក្តីប្រតិបត្តិខុស និងសេចក្តីប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។

[៩០] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិខុស តើដូចម្តេច។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញខុស១។បេ។ សេចក្តីតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសេចក្តីប្រតិបត្តិខុស។

[៩១] ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីប្រតិបត្តិត្រូវ តើដូចម្តេច។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថាសេចក្តីប្រតិបត្តិត្រូវ។

(ទុតិយបដិបត្តិ)សូត្រ ទី២

(២. ទុតិយបដិបត្តិសុត្តំ)

[៩២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងបុគ្គល អ្នកប្រតិបត្តិខុស និងបុគ្គលអ្នកប្រតិបត្តិត្រូវ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវដំណើរបុគ្គលនោះចុះ។

[៩៣] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិខុស តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញខុស១។បេ។ ជាអ្នកតាំងចិត្តខុស១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុគ្គលអ្នកប្រតិបត្តិខុស។

[៩៤] ម្នាលភិក្ខុទាំងឡាយ ចុះបុគ្គលអ្នកប្រតិបត្តិត្រូវ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលពួកខ្លះ ក្នុងលោកនេះ ជាអ្នកឃើញត្រូវ១។បេ។ ជាអ្នកតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អ្នកប្រតិបត្តិត្រូវ។

(វិរទ្ធ)សូត្រ ទី៣

(៣. វិរទ្ធសុត្តំ)

[៩៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតីដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះបង់ដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខដោយប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធហើយដែរ។

[៩៦] ម្នាលភិក្ខុទាំងឡាយ ចុះអរិយមគ្គ ប្រកបដោយអង្គ ៨ តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ លះបង់ហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏លះបង់ហើយដែរ។ ម្នាលភិក្ខុទាំងឡាយ អរិយមគ្គ ប្រកបដោយអង្គ ៨ ដែលបុគ្គលទាំងឡាយឯណានីមួយ ប្រារព្ធហើយ អរិយមគ្គ ប្រកបដោយអង្គ ៨ មានប្រក្រតី ដល់នូវការអស់ទៅ នៃកងទុក្ខ ដោយប្រពៃ បុគ្គលទាំងនោះ ក៏ឈ្មោះថា ប្រារព្ធហើយដែរ។

(បារង្គម)សូត្រ ទី៤

(៤. បារង្គមសុត្តំ)

[៩៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទំាងឡាយ ធម៌ទាំង ៨ យ៉ាងនេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ធម៌ទាំង ៨ យ៉ាង តើដូចម្តេច។ អ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ធម៌ទាំង ៨ យ៉ាងនេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីចេញចាកវដ្ត ទៅកាន់ព្រះនិព្វាន។ ព្រះដ៏មានព្រះភាគ បានត្រាស់នូវព្រះពុទ្ធដីកានេះហើយ ព្រះសុគត លុះត្រាស់នូវព្រះពុទ្ធដីកានេះហើយ លំដាប់នោះ ព្រះសាស្តា ទើបទ្រង់ត្រាស់ នូវព្រះពុទ្ធដីការនេះ តទៅទៀតថា។

[៩៨]

ក្នុងពួកមនុស្ស ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានប្រមាណតិចទេ ចំណែកពួកសត្វដទៃ ក្រៅពីនេះ តែងសសៀរទៅតាមច្រាំង (វដ្តសង្សារ)។ មួយទៀត ពួកជនណា មានប្រក្រតីប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត ត្រាស់ប្រពៃហើយ ពួកជននោះ នឹង (ឆ្លង) នូវវដ្តៈ ជាលំនៅនៃមច្ចុ ដែលឆ្លងបានដោយកម្រក្រៃពេក ហើយដល់នូវត្រើយ គឺព្រះនិព្វាន។ បណ្ឌិត គប្បីលះធម៌ខ្មៅ ញ៉ាំងធម៌ស ឲ្យចំរើន ហើយគប្បីចេញចាកអាល័យ គឺវដ្តៈ អាស្រ័យព្រះនិព្វាន ដែលមិនមានអាល័យ គួរលះកាមទាំងឡាយចេញ ហើយជាអ្នកមិនមានកង្វល់ ប្រាថ្នា នូវសេចក្តីត្រេកអរក្នុងវិវេក ដែលសត្វត្រេកអរបានដោយកម្រ បណ្ឌិត គួរធ្វើខ្លួនឲ្យផូរផង់ ចាកគ្រឿងសៅហ្មងចិត្ត។ ចិត្តដែលបណ្ឌិតពួកណា អប់រំល្អប្រពៃហើយ ក្នុងអង្គនៃធម៌ ជាគ្រឿងត្រាស់ដឹងទំាងឡាយ បណ្ឌិតទាំងឡាយឯណា អ្នកត្រេកអរ ក្នុងការលះបង់ នូវសេចក្តីប្រកាន់ ដោយឥតមានសេចក្តីប្រកាន់ បណ្ឌិតនោះ ឈ្មោះថា អ្នកមានអាសវៈអស់ហើយ មានសេចក្តីរុងរឿង បរិព្វានក្នុងលោកហើយ។

(បឋមសាមញ្ញ)សូត្រ ទី៥

(៥. បឋមសាមញ្ញសុត្តំ)

[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសាមញ្ញគុណ និងផល របស់សាមញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់សេចក្តីនោះចុះ។

[១០០] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។

[១០១] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់សាមញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់សាមញ្ញគុណទាំងឡាយ។

(ទុតិយសាមញ្ញ)សូត្រ ទី៦

(៦. ទុតិយសាមញ្ញសុត្តំ)

[១០២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវសាមញ្ញគុណ និងប្រយោជន៍ នៃសាមញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវសេចក្តីនោះចុះ។

[១០៣] ម្នាលភិក្ខុទាំងឡាយ ចុះសាមញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សាមញ្ញគុណ។

[១០៤] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃសាមញ្ញគុណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍នៃសាមញ្ញគុណ។

(បឋមព្រហ្មញ្ញ)សូត្រ ទី៧

(៧. បឋមព្រហ្មញ្ញសុត្តំ)

[១០៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មញ្ញគុណ និងផល របស់ព្រហ្មញ្ញគុណទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១០៦] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។

[១០៧] ម្នាលភិក្ខុទាំងឡាយ ចុះផលរបស់ព្រហ្មញ្ញគុណទាំងឡាយ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មញ្ញគុណទាំងឡាយ។

(ទុតិយព្រហ្មញ្ញ)សូត្រ ទី៨

(៨. ទុតិយព្រហ្មញ្ញសុត្តំ)

[១០៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មញ្ញគុណ និងប្រយោជន៍ នៃព្រហ្មញ្ញគុណ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១០៩] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មញ្ញគុណ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មញ្ញគុណ។

[១១០] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍របស់ព្រហ្មញ្ញគុណ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅ នៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មញ្ញគុណ។

(បឋមព្រហ្មចរិយ)សូត្រ ទី៩

(៩. បឋមព្រហ្មចរិយសុត្តំ)

[១១១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មចរិយៈ និងផលរបស់ព្រហ្មចរិយទាំងឡាយ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១១២] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។

[១១៣] ម្នាលភិក្ខុទាំងឡាយ ចុះផលទាំងឡាយ របស់ព្រហ្មចរិយៈ តើដូចម្តេច។ គឺសោតាបត្តិផល១ សកទាគាមិផល១ អនាគាមិផល១ អរហត្តផល១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ផលរបស់ព្រហ្មចរិយទាំងឡាយ។

(ទុតិយព្រហ្មចរិយ)សូត្រ ទី១០

(១០. ទុតិយព្រហ្មចរិយសុត្តំ)

[១១៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវព្រហ្មចរិយៈ និងប្រយោជន៍ របស់ព្រហ្មចរិយៈ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ នូវសេចក្តីនោះចុះ។

[១១៥] ម្នាលភិក្ខុទាំងឡាយ ចុះព្រហ្មចរិយៈ តើដូចម្តេច។ អរិយមគ្គ ប្រកបដោយអង្គ ៨ នេះឯង។ គឺអ្វីខ្លះ។ គឺសេចក្តីឃើញត្រូវ១។បេ។ សេចក្តីតាំងចិត្តត្រូវ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ព្រហ្មចរិយៈ។

[១១៦] ម្នាលភិក្ខុទាំងឡាយ ចុះប្រយោជន៍ នៃព្រហ្មចរិយៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ សភាវៈឯណា ជាទីអស់ទៅ នៃរាគៈ ជាទីអស់ទៅនៃទោសៈ ជាទីអស់ទៅនៃមោហៈ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ប្រយោជន៍ នៃព្រហ្មចរិយៈ។

ចប់ បដិបត្តិវគ្គ ទី៤។

ឧទ្ទាននៃបដិបត្តិវគ្គនោះ គឺ

ពោលអំពីសេចក្តីប្រតិបត្តិ១ អំពីបុគ្គលអ្នកប្រតិបត្តិ១ អំពីការលះបង់១ អំពីការដល់ត្រើយ គឺព្រះនិព្វាន១ អំពីសាមញ្ញគុណ មាន២លើក អំពីព្រហ្មញ្ញគុណដទៃទៀត មាន២លើក អំពីព្រហ្មចរិយៈ មាន២លើក ព្រោះហេតុនោះ ទើបហៅថា បដិបត្តិវគ្គ។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann