តិបិដក (មូល) » សុត្តបិដក » សំយុត្តនិកាយ » មហាវារវគ្គ » (មគ្គសំយុត្ត ទី១) » នាហន្តឯកធម្មបេយ្យាល ទី៨ »
(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 45.v08 បាលី cs-km: sut.sn.45.v08 អដ្ឋកថា: sut.sn.45.v08_att PTS: ?
នាហន្តឯកធម្មបេយ្យាល ទី៨
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៨. ទុតិយឯកធម្មបេយ្យាលវគ្គោ)
(១. កល្យាណមិត្តសុត្តំ)
[១៦៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើងឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅ ក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៦៧] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។
[១៦៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។
[១៦៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។
[១៧០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។
[១៧១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះឡើយ។ បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ អាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅក្នុងការលះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(១. កល្យាណមិត្តសុត្តំ)
[១៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ ដែលកើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាបានក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការមានមិត្តល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកមានមិត្តល្អ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង។
[១៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវមានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកមានមិត្តល្អ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
(២-៦. សីលសម្បទាទិសុត្តបញ្ចកំ)
[១៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតពិចារណាមិនឃើញ នូវធម៌ដទៃសូម្បីមួយ ដែលជាហេតុឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ មិនទាន់កើតឡើង ឲ្យកើតឡើងបានក្តី ឲ្យអរិយមគ្គ ប្រកបដោយអង្គ ៨ កើតឡើងហើយ ដល់នូវការពេញបរិបូណ៌ ដោយភាវនាក្តី។ ម្នាលភិក្ខុទាំងឡាយ (តថាគត ពិចារណាមិនឃើញធម៌ដទៃ) ដូចជាការបរិបូណ៌ ដោយសីលនេះឡើយ។បេ។
[១៧៧] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីពេញចិត្តនេះឡើយ។បេ។
[១៧៨] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយចិត្តជ្រះថ្លានេះឡើយ។បេ។
[១៧៩] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយការឃើញនេះឡើយ។បេ។
[១៨០] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយសេចក្តីមិនប្រមាទនេះឡើយ។បេ។
(៧. យោនិសោមនសិការសម្បទាសុត្តំ)
[១៨១] ម្នាលភិក្ខុទាំងឡាយ ដូចជាការបរិបូណ៌ ដោយយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ជាទីសង្ឃឹមរបស់ភិក្ខុ ដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ នឹងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
[១៨២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងធម្មវិន័យនេះ រមែងចំរើនសេចក្តីឃើញត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ រមែងចំរើនសេចក្តីតាំងចិត្តត្រូវ មានការកំចាត់បង់ នូវរាគៈជាទីបំផុត មានការកំចាត់បង់ នូវទោសៈជាទីបំផុត មានការកំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវអរិយមគ្គ ប្រកបដោយអង្គ ៨ រមែងធ្វើ នូវអរិយមគ្គ ប្រកបដោយអង្គ ៨ ឲ្យច្រើនឡើង ដោយប្រការយ៉ាងនេះឯង។
ចប់ នាហន្តឯកធម្មបេយ្យាល ទី៨។
ឧទ្ទាននៃនាហន្តឯកធម្មបេយ្យាលនោះ គឺ
ពោលអំពីការបរិបូណ៌ដោយកល្យាណមិត្ត១ អំពីសីល១ អំពីសេចក្តីពេញចិត្ត១ អំពីការបរិបូណ៌ ដោយចិត្តជ្រះថ្លា១ អំពីការឃើញត្រូវ១ អំពីសេចក្តីមិនប្រមាទ១ អំពីយោនិសោមនសិការៈ១ ទៀត ជាគម្រប់៧។