km:tipitaka:sut:sn:45:sut.sn.45.v11



ពលករណីយវគ្គ ទី១១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 45.v11 បាលី cs-km: sut.sn.45.v11 អដ្ឋកថា: sut.sn.45.v11_att PTS: ?

ពលករណីយវគ្គ ទី១១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៦. ពលករណីយវគ្គោ)

(ពល)សូត្រ ទី១

(១. ពលសុត្តំ)

[២៦៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យនូវការស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែលនូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។ (បរគង្គាបេយ្យាល មានដំណើរពិស្តារថា ព្រះសូត្រ ដ៏បរិបូណ៌ របស់បណ្ឌិតកាលពណ៌នា)។

[២៦៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យនូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យនូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។បេ។ ចំរើន នូវសម្មាសមាធិ មានការកំចាត់បង់ នូវរាគៈជាទីបំផុត កំចាត់បង់ នូវទោសៈជាទីបំផុត កំចាត់បង់ នូវមោហៈជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

[២៦៨] ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង ក៏រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៦៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលចុះស៊ប់ កាន់អមតៈ មានអមតៈ ប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។បេ។ ចំរើននូវសម្មាសមាធិ ដែលចុះស៊ប់កាន់អមតៈ មានអមតៈប្រព្រឹត្តទៅខាងមុខ មានអមតៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

[២៧០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការងារទាំងឡាយឯណានីមួយ ដែលបុគ្គលធ្វើដោយកម្លាំង ការងារទាំងអស់នោះ បុគ្គលត្រូវអាស្រ័យ នូវផែនដី ឋិតនៅលើផែនដី ទើបធ្វើបាន ការងារទាំងនោះ ដែលបុគ្គលត្រូវធ្វើដោយកម្លាំង រមែងធ្វើបានប្រាកដ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន ក៏យ៉ាងនោះដែរ។

[២៧១] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលឱនទៅកាន់ព្រះនិព្វាន ទេរទៅកាន់ព្រះនិព្វាន ឈមទៅកាន់ព្រះនិព្វាន។បេ។ ចំរើន នូវសម្មាសមាធិ ដែលឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ទើបចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរបាន យ៉ាងនេះឯង។

(ពីជ)សូត្រ ទី២

(២. ពីជសុត្តំ)

[២៧២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកពីជគាម និងភូតគាមឯណានីមួយ ដល់នូវការចំរើនដុះដាល លូតលាស់ឡើងបាន ពួកពីជគាម និងភូតគាមទាំងអស់នោះ អាស្រ័យ នូវផែនដី តាំងនៅលើផែនដី ទើបពួកពីជគាម និងភូតគាមទាំងនុ៎ះ ដល់នូវការចំរើនដុះដាល លូតលាស់ឡើងបាន ប្រាកដយ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល ចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការចំរើន ដុះដាល លូតលាស់ឡើង ក្នុងធម៌ទាំងឡាយបាន យ៉ាងនេះឯង។

(នាគ)សូត្រ ទី៣

(៣. នាគសុត្តំ)

[២៧៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកនាគ អាស្រ័យ នូវសេ្តចភ្នំឈ្មោះហិមពាន្ត ចំរើនកាយ បំប៉នកម្លាំង លុះពួកនាគនោះ ចំរើនកាយ បំប៉នកម្លាំង ក្នុងទីនោះហើយ ក៏ចុះទៅកាន់បឹងតូច លុះចុះទៅកាន់បឹងតូចហើយ ក៏ចុះទៅកាន់បឹងធំ លុះចុះទៅកាន់បឹងធំហើយ ក៏ចុះទៅកាន់ស្ទឹងតូច លុះចុះទៅកាន់ស្ទឹងតូចហើយ ក៏ចុះទៅកាន់ស្ទឹងធំ លុះចុះទៅកាន់ស្ទឹងធំហើយ ក៏ចុះទៅកាន់មហាសមុទ្ទសាគរ ពួកនាគនោះក៏ដល់នូវការធំធាត់ឡើង ដោយកាយក្នុងទីនោះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន ក៏យ៉ាងនោះដែរ។

[២៧៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យ នូវសីល ឋិតនៅក្នុងសីល កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ទើបដល់ នូវការធំទូលាយឡើង ក្នុងកុសលធម៌ទាំងឡាយបាន យ៉ាងនេះឯង។

(រុក្ខ)សូត្រ ទី៤

(៤. រុក្ខសុត្តំ)

[២៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដើមឈើដែលទេ្រតទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ឈើនោះ កាលបើគេផ្តាច់ឫសហើយ ក៏រលំទៅត្រង់ទីដែលទ្រេត ដែលទេរ ដែលឈម យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។

[២៧៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឈ្មោះថា ជាអ្នកឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

(កុម្ភ)សូត្រ ទី៥

(៥. កុម្ភសុត្តំ)

[២៧៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ក្អមដែលគេផ្កាប់ចុះ រមែងខ្ជាក់ចោល នូវទឹក មិនស្រូបចូលមកវិញឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ ក៏យ៉ាងនោះដែរ។

[២៧៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងខ្ជាក់ចោល នូវអកុសលធម៌ទាំងឡាយ ដ៏លាមកចេញ មិនស្រូបចូលទៅវិញឡើយ យ៉ាងនេះឯង។

(សូក)សូត្រ ទី៦

(៦. សូកសុត្តំ)

[២៨០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ដូចចុងស្រួចនៃស្រូវខ្សាយ ឬចុងស្រួចនៃស្រូវដំណើប ដែលគេដាក់ទុកដោយល្អ ដែលគេសង្កត់ដោយដៃ ឬជាន់ដោយជើង នឹងមុតដៃ ឬជើងពុំខាន នឹងញ៉ាំងឈាមឲ្យកើតឡើងបាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុចុងស្រួចនៃស្រូវ គេបានដាក់ទុកដោយល្អ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏យ៉ាងនេះឯង កាលបើទិដ្ឋិ ដែលភិក្ខុដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុនឹងទម្លាយ នូវអវិជ្ជា នឹងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន ហេតុនេះរមែងមាន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនៃទិដ្ឋិ ភិក្ខុបានដំកល់ទុកដោយល្អ។

[២៨១] ម្នាលភិក្ខុទាំងឡាយ ចុះកាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អមគ្គភាវនា ដែលភិក្ខុដំកល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយ នូវអវិជ្ជា រមែងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលទិដ្ឋិ ដែលភិក្ខុបានដំកល់ទុកដោយល្អ មគ្គភាវនា ដែលភិក្ខុបានដំកល់ទុកដោយល្អហើយ ភិក្ខុរមែងទម្លាយ នូវអវិជ្ជា រមែងញ៉ាំងវិជ្ជា ឲ្យកើតឡើង ធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន យ៉ាងនេះឯង។

(អាកាស)សូត្រ ទី៧

(៧. អាកាសសុត្តំ)

[២៨២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ផ្សេងៗ តែងបក់ក្នុងអាកាស គឺខ្យល់ក្នុងទិសខាងកើត បក់ទៅខ្លះ ខ្យល់ទិសខាងលិចបក់ទៅខ្លះ ខ្យល់ទិសខាងជើងបក់ទៅខ្លះ ខ្យល់ទិសខាងត្បូងបក់ទៅខ្លះ ខ្យល់ប្រកបដោយធូលី បក់ទៅខ្លះ ខ្យល់មិនមានធូលី បក់ទៅខ្លះ ខ្យល់ត្រជាក់បក់ទៅខ្លះ ខ្យល់ក្តៅបក់ទៅខ្លះ ខ្យល់តិចបក់ទៅខ្លះ ខ្យល់ខ្លាំងបក់ទៅខ្លះ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពល ៥ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ក៏យ៉ាងនោះដែរ។

[២៨៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តីក៏រមែងដល់ នូវការពេញលេញ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់នូវការពេញពេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើននូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលបើចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សតិប្បដ្ឋាន ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា សម្មប្បធាន ៤ ក្តី ក៏ដល់ នូវការពេញលេញ ដោយភាវនា ឥទ្ធិបាទ ៤ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ឥន្ទ្រិយ ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពល ៥ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា ពោជ្ឈង្គ ៧ ក្តី ក៏ដល់នូវការពេញលេញ ដោយភាវនា យ៉ាងនេះឯង។

(បឋមមេឃ)សូត្រ ទី៨

(៨. បឋមមេឃសុត្តំ)

[២៨៤] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ផង់ធូលី ដែលហុយឡើង ក្នុងខែជាខាងចុង នៃគិម្ហរដូវ (ខែអាសាឍ) ភ្លៀងពុំជួកាលដ៏ធំ រមែងញ៉ាំងផង់ធូលីនោះ ឲ្យវិនាស ឲ្យស្ងប់ស្ងាត់ទៅដោយឆាប់ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់ស្ងាត់ទៅដោយស្រួល ក៏យ៉ាងនោះដែរ។

[២៨៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ទៅដោយស្រួល តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ទៅដោយស្រួល យ៉ាងនេះឯង។

(ទុតិយមេឃ)សូត្រ ទី៩

(៩. ទុតិយមេឃសុត្តំ)

[២៨៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ខ្យល់ខ្លាំងរមែងញ៉ាំងភ្លៀងធំ ដែលកើតឡើងនោះ ឲ្យវិនាស ឲ្យស្ងប់ក្នុងចន្លោះទៅបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ ដ៏លាមក ទាំងឡាយ ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន ក៏យ៉ាងនោះដែរ។

[២៨៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ ដ៏លាមកទាំងឡាយ ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបាន តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ រមែងញ៉ាំងអកុសលធម៌ទាំងឡាយ ដ៏លាមក ដែលកើតឡើងហើយៗ ឲ្យវិនាស ឲ្យស្ងប់រម្ងាប់ ក្នុងចន្លោះទៅបានដោយស្រួល យ៉ាងនេះឯង។

(នាវា)សូត្រ ទី១០

(១០. នាវាសុត្តំ)

[២៨៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ នាវាដែលប្រើប្រាស់ក្នុងសមុទ្រ គេចងដោយពួរផ្តៅ ទម្លាក់ចុះទៅក្នុងទឹក អស់៦ខែ លុះដល់ហេមន្តរដូវ ទើបគេលើកឡើង មកកាន់ទីគោក ពួរទាំងនោះ ដែលនៅហាលខ្យល់ ហាលកំដៅថ្ងែ លុះភ្លៀងជោកជាំ ធ្លាក់បង្អុរមក ក៏រមែងពុកផុយដោយងាយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏ស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរឡើយ ក៏យ៉ាងនោះដែរ។

[២៨៩] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរ តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ រមែងចំរើន នូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ សញ្ញោជនធម៌ ក៏រមែងស្ងប់រម្ងាប់ ស្អុយរលួយទៅ ដោយមិនយឺតយូរឡើយ យ៉ាងនេះឯង។

(អាគន្តុក)សូត្រ ទី១១

(១១. អាគន្តុកសុត្តំ)

[២៩០] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ពួកមនុស្សមកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ អំពីទិសខាងកើត សម្រេចការនៅក្នុងផ្ទះនោះក្តី មកអំពីទិសខាងលិច សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងជើង សម្រេចការស្នាក់នៅក្តី មកអំពីទិសខាងត្បូង សម្រេចការស្នាក់នៅក្តី ពួកក្សត្រ មកសម្រេចការស្នាក់នៅក្តី ពួកព្រាហ្មណ៍ មកសម្រេចការស្នាក់នៅក្តី ពួកវេស្សៈ មកសម្រេចការស្នាក់នៅក្តី ពួកសុទ្ទៈ មកសម្រេចការស្នាក់នៅក្តី យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែងធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ក៏យ៉ាងនោះដែរ។

[២៩១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គប្បីឆ្លើយថា បានដល់ឧបាទានក្ខន្ធ ទាំង៥។ ឧបាទានក្ខន្ធ ទាំង៥ គឺអ្វីខ្លះ។ ឧបាទានក្ខន្ធ ទាំង៥ គឺ។ រូបូបាទានក្ខន្ធ១។បេ។ វិញ្ញាណូបាទានក្ខន្ធ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម។

[២៩២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺអវិជ្ជា១ ភវតណ្ហា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺវិជ្ជា១ វិមុត្តិ១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរធ្វើឲ្យជាក់ច្បាស់ ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម តើដូចម្តេច។ គឺសមថៈ១ និងវិបស្សនា១។ ម្នាលភិក្ខុទាំងឡាយ នេះជាធម៌ ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម។

[២៩៥] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹង ដោយប្រាជ្ញាដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញា ដ៏ឧត្តម។បេ។ ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញា ដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម តើដោយប្រការដូចម្តេច។ ម្នាលភិក្ខុទំាងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសម្មាទិដ្ឋិ។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ពួកធម៌ណា ដែលគួរកំណត់ដឹងដោយប្រាជ្ញា ដ៏ឧត្តម រមែងកំណត់ដឹង នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរលះបង់ ដោយប្រាជ្ញាដ៏ឧត្តម រមែងលះបង់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរធើ្វឲ្យជាក់ច្បាស់ ដោយប្រាជ្ញា ដ៏ឧត្តម រមែងធ្វើឲ្យជាក់ច្បាស់ នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម ពួកធម៌ណា ដែលគួរចំរើន ដោយប្រាជ្ញាដ៏ឧត្តម រមែងចំរើន នូវពួកធម៌នោះ ដោយប្រាជ្ញាដ៏ឧត្តម យ៉ាងនេះឯង។

(នទី)សូត្រ ទី១២

(១២. នទីសុត្តំ)

[២៩៦] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេគង្គា ដែលជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត កាលនោះ ពួកមហាជន កាន់យកចប និងកញ្ជើដើរមក គិតថា ពួកយើងនឹងបង្វែរទន្លេគង្គានេះ ឲ្យជ្រាលទៅកាន់ទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ថាដូចម្តេច ពួកមហាជននោះ គួរបង្វែរទន្លេគង្គា ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញ បានដែរឬ។ បង្វែរមិនបានទេ ព្រះអង្គ។ ដំណើរនោះ តើព្រោះហេតុអ្វី។ បពិត្រព្រះអង្គដ៏ចំរើន (ព្រោះ) ទន្លេគង្គា ជ្រាលទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត ទន្លេគង្គានោះ គេមិនងាយនឹងបង្វែរ ឲ្យជ្រាលទៅទិសខាងលិច ឲ្យទេរទៅទិសខាងលិច ឲ្យឈមទៅទិសខាងលិចវិញបានទេ នាំឲ្យតែពួកមហាជននោះ បានចំណែកនៃសេចក្តីលំបាក សេចក្តីហត់នឿយប៉ុណ្ណោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនេះ ក៏ដូច្នោះដែរ ពួកស្តេចក្តី ពួកមហាមាត្យនៃសេ្តចក្តី ពួកមិត្តក្តី ពួកអមាត្យក្តី ពួកញាតិសាលោហិតក្តី មកលួងលោម នូវភិក្ខុ ដែលកំពុងចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ កំពុងធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ឲ្យបែរមកត្រេកអរ ដោយភោគសម្ប័ទវិញថា ម្នាលបុរសអើយ អ្នកចូរមក សំពត់កាសាវៈ របស់អ្នកនេះ រមែងដុតកំដៅទេដឹង អ្នកម្តេចក៏ធ្វើជាមនុស្សកំណោរ ប្រព្រឹត្តកាន់អំបែងវិញ អ្នកចូរត្រឡប់មកកាន់ហីនភេទវិញទៅ ហើយប្រើប្រាស់ នូវភោគសម្ប័ទផង ធ្វើនូវបុណ្យផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង កាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏លះបង់ នូវសិក្ខា ហើយត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនជាឋានៈឡើយ។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តឯណា ដែលឱនទៅកាន់សេចក្តីស្ងប់ស្ងាត់ ទេរទៅកាន់សេចក្តីស្ងប់ស្ងាត់ ឈមទៅកាន់សេចក្តីស្ងប់ស្ងាត់ អស់កាលយូរ ចិត្តនោះឯង នឹងត្រឡប់មកកាន់ហីនភេទវិញ ពាក្យដូច្នេះនេះ មិនមែនជាឋានៈឡើយ។

[២៩៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសម្មាទិដ្ឋិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវសម្មាសមាធិ ដែលអាស្រ័យ នូវការស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាកតម្រេក អាស្រ័យ នូវការរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលចំរើន នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ធ្វើឲ្យក្រាស់ក្រែល នូវមគ្គ ប្រកបដោយអង្គ ៨ ដ៏ប្រសើរ ក៏យ៉ាងនេះឯង។ (បណ្ឌិតគប្បីពង្រីកសេចក្តីត្រង់ពលករណីយវគ្គ ឲ្យពិស្តារផងចុះ)។

ចប់ ពលករណីយវគ្គ ទី១១។

ឧទ្ទាននៃពលករណីយវគ្គនោះ គឺ

និយាយអំពីការងារដែលត្រូវធើ្វដោយកម្លាំង១ អំពីពីជគាម និងភូតគាមដែលលូតលាស់១ អំពីនាគអាស្រ័យនៅក្នុងភ្នំ១ អំពីដើមឈើ១ អំពីក្អមផ្កាប់១ អំពីចុងស្រួចនៃស្រូវ១ អំពីខ្យល់ឯអាកាស១ អំពីភ្លៀង ពីរលើក អំពីនាវា១ អំពីពួកមនុស្ស មកកាន់ផ្ទះសម្រាប់ទទួលភ្ញៀវ១ អំពីទន្លេគង្គា១។

 

លេខយោង

km/tipitaka/sut/sn/45/sut.sn.45.v11.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann