មាគ៌ានៃការលូតលាស់ របស់នាគដ៏ខ្លាំងមួយ ដែលប្រើជាគំរូសម្រាប់អភិវឌ្ឍ ពោជ្ឈង្គៈ។
sn 46.001 បាលី cs-km: sut.sn.46.001 អដ្ឋកថា: sut.sn.46.001_att PTS: ?
(ហិមវន្ត)សូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(១. ហិមវន្តសុត្តំ)
[៣៥៥] ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹងតូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុងស្ទឹងតូច លុះចុះក្នុងស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមានកាយដល់នូវការចំរើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿងត្រាស់ដឹង) ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។
[៣៥៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ តែងដល់នូវការ ចំរើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចំរើនធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើនបីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើន សមាធិសម្ពោជ្ឈង្គ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅស៊ប់ក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។