(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 46.014 បាលី cs-km: sut.sn.46.014 អដ្ឋកថា: sut.sn.46.014_att PTS: ?
(បឋមគិលាន)សូត្រ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. បឋមគិលានសុត្តំ)
[៤១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។
[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រពៃហើយ បានចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។
[៤១៨] ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បនិព្វាន។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។
[៤១៩] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះហើយ។