km:tipitaka:sut:sn:46:sut.sn.46.015



(ទុតិយគិលាន)សូត្រ ទី៥

សង្ខេប

ព្រះពុទ្ធ ​រំឭក​​ព្រះមហា​មោគ្គល្លានដល់​​​ជំងឺ ​អំពី​​​ពោជ្ឈង្គ ទាំង​៧​នេះ។

sn 46.015 បាលី cs-km: sut.sn.46.015 អដ្ឋកថា: sut.sn.46.015_att PTS: ?

(ទុតិយគិលាន)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(៥. ទុតិយគិលានសុត្តំ)

[៤២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។

[៤២១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ អ្នកល្មមឲ្យប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនាធូរថយទៅ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេកណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។

[៤២២] នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។

[៤២៣] ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។

[៤២៤] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ យ៉ាងនោះហើយ។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.015.txt · ពេលកែចុងក្រោយ: 2023/07/27 17:46 និពន្ឋដោយ Cheav Villa