ព្រះដ៏មានព្រះភាគទ្រង់មានអាពាធ ហើយបានទទួលថ្នាំពីព្រះមហាចុន្ទ។
sn 46.016 បាលី cs-km: sut.sn.46.016 អដ្ឋកថា: sut.sn.46.016_att PTS: ?
(តតិយគិលាន)សូត្រ ទី៦
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបាសិកា វិឡា
(៦. តតិយគិលានសុត្តំ)
[៤២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២៦] គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី
ដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៧] បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។