km:tipitaka:sut:sn:46:sut.sn.46.038



(អាវរណនីវរណ)សូត្រ ទី៨

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 46.038 បាលី cs-km: sut.sn.46.038 អដ្ឋកថា: sut.sn.46.038_att PTS: ?

(អាវរណនីវរណ)សូត្រ ទី៨

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៨. អាវរណនីវរណសុត្តំ)

[៤៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។

[៤៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។

[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុងសម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិនមានក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។

[៤៩៤] ពោជ្ឈង្គ ទាំង៧ ដែលដល់ នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ តើដូចម្តេច។ សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។

[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.038.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann