(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 46.039 បាលី cs-km: sut.sn.46.039 អដ្ឋកថា: sut.sn.46.039_att PTS: ?
(រុក្ខ)សូត្រ ទី៩
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៩. រុក្ខសុត្តំ)
[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្តេច។ ដើមឈើទាំងនោះ គឺអ្វីខ្លះ។ គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះឯង មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះបង់ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែបនោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។
[៥០០] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។