ធម៌ដែលជាអាហារ និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង ៥ (មិត្តអាក្រក់) និងនៃពោជ្ឈង្គ ទាំង ៧ (មិត្តល្អ)។
sn 46.051 បាលី cs-km: sut.sn.46.051 អដ្ឋកថា: sut.sn.46.051_att PTS: ?
(អាហារ)សូត្រ ទី១
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ឧបសិកា វិឡា
(១. អាហារសុត្តំ)
[៥២២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវធម៌ជាអាហារ និងធម៌មិនមែនជាអាហារ នៃនីវរណៈ ទាំង៥ផង នៃពោជ្ឈង្គ ទាំង៧ផង ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់នូវធម៌នោះចុះ។
[៥២៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសុភនិមិត្ត និងការធ្វើឲ្យច្រើន នូវអយោនិសោមនសិការ ក្នុងសុភនិមិត្តនោះ នេះធម៌ជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើង ឬរបស់កាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែបដិឃនិមិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងបដិឃនិមិត្តនោះ នេះធម៌ជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែសេចក្តីមិនត្រេកអរ ខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីមិនត្រេកអរ ជាដើមនោះ នេះធម៌ជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការមិនស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងការមិនស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលបណ្តាលឲ្យកើតវិចិកិច្ឆា និងការធ្វើនូវអយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥២៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតសតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហាររបស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យចំរើនបរិបូណ៌។
[៥២៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ជាកុសល ឬអកុសល ពួកធម៌ ប្រកបដោយទោស ឬឥតទោស ពួកធម៌ថោកទាប ឬថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ ឬស និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានសេចក្តីតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងសេចក្តីតាំងផ្តើម ជាដើមនោះ នេះធម៌ជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានធម៌ទាំងឡាយ ដែលនាំឲ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់នោះ នេះធម៌ជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌ជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ជាអាហាររបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ដែលនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌ជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៣៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហាររបស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែអសុភនិមិត្ត និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងអសុភនិមិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ របស់កាមច្ឆន្ទៈ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់កាមច្ឆន្ទៈ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែចេតោវិមុត្តិ និងការធ្វើ នូវយោនិសោមនសិការឲ្យច្រើន ក្នុងចេតោវិមុត្តិនោះ នេះធម៌ដែលមិនមែនជាអាហារ របស់ព្យាបាទ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ព្យាបាទ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែនជាអាហារ របស់ថីនមិទ្ធ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ថីនមិទ្ធ ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៨] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានតែការស្ងប់ស្ងាត់ចិត្ត និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់ចិត្តនោះ នេះធម៌ដែលមិនមែនជាអាហារ របស់ឧទ្ទច្ចកុក្កុច្ច ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧទ្ទច្ចកុក្កុច្ច ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៣៩] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ជាកុសល និងអកុសល ពួកធម៌ដែលប្រកបដោយទោស និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការធ្វើនូវយោនិសោមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់វិចិកិច្ឆា ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វិចិកិច្ឆា ដែលកើតហើយ ឲ្យរឹងរឹតតែកើតច្រើនឡើង។
[៥៤០] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ជាទីតាំងរបស់សតិសម្ពោជ្ឈង្គ និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤១] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ជាកុសល និងអកុសល ពួកធម៌ដែលប្រកបដោយទោស និងឥតទោស ពួកធម៌ដែលថោកទាប និងថ្លៃថ្លា ពួកធម៌ជាចំណែកខ្មៅ និងស និងការធ្វើនូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់ធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ធម្មវិចយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤២] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី មិនមែនជាអាហារ របស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានការតាំងផ្តើម ការខ្នះខ្នែង ការប្រឹងប្រែង ការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងការតាំងផ្តើម ជាដើមនោះ នេះធម៌មិនមែនជាអាហាររបស់វីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់វីរិយសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៣] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែពួកធម៌ ដែលនាំឲ្យកើតបីតិសម្ពោជ្ឈង្គ និងការធ្វើនូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់បីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បីតិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៤] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែការស្ងប់ស្ងាត់កាយ ការស្ងប់ស្ងាត់ចិត្ត និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងការស្ងប់ស្ងាត់ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់បស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៥] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានតែសមាធិនិមិត្ត អព្យគ្គនិមិត្ត និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងនិមិត្តទាំងនោះ នេះធម៌មិនមែនជាអាហារ របស់សមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់សមាធិសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។
[៥៤៦] ម្នាលភិក្ខុទាំងឡាយ ចុះធម៌អ្វី ដែលមិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គដែលកើតហើយ ឲ្យចំរើនបរិបូណ៌។ ម្នាលភិក្ខុទាំងឡាយ មានពួកធម៌ ដែលនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ និងការធ្វើ នូវអមនសិការឲ្យច្រើន ក្នុងធម៌ទាំងនោះ នេះធម៌មិនមែនជាអាហារ របស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើត ឲ្យកើតឡើងបាន ឬរបស់ឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតហើយ ឲ្យចំរើនបរិបូណ៌។