តើអ្វីជាភាពខុសគ្នារវាងសមាធិធម្មតា និងរបស់អរិយសាវក? សមាធិដែលមានកង្វលតែ នឹងខ្លួនឯង ឬខាងក្រៅ?
sn 46.052 បាលី cs-km: sut.sn.46.052 អដ្ឋកថា: sut.sn.46.052_att PTS: ?
(បរិយាយ)សូត្រ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
អានដោយ ឧបាសិកា វិឡា
(២. បរិយាយសុត្តំ)
[៥៤៧] លំដាប់នោះឯង ពួកភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ រួចចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) យើងនឹងចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយសិនចុះ ហើយក៏ពួកភិក្ខុទាំងនោះ ចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏សំដែងធម៌ ប្រាប់សាវកទាំងឡាយយ៉ាងនេះថា នែអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកណេះ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌ ទាំង៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ រួចហើយចំរើនពោជ្ឈង្គ ទាំង៧ ឲ្យកើតមានឡើង ដូច្នេះដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងរឿងនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី របស់យើងក្តី អំពីដំណើរធៀបធម៌ទេសនា នឹងធម៌ទេសនា ធៀបពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។
[៥៤៨] លំដាប់នោះ ភិក្ខុទាំងនោះ មិនត្រេកអរ មិនឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ចៀសចេញទៅ ហើយនិយាយគ្នាថា យើងគង់តែនឹងយល់សេចក្តី នៃភាសិតនោះ ក្នុងសំណាក់ នៃព្រះដ៏មានបុណ្យជាមិនខាន។
[៥៤៩] លំដាប់នោះឯង ភិក្ខុទាំងនោះ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកអំពីបិណ្ឌបាត ក្នុងកាលជាខាងក្រោយ នៃភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះដ៏មានព្រះភាគ ដូច្នេះថា សូមទ្រង់ព្រះមេត្តាប្រោស ក្នុងថ្ងៃនេះ ពួកខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅកាន់ក្រុងសាវត្ថី ដើម្បីបិណ្ឌបាត។ បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា (ឥឡូវនេះ) ពួកយើងទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថីទៅ ហាក់ដូចជានៅព្រឹកពេក បើដូច្នោះ ពួកយើងគួរចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរិ្ថយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពួកបរិព្វាជក ជាអន្យតិរិ្ថយទាំងនោះ និយាយដូច្នេះថា ម្នាលអាវុសោទាំងឡាយ សមណគោតម តែងសំដែងធម៌ ដល់ពួកសាវកយ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកណេះ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើនពោជ្ឈង្គ ៧ ឲ្យកើតមានឡើង។ ម្នាលអាវុសោទាំងឡាយ សូម្បីយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់ នូវនីវរណធម៌ ៥ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចំរើន នូវពោជ្ឈង្គ៧ ឲ្យកើតមានឡើងដែរ។ ម្នាលអាវុសោទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីប្លែកគ្នាដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតម និងរបស់យើង អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា ពាក្យប្រៀនប្រដៅ នឹងងពាក្យប្រៀនប្រដៅ។
[៥៥០] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់បរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនបានឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក និយាយថា ពួកយើងគង់តែនឹងយល់សេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។
[៥៥១] ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះហេតុដែលនាំឲ្យនីវរណៈ ៥ បែកទៅជា១០ ពោជ្ឈង្គ៧ បែកទៅជា១៤ តើមានឬទេ។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជាឆ្លើយមិនរួចផង នឹងដល់នូវសេចក្តីចង្អៀតចង្អល់ចិត្ត តទៅទៀតផង។ ចុះដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ដំណើរនោះ មិនជាវិស័យ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែព្រះតថាគត ឬសាវករបស់ព្រះតថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់ព្រះតថាគតចេញ។
[៥៥២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដូចម្តេច ដែលនាំឲ្យនីវរណៈ៥ បែកទៅជា១០។
[៥៥៣] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈណា ជាខាងក្នុង កាមច្ឆន្ទៈនោះ ជានីវរណៈ១ កាមច្ឆន្ទៈណា ជាខាងក្រៅ កាមច្ឆន្ទៈនោះ ជានីវរណៈ១ ព្រោះថាកាមច្ឆន្ទនីវរណៈនេះ តែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនោះឯង។
[៥៥៤] ម្នាលភិក្ខុទាំងឡាយ ព្យាបាទណា ជាខាងក្នុង ព្យាបាទនោះ ជានីវរណៈ១ ព្យាបាទណា ជាខាងក្រៅ ព្យាបាទនោះ ជានីវរណៈ១ ព្រោះថា ព្យាបាទនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៥] ម្នាលភិក្ខុទាំងឡាយ ថីនៈណា ថីនៈនោះ ជានីវរណៈ១ មិទ្ធៈណា មិទ្ធៈនោះ ជានីវរណៈ១ ព្រោះថា ថីនមិទ្ធនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចៈណា ឧទ្ធច្ចៈនោះ ជានីវរណៈ១ កុក្កុច្ចៈណា កុក្កុច្ចៈនោះ ជានីវរណៈ១ ព្រោះថា ឧទ្ធច្ចកុក្កុច្ចនីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៧] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង វិចិកិច្ឆានោះ ជានីវរណៈ១ វិចិកិច្ឆាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ វិចិកិច្ឆានោះ ជានីវរណៈ១ ព្រោះថា វិចិកិកិច្ឆានីវរណៈនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ នីវរណៈនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៥៨] ម្នាលភិក្ខុទាំងឡាយ នេះឯង ជាហេតុនាំឲ្យនីវរណៈ៥ បែកទៅជា១០។
[៥៥៩] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤ តើដូចម្តេច។
[៥៦០] ម្នាលភិក្ខុទាំងឡាយ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង សតិនោះឯង ជាសតិសម្ពោជ្ឈង្គ១ សតិណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ សតិនោះឯង ជាសតិសម្ពោជ្ឈង្គ១ ព្រោះថា សតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ សតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦១] ម្នាលភិក្ខុទាំងឡាយ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ បុគ្គលត្រិះរិះពិចារណា ដោយប្រាជ្ញា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ រមែងដល់នូវកិរិយាពិចារណា ការពិចារណានោះឯង ជាធម្មវិចយសម្ពោជ្ឈង្គ១ ព្រោះថា ធម្មវិចយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ធម្មវិចយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦២] ម្នាលភិក្ខុទាំងឡាយ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ សេចក្តីព្យាយាមណា ប្រព្រឹត្តទៅក្នុងចិត្ត សេចក្តីព្យាយាមនោះ ជាវីរិយសម្ពោជ្ឈង្គ១ ព្រោះថា វីរិយសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ វីរិយសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៣] ម្នាលភិក្ខុទាំងឡាយ បីតិណា ប្រកបដោយវិតក្កៈ និងវិចារៈ បីតិនោះឯង ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ បីតិណា មិនមានវិតក្កៈ និងវិចារៈ បីតិនោះ ឈ្មោះថា បីតិសម្ពោជ្ឈង្គ១ ព្រោះថា បីតិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បីតិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៤] ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់ស្ងាត់កាយណា សេចក្តីស្ងប់ស្ងាត់កាយនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ សេចក្តីស្ងប់ស្ងាត់ចិត្តណា សេចក្តីស្ងប់ស្ងាត់ចិត្តនោះ ឈ្មោះថា បស្សទ្ធិសម្ពោជ្ឈង្គ១ ព្រោះថា បស្សទ្ធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ បស្សទ្ធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៥] ម្នាលភិក្ខុទាំងឡាយ សមាធិណា មានវិតក្កៈ មានវិចារៈ សមាធិនោះឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ សមាធិណា មិនមានវិតក្កៈ មិនមានវិចារៈ សមាធិនោះឈ្មោះថា សមាធិសម្ពោជ្ឈង្គ១ ព្រោះថា សមាធិសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ សមាធិសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៦] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្នុង ឧបេក្ខានោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ឧបេក្ខាណា ក្នុងធម៌ទាំងឡាយ ជាខាងក្រៅ ឧបេក្ខានោះ ឈ្មោះថា ឧបេក្ខាសម្ពោជ្ឈង្គ១ ព្រោះថា ឧបេក្ខាសម្ពោជ្ឈង្គនេះ រមែងមកកាន់ឧទ្ទេស ដោយប្រការដូច្នេះ។ ឧបេក្ខាសម្ពោជ្ឈង្គនោះ មានចំណែក២ ដោយហេតុនេះឯង។
[៥៦៧] ម្នាលភិក្ខុទាំងឡាយ នេះឯងជាហេតុ ដែលនាំឲ្យពោជ្ឈង្គ ៧ បែកទៅជា ១៤។