km:tipitaka:sut:sn:46:sut.sn.46.053



(អគ្គិ)សូត្រ ទី៣

សង្ខេប

តើ​អ្វី​ជា​ការ​ល្អ​ដែល​ត្រូវ​ផ្ដោត​លើ​ពេល​ខ្ជិល ហើយ​អ្វី​ដែល​ល្អ​នៅ​ពេល​ដែល​អន្ទះ​ អន្ទែង​ក្នុង​ខ្លួន?

sn 46.053 បាលី cs-km: sut.sn.46.053 អដ្ឋកថា: sut.sn.46.053_att PTS: ?

(អគ្គិ)សូត្រ ទី៣

ភ្លើង

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៣. អគ្គិសុត្តំ)

[៥៦៨] គ្រានោះ ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី។ (រឿងទាំងអស់ ដូចក្នុងបរិយាយសូត្រ)។ ម្នាលភិក្ខុទាំងឡាយ បើបរិព្វាជក ជាអន្យតិរ្ថិយ និយាយយ៉ាងនេះ អ្នកទាំងឡាយ គប្បីសួរ យ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលអាវុសោទាំងឡាយ មួយវិញទៀត ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ សម័យនោះ ជាកាលគួរនឹងចំរើនពោជ្ឈង្គអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាលបើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរ្ថិយ មុខជាដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏លើសលុបផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនមែនជាវិស័យ របស់ពួកបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា ដែលគួរដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបាន លើកតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតចេញ។

[៥៦៩] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តដែលរួញរា ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូចឲ្យឆេះ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងបង្កាត់ឲ្យឆេះបានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តដែលរួញរា ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរាហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ទុះឡើង ដោយធម៌ទាំងឡាយនុ៎ះបានទេ។

[៥៧០] ម្នាលភិក្ខុទាំងឡាយ បើចិត្តរួញរាក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងបង្កាត់ភ្លើងតូច បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ក្នុងភ្លើងតូចនោះ តើបុរសនោះ គួរនឹងបង្កាត់ភ្លើងតូច ឲ្យឆេះឡើងបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងហ្នឹង គួរនឹងបង្កាត់ឲ្យឆេះបាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរួញរា ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនបីតិសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរួញរា ចិត្តនោះ ងាយនឹងឲ្យស្ទុះឡើងបាន ដោយធម៌ទាំងឡាយនុ៎ះ។

[៥៧១] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គទេ។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ងប់រម្ងាប់ ដោយធម៌ទាំងឡាយនុ៎ះបានទេ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងដ៏ធំ បុរសនោះ ក៏ដាក់ស្មៅស្ងួតផង ដាក់គោម័យស្ងួតផង ដាក់ឧសស្ងួតផង ផ្លុំខ្យល់អំពីមាត់ផង មិនរោយអាចម៍ដីផង ទៅក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស មិនគួរនឹងលត់បានទេ។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលមិនគួរនឹងចំរើនធម្មវិចយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនវីរិយសម្ពោជ្ឈង្គ ជាកាលមិនគួរនឹងចំរើនបីតិសម្ពោជ្ឈង្គឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ មិនងាយនឹងឲ្យស្ងប់រម្ងាប់ ដោយធម៌ទាំងឡាយនុ៎ះបានឡើយ។

[៥៧២] ម្នាលភិក្ខុទាំងឡាយ បើចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឲ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ប្រៀបដូចបុរស មានប្រាថ្នានឹងលត់គំនរភ្លើងធំ បុរសនោះ ក៏ដាក់ស្មៅស្រស់ផង ដាក់គោម័យស្រស់ផង ដាក់ឧសស្រស់ផង ផ្លុំខ្យល់លាយទឹកផង រោយអាចម៍ដីផង ក្នុងគំនរភ្លើងធំនោះ តើបុរសនោះ គួរនឹងលត់គំនរភ្លើងធំបានឬទេ។ សូមទ្រង់ព្រះមេត្តាប្រោស បើយ៉ាងនេះ លត់បាន។ ម្នាលភិក្ខុទាំងឡាយ យ៉ាងនោះដែរ ចិត្តរាយមាយ ក្នុងសម័យណា សម័យនោះ ជាកាលគួរនឹងចំរើនបស្សទ្ធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនសមាធិសម្ពោជ្ឈង្គ ជាកាលគួរនឹងចំរើនឧបេក្ខាសម្ពោជ្ឈង្គ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ចិត្តរាយមាយហើយ ចិត្តនោះ ងាយឲ្យស្ងប់រម្ងាប់បាន ដោយធម៌ទាំងឡាយនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលថា សតិ ជាគ្រឿងសម្រេចប្រយោជន៍គ្រប់យ៉ាង។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.053.txt · ពេលកែចុងក្រោយ: 2024/02/26 15:31 និពន្ឋដោយ Johann