km:tipitaka:sut:sn:46:sut.sn.46.054



(មេត្តាសហគត)សូត្រ ទី៤

សង្ខេប

តើ​អ្វី​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ខុស​គ្នា​រវាង​មេត្តចិតដែល​ប្រតិបត្តិ​នៅ​ខាង​ក្រៅ ឬ​ក្នុង​សាសនា​នេះ?

sn 46.054 បាលី cs-km: sut.sn.46.054 អដ្ឋកថា: sut.sn.46.054_att PTS: ?

(មេត្តាសហគត)សូត្រ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៤. មេត្តាសហគតសុត្តំ)

[៥៧៣] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងហលិទ្ទវសននិគម របស់ពួកកោលិយ ក្នុងដែនកោលិយ។ គ្រានោះឯង ភិក្ខុច្រើនរូប ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម។ ទើបពួកភិក្ខុទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងចូលទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគមនោះ ដូចជានៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរពួកយើង នាំគ្នាចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៧៤] លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ក៏នាំគ្នាចូលទៅឯអារាម របស់បរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ទើបអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ និយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូលមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង គឺទិសតូចៗ ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៥] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយករុណា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយករុណា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៦] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយមុទិតា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះឯង។

[៥៧៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងនៃចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ ផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៧៩] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង តាមទំនងនេះដែរ។

[៥៨០] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងរឿងនេះ មានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគ្នាដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៨១] គ្រានោះឯង ពួកភិក្ខុទាំងនោះ មិនបានត្រេកអរ មិនបានឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញទៅ ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៨២] លំដាប់នោះឯង ភិក្ខុទាំងនោះ ត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម លុះកន្លងបិណ្ឌបាត ក្នុងកាលជាខាងក្រោយភត្ត ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះពួកភិក្ខុទាំងនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏បានទូលស្នើសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ដូច្នេះថា

[៥៨៣] សូមទ្រង់ព្រះមេត្តាប្រោស ក្នុងទីឯណោះ ពួកខ្ញុំព្រះអង្គ បានស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងបុព្វណ្ហសម័យ ចូលទៅបិណ្ឌបាត្រ ក្នុងហលិទ្ទវសននិគម។ សូមទ្រង់ព្រះមេត្តាប្រោស ពួកខ្ញុំព្រះអង្គទាំងនោះ មានសេចក្តីត្រិះរិះ ដូច្នេះថា ដំណើរដែលយើងត្រាច់ទៅបិណ្ឌបាត ក្នុងហលិទ្ទវសននិគម នៅព្រឹកណាស់នៅឡើយ បើដូច្នោះ គួរតែពួកយើង ចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយសិនចុះ។

[៥៨៤] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ ក៏បាននាំគ្នាចូលទៅឯអារាម របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកខ្ញុំព្រះអង្គ អង្គុយក្នុងទីដ៏សមគួរហើយ ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ បាននិយាយដូច្នេះថា នែលោកដ៏មានអាយុទាំងឡាយ ព្រះសមណគោតម តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ ចូរមកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញា ឲ្យមានកម្លាំងថយ រួចផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៥] ចិត្ត ប្រកបដោយករុណា។

[៥៨៦] ចិត្ត ប្រកបដោយមុទិតា។

[៥៨៧] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួងតាមទំនងនេះចុះ។

[៥៨៨] នែលោកដ៏មានអាយុទាំងឡាយ សូម្បីពួកយើង ក៏តែងសំដែងធម៌ ប្រាប់សាវកទាំងឡាយ យ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ចូរអ្នកទាំងឡាយ មកអាយ ចូរអ្នកទាំងឡាយ លះបង់នីវរណធម៌៥ ជាគ្រឿងសៅហ្មងចិត្ត ដែលធ្វើប្រាជ្ញាឲ្យមានកម្លាំងថយ ចូរផ្សាយចិត្ត ប្រកបដោយមេត្តា ទៅកាន់ទិសទី១។បេ។

[៥៨៩] ចិត្ត ប្រកបដោយករុណា។

[៥៩០] ចិត្ត ប្រកបដោយមុទិតា។

[៥៩១] អ្នកទាំងឡាយ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ទៅកាន់ទិសទី១ ទិសទី២ ក៏ដូចគ្នា។ ទិសទី៣ ក៏ដូចគ្នា។ ទិសទី៤ ក៏ដូចគ្នា។ ចូរផ្សាយចិត្ត ប្រកបដោយឧបេក្ខា ជាចិត្តធំទូលាយ មិនមានប្រមាណ មិនមានពៀរ មិនមានព្យាបាទ ទៅកាន់សត្វលោកទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ដោយការយកខ្លួនទៅប្រៀបផ្ទឹមនឹងសត្វទាំងអស់ ក្នុងទីទាំងពួង ដូច្នេះដែរ។

[៥៩២] នែលោកដ៏មានអាយុទាំងឡាយ ចុះក្នុងដំណើរនេះ តើមានសេចក្តីវិសេសដូចម្តេច មានសេចក្តីអធិប្បាយដូចម្តេច មានអំពើផ្សេងគា្នដូចម្តេច របស់ព្រះសមណគោតមក្តី យើងក្តី អំពីដំណើរធម៌ទេសនា នឹងធម៌ទេសនា អំពីពាក្យប្រៀនប្រដៅ នឹងពាក្យប្រៀនប្រដៅ។

[៥៩៣] សូមទ្រង់ព្រះមេត្តាប្រោស វេលានោះ ពួកខ្ញុំព្រះអង្គ មិនបានត្រេកអរ មិនឃាត់ហាមភាសិត របស់ពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះទេ លុះមិនត្រេកអរ មិនឃាត់ហាមហើយ ក៏ក្រោកចាកអាសនៈ ដើរចេញមក ដោយគិតគ្នាថា យើងគង់នឹងដឹងសេចក្តី នៃភាសិតនុ៎ះ ក្នុងសំណាក់ព្រះដ៏មានព្រះភាគមិនខាន។

[៥៩៤] ម្នាលភិក្ខុទាំងឡាយ បើពួកបរិព្វាជក ជាអន្យតិរិ្ថយ និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវសួរយ៉ាងនេះវិញថា ម្នាលអាវុសោទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះករុណាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះមុទិតាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ចុះឧបេក្ខាចេតោវិមុត្តិ ត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បើអ្នកទាំងឡាយ សួរយ៉ាងនេះ ពួកបរិព្វាជក ជាអន្យតិរិ្ថយ មុខជានឹងដោះស្រាយមិនរួចផង នឹងដល់ នូវសេចក្តីចង្អៀតចង្អល់ចិត្ត ដ៏ក្រៃលែងផង។ ដំណើរនោះ ព្រោះហេតុដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ព្រោះដំណើរនោះ មិនជាវិស័យ របស់ពួកអន្យតិរិ្ថយបរិព្វាជកទេ។ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគត មិនឃើញអ្នកណា អាចដោះស្រាយប្រស្នាទាំងនេះ ឲ្យពេញចិត្តបានឡើយ លើកលែងតែតថាគត ឬសាវករបស់តថាគត ឬក៏បុគ្គល ដែលបានស្តាប់អំពីសាវក របស់តថាគតមក។

[៥៩៥] ម្នាលភិក្ខុទាំងឡាយ ចុះមេត្តាចេតោវិមុត្តិ តើត្រូវចំរើនដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លាដូចម្តេច មានផលដូចម្តេច មានទីបំផុតដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមេត្តា។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមេត្តា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាប់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវធម៌ ជាគ្រឿងរលត់ បង្អោនទៅកាន់ការលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មា មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលគួរខ្ពើម ថាជារបស់មិនគួរខ្ពើមវិញ ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះ ថាមិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើម និងគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញមានសេចក្តីសំគាល់ ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើមដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យ អាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ឬក៏បានសម្រេចវិមោក្ខដ៏ល្អ។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅមេត្តាចេតោវិមុត្តិថា ជាគុណជាតិល្អក្រៃលែង។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ បា្រជ្ញាក៏គង់មានក្នុងលោកនេះដែរ។

[៥៩៦] ម្នាលភិក្ខុទាំងឡាយ ករុណាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយករុណា។ បេ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយករុណា ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ទៅជាអ្នកមានសេចក្តីសំគាល់ ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈ ក្នុងរបស់នោះ ហើយកន្លងបង់នូវរូបសញ្ញាសព្វអន្លើ រលត់នូវបដិឃសញ្ញា មិនយកចិត្តទុកដាក់ នូវនានត្តសញ្ញា ក៏ចូលកាន់អាកាសានញ្ចាយតនៈ ដោយបរិកម្មថា អាកាសមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅករុណាចេតោវិមុត្តិថា មានអាកាសានញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។

[៥៩៧] ម្នាលភិក្ខុទាំងឡាយ មុទិតាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយមុទិតា។ បេ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយមុទិតា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាស់ចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់ដែលមិនគួរខ្ពើម ថាជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន។ បេ។ បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ជាអ្នកព្រងើយកន្តើយ មានសតិសម្បជញ្ញៈ ក្នុងរបស់នោះ ក៏កន្លងបង់នូវអាកាសានញ្ចាយតនៈសព្វអន្លើ រួចចូលកាន់វិញ្ញាណញ្ចាយតនៈ ដោយបរិកម្មថា វិញ្ញាណមិនមានទីបំផុត។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅមុទិតាចេតោវិមុត្តិថា ជា វិញ្ញាណញ្ចាយតនៈដ៏ឧត្តម។ បើភិក្ខុមិនទាន់ចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។

[៥៩៨] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាចេតោវិមុត្តិ តើត្រូវចំរើន ដូចម្តេច មានគតិដូចម្តេច មានសេចក្តីថ្លៃថ្លា ដូចម្តេច មានផល ដូចម្តេច មានទីបំផុត ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា។ បេ។ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយឧបេក្ខា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ បើភិក្ខុនោះ ប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់ដែលមិនគួរខ្ពើមថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើម បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ ក្នុងរបស់មិនគួរខ្ពើមផង គួរខ្ពើមផងថា ជារបស់គួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់គួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ មានសេចក្តីសំគាល់ក្នុងរបស់គួរខ្ពើម និងមិនគួរខ្ពើមថា ជារបស់មិនគួរខ្ពើម ដូច្នេះ ជាអ្នកមានសេចក្តីសំគាល់ក្នុងរបស់នោះថា ជារបស់មិនគួរខ្ពើមមែន បើប្រាថ្នាថា សូមឲ្យអាត្មាអញ កុំជាប់ជំពាក់នឹងរបស់ទាំង ២ នោះ គឺរបស់មិនគួរខ្ពើម និងរបស់គួរខ្ពើម ហើយជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈដូច្នេះ ទៅជាអ្នកព្រងើយកន្តើយ ប្រកបដោយសតិសម្បជញ្ញៈក្នុងរបស់នោះ ក៏កន្លងនូវវិញ្ញាណញ្ចាយតនៈសព្វអន្លើ រួចចូលកាន់អាកិញ្ចិញ្ញាយតនៈ ដោយបរិកម្មថា វត្ថុតិចតួចមិនមាន។ ម្នាលភិក្ខុទាំងឡាយ តថាគត ហៅឧបេក្ខាចេតោវិមុត្តិថា មានអាកិញ្ចិញ្ញាយតនៈដ៏ក្រៃលែង។ បើភិក្ខុមិនចាក់ធ្លុះ នូវវិមុត្តិដ៏លើសលុបទេ ប្រាជ្ញាក៏គង់មានក្នុងលោកនេះដែរ។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.054.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann