km:tipitaka:sut:sn:46:sut.sn.46.055



(សង្គារវ)សូត្រ ទី៥

សង្ខេប

ហេតុ​អ្វី​ពេល​ស្តាប់​ការ​បង្រៀន ពេល​ខ្លះ​យល់​លឿន ហើយ​ពេល​ខ្លះ​អត់​យល់? តើ​​ការ​​រំដោះ​​អាច​​ត្រូវ​​តាម​​ដាន​​ពេល​​កាន់​​ជំហរ​​ឬ​​ទេ?

sn 46.055 បាលី cs-km: sut.sn.46.055 អដ្ឋកថា: sut.sn.46.055_att PTS: ?

(សង្គារវ)សូត្រ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៥. សង្គារវសុត្តំ)

[៥៩៩] សាវត្ថីនិទាន។ គ្រានោះឯង សគារវព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីយរាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះសគារវព្រាហ្មណ៍ អង្គុយក្នុងទីដ៏សមគួរហើយ ទើបទូលសួរសេចក្តីនេះ ចំពោះព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាល មន្តទាំងឡាយ គេស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។ បពិត្រព្រះគោតមដ៏ចំរើន មួយទៀត ហេតុដូចម្តេច បច្ច័យដូចម្តេច បានជាជួនកាលមន្តទាំងឡាយ គេមិនស្វាធ្យាយ អស់កាលយូរអង្វែងទេ តែភ្លឺច្បាស់បាន មន្តដែលគេស្វាធ្យាចំាបាច់និយាយថ្វី។

[៦០០] ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០១] ម្នាលព្រាហ្មណ៍ បាត្រដែលគេដាក់ទឹកលាយដោយល័ក្ខ ឬរមៀត ឬវត្ថុខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ មិនដឹង មិនឃើញនូវការរលាស់កាមរាគៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះដែរ។

[៦០២] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ មិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់ លាស់បានទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលគេមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៣] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក កំពុងតែក្តៅ ពុះពោរដោយភ្លើង មានចំហាយទឹកហុយឡើង បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងបាត្រ ដែលដាក់ទឹកនោះ ក៏មិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាយ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទរួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ព្យាបាទ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យយ៉ាងនោះ។

[៦០៤] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏នៅតែមិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៥] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មានសារាយ និងចក ត្រៀបត្រាជុំជិត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ រមែងមិនដឹង មិនឃើញច្បាស់លាស់ឡើយ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត ដែលថីនមិទ្ធៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦០៦] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ឲ្យច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញ នូវប្រយោជន៍របស់ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៧] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក ត្រូវខ្យល់បក់បោក រំភើប បែកកើតជារលក បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈគ្របសង្កត់ រមែងមិនដឹង មិនឃើញ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦០៨] ម្នាលព្រាហ្មណ៍ មួយវិញទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់ទេ ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង នូវប្រយោជន៍អ្នកដទៃផង។ បេ។ ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញ នូវប្រយោជន៍ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយអស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦០៩] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកល្អក់ កករ កើតជាកណ្តេង គេទុកដាក់ក្នុងទីងងឹត បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ មិនគប្បីដឹង មិនគប្បីឃើញច្បាស់លាស់ឡើយ សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ហើយ រមែងមិនដឹង មិនឃើញនូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ច្បាស់លាស់បាន ក្នុងសម័យណា ក្នុងសម័យនោះ រមែងមិនដឹង មិនឃើញនូវប្រយោជន៍ខ្លួនច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍អ្នកដទៃច្បាស់លាស់ផង ក្នុងសម័យនោះ មិនដឹង មិនឃើញនូវប្រយោជន៍ ទាំង ២ ច្បាស់លាស់ផង ឯមន្តទាំងឡាយ បើទុកជាស្វាធ្យាយ អស់កាលយូរអង្វែង ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចំាបាច់និយាយថ្វី ក៏មានឧបមេយ្យដូច្នោះដែរ។

[៦១០] ម្នាលព្រាហ្មណ៍ នេះជាហេតុ នេះជាបច្ច័យ បានជាជួនកាលមន្តទាំងឡាយ សូម្បីស្វាធ្យាយ អស់កាលយូរអង្វែងហើយ ក៏មិនភ្លឺច្បាស់បាន មន្តដែលមិនស្វាធ្យាយ ចាំបាច់និយាយថ្វី។

[៦១១] ម្នាលព្រាហ្មណ៍ បើសម័យណា បុគ្គលមានចិត្តដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់កាមរាគៈ ដែលកើតហើយ សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង សម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ ទាំង ២ ផង ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១២] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹក មិនលាយល័ក្ខ ឬរមៀត ឬវត្ថុមានពណ៌ខៀវ ឬក៏វត្ថុមានពណ៌ហង្សបាទទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន សេចក្តីនេះ មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលកាមរាគៈមិនរួបរឹត ដែលកាមរាគៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែលកើតហើយ ក្នុងសម័យណា មានឧបមេយ្យ ដូច្នោះដែរ។

[៦១៣] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៤] ម្នាលព្រាហ្មណ៍ បាត្រពេញដោយទឹកមិនក្តៅ មិនពុះពោរដោយភ្លើង មិន មានចំហាយទឹកហុយឡើងទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន យ៉ាងណាមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលព្យាបាទមិនរួបរឹត ដែលព្យាបាទមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចាំបាច់និយាយថ្វី យ៉ាងនោះដែរ។

[៦១៥] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៦] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនមានសារាយ និងចកត្រៀបត្រា ជុំជិតទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍បុគ្គលមានចិត្ត ដែលថីនមិទ្ធៈមិនរួបរឹត ដែលថីនមិទ្ធៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ថីនមិទ្ធៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦១៧] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦១៨] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹក មិនត្រូវខ្យល់បក់បោក មិនរំភើប មិនបែក មិនកើតទៅជារលកទេ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈមិនរួបរឹត ដែលឧទ្ធច្ចកុក្កុច្ចៈមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់ឧទ្ធច្ចកុក្កុច្ចៈ ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង នូវប្រយោជន៍អ្នកដទៃផង។ នូវប្រយោជន៍ទាំង ២ ផង។ បេ។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦១៩] ម្នាលព្រាហ្មណ៍ មួយទៀត បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់ នូវការរលាស់វិចិកិច្ឆាដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង។ បេ។

[៦២០] ម្នាលព្រាហ្មណ៍ បាត្រដែលពេញដោយទឹកថ្លា ស្អាតមិនល្អក់ គេទុកដាក់ក្នុងកន្លែងភ្លឺ បុរសមានភ្នែកភ្លឺ ឆ្លុះមើលស្រមោលមុខរបស់ខ្លួន ក្នុងទឹកនោះ គប្បីដឹងច្បាស់ ឃើញច្បាស់បាន មានឧបមាដូចម្តេចមិញ។ ម្នាលព្រាហ្មណ៍ បុគ្គលមានចិត្តដែលវិចិកិច្ឆាមិនរួបរឹត ដែលវិចិកិច្ឆាមិនគ្របសង្កត់ រមែងដឹងច្បាស់ ឃើញច្បាស់នូវការរលាស់វិចិកិច្ឆា ដែលកើតហើយ ក្នុងសម័យណា ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់ នូវប្រយោជន៍ខ្លួនផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍អ្នកដទៃផង ក្នុងសម័យនោះ រមែងដឹងច្បាស់ ឃើញច្បាស់នូវប្រយោជន៍ទាំង ២ ផង។ ឯមន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយអស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី មានឧបមេយ្យដូច្នោះដែរ។

[៦២១] ម្នាលព្រាហ្មណ៍ នេះឯងជាហេតុ នេះឯងជាបច្ច័យ ដែលជួនណា មន្តទាំងឡាយ បើទុកជាមិនស្វាធ្យាយ អស់កាលយូរ ក៏គង់ភ្លឺច្បាស់បាន មន្តដែលស្វាធ្យាយ ចំាបាច់និយាយថ្វី។

[៦២២] ម្នាលព្រាហ្មណ៍ ពោជ្ឈង្គទាំង ៧ នេះឯង ជាធម៌មិនរារាំង មិនបាំងបិទមិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលព្រាហ្មណ៍ សតិសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបិទបាំង មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ បេ។ ម្នាលព្រាហ្មណ៍ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត បើអប់រំបន្ទុំឲ្យច្រើនហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។ ម្នាលព្រាហ្មណ៍ ពោជ្ឈង្គ ទាំង ៧ នេះហើយ ដែលជាធម៌មិនរារាំង មិនបាំងបិទ មិនមានគ្រឿងសៅហ្មងចិត្ត ដែលអប់រំបន្ទុំហើយ តែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវផលនៃវិជ្ជា និងវិមុត្តិ។

[៦២៣] កាលដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ សគារវព្រាហ្មណ៍ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ពីរោះណាស់។ បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក ដល់នូវសរណគមន៍ ស្មើដោយជីវិត ចាប់តាំងអំពីថ្ងៃនេះតទៅ។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.055.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann