km:tipitaka:sut:sn:46:sut.sn.46.056



(អភយ)សូត្រ ទី៦

សង្ខេប

ឧបសគ្គ ៥ យ៉ាង​ដែល​មិន​​ឱ្យ​ការ​មើល​ឃើញ​ការ​ពិត និង ៧ ពំនឹង​ឆ្ពោះ​ទៅ​រក​ការ​ពិត។

sn 46.056 បាលី cs-km: sut.sn.46.056 អដ្ឋកថា: sut.sn.46.056_att PTS: ?

(អភយ)សូត្រ ទី៦

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៦. អភយសុត្តំ)

[៦២៤] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយព្រះដ៏មានព្រះភាគ ទ្រង់សម្រេចព្រះឥរិយាបថលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ។ គ្រានោះឯង អភយរាជកុមារស្តេចចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក៏ថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះអភយរាជកុមារ គង់ក្នុងទីដ៏សមគួរហើយ ទើបទ្រង់ត្រាស់សួរព្រះដ៏មានព្រះភាគ ដូច្នេះថា

[៦២៥] បពិត្រព្រះអង្គដ៏ចំរើន បូរណកស្សប បាននិយាយយ៉ាងនេះថា ហេតុបច្ច័យ នៃការមិនដឹង មិនឃើញ មិនមានឡើយ ការមិនដឹង មិនឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ហេតុបច្ច័យនៃការដឹង ការឃើញ មិនមានឡើយ ការដឹង ការឃើញ ឥតមានហេតុ ឥតមានបច្ច័យទេ។ ចុះព្រះអង្គ ទ្រង់ត្រាស់ក្នុងសេចក្តីនេះ ថាដូចម្តេច។

[៦២៦] ម្នាលរាជកុមារ ហេតុបច្ច័យនៃការមិនដឹង មិនឃើញ រមែងមាន ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ។ ម្នាលរាជកុមារ ហេតុបច្ច័យ នៃការដឹង ការឃើញ មាន ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ។

[៦២៧] បពិត្រព្រះអង្គដ៏ចំរើន ហេតុ បច្ច័យ នៃការមិនដឹង មិនឃើញ តើដូចម្តេច។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។

[៦២៨] ម្នាលរាជកុមារ ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលកាមរាគៈរួបរឹត ដែលកាមរាគៈគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់កាមរាគៈ ដែល កើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦២៩] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលព្យាបាទ រួបរឹត ដែលព្យាបាទគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់ព្យាបាទ ដែលកើតហើយ។ ម្នាលរាជកុមារ នេះឯង ជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣០] ម្នាលរាជកុមារ មួយទៀត ក្នុងសម័យដែលបុគ្គលមានចិត្ត ដែលថីនមិទ្ធៈរួបរឹត។

[៦៣១] បុគ្គលមានចិត្ត ដែលឧទ្ធច្ចកុក្កុច្ចៈរួបរឹត។

[៦៣២] បុគ្គលមានចិត្ត ដែលវិចិកិច្ឆារួបរឹត ដែលវិចិកិច្ឆាគ្របសង្កត់ រមែងមិនដឹង មិនឃើញច្បាស់ នូវការរលាស់វិចិកិច្ឆា ដែលកើតហើយទេ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការមិនដឹង មិនឃើញ។ ការមិនដឹង មិនឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះឯង។

[៦៣៣] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនុ៎ះ ឈ្មោះថា នីវរណៈ។ បពិត្រព្រះដ៏មានព្រះភាគ ឲ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះសុគត ឲ្យឈ្មោះថា នីវរណៈ សមហើយ បពិត្រព្រះអង្គដ៏ចំរើន សូម្បីបុគ្គល ដែលមានតែនីវរណៈមួយ ៗ គ្របសង្កត់ គង់មិនគប្បីដឹង មិនគប្បីឃើញច្បាស់ទៅហើយ នឹងបាច់និយាយថ្វី ដល់ទៅនីវរណៈធម៌ ទាំង ៥ គ្របសង្កត់។

[៦៣៤] បពិត្រព្រះអង្គដ៏ចំរើន ចុះហេតុ បច្ច័យ នៃការដឹង ការឃើញ តើដូចម្តេច។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ ដូចម្តេច។

[៦៣៥] ម្នាលរាជកុមារ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនសតិសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៦] ម្នាលរាជកុមារ មួយទៀត ភិក្ខុ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវការប្រាសចាករាគៈ អាស្រ័យនូវការរលត់ បង្អោនទៅកាន់សេចក្តីលះបង់។ ភិក្ខុនោះ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ក៏ដឹងច្បាស់ ឃើញច្បាស់ ដោយសារចិត្តនោះ។ ម្នាលរាជកុមារ នេះឯងជាហេតុ នេះឯងជាបច្ច័យ នៃការដឹង ការឃើញ។ ការដឹង ការឃើញ រមែងមានហេតុ មានបច្ច័យ យ៉ាងនេះ។

[៦៣៧] បពិត្រព្រះអង្គដ៏ចំរើន ធម្មបរិយាយនេះ តើឈ្មោះដូចម្តេច។ ម្នាលរាជកុមារ ធម្មបរិយាយទាំងនេះ ឈ្មោះថា ពោជ្ឈង្គ។ បពិត្រព្រះដ៏មានព្រះភាគ ឈ្មោះថាពោជ្ឈង្គសមហើយ បពិត្រព្រះសុគត ឈ្មោះពោជ្ឈង្គ សមហើយ បពិត្រអង្គដ៏ចំរើន សូម្បីបុគ្គល ដែលប្រកបដោយពោជ្ឈង្គមួយ ៗ ក៏គប្បីដឹងច្បាស់ ឃើញច្បាស់ទៅហើយ នឹងចាំបាច់និយាយថ្វី ដល់ទៅបុគ្គល ប្រកបដោយពោជ្ឈង្គ ទាំង ៧។ បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គឡើងភ្នំគិជ្ឈកូដ ក៏មានសេចក្តីលំបាកកាយ លំបាកចិត្ត. ( ឥឡូវ ) ខ្ញុំព្រះអង្គ បានរម្ងាប់សេចក្តីលំបាកកាយ និងលំបាកចិត្តនោះហើយ ទាំងធម៌ ខ្ញុំព្រះអង្គ ក៏បានត្រាស់ដឹងច្បាស់ហើយ។

មានឧទានថា

គឺនិយាយអំពីអាហារ អំពីបរិយាយ អំពីភ្លើង អំពីផ្សាយមេត្តា អំពីរឿងសគារវព្រាហ្មណ៍ អំពីរឿងអភយរាជកុមារ សួរប្រស្នានាភ្នំគិជ្ឈកូដ។

ចប់ ពោជ្ឈង្គសំយុត្ត ពោជ្ឈង្គឆដ្ឋក ទី៦។

ពោជ្ឈង្គ

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.056.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann