km:tipitaka:sut:sn:46:sut.sn.46.076



(និរោធ)សូត្រ ទី១០

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 46.076 បាលី cs-km: sut.sn.46.076 អដ្ឋកថា: sut.sn.46.076_att PTS: ?

(និរោធ)សូត្រ ទី១០

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. និរោធសុត្តំ)

[៦៦២] ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ ជាគុណជាតិ រមែងមានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ជាគុណជាតិ មានផលច្រើន មានអានិសង្សច្រើន។

[៦៦៣] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាននៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ ដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបបណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា ដែលអាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ និរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើន យ៉ាងនេះហើយ បណ្តាផលទាំង ២ ផលណាមួយ ក៏កើតជាក់ស្តែង គឺបានអរហត្តផល ក្នុងបច្ចុប្បន្ន ឬបើឧបាទាន នៅមានសេសសល់ ក៏គង់បានអនាគាមិផលដែរ។

[៦៦៤] ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ចុះនិរោធសញ្ញា ដែលបុគ្គលបានចំរើនហើយដូចម្តេច បានធ្វើឲ្យច្រើនហើយ ដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ប្រកបដោយនិរោធសញ្ញា អាស្រ័យនូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យនូវសេចក្តីប្រាសចាកតម្រេក អាស្រ័យនូវការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលបើនិរោធសញ្ញា ដែលបុគ្គលបានចំរើនយ៉ាងនេះហើយ បានធ្វើឲ្យច្រើនយ៉ាងនេះហើយ ទើបប្រព្រឹត្តទៅ ដើម្បីប្រយោជន៍ដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីក្សេមចាកយោគៈដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីសេចក្តីសំវេគដ៏ធំ។ ប្រព្រឹត្តទៅ ដើម្បីការនៅជាសុខដ៏ធំ។

[៦៦៥] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើននូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើនូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុចំរើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (គប្បីសម្តែងបាលីឲ្យពិស្តារ ដរាបដល់ការស្វែងរកផងចុះ)។

[៦៦៦] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចំរើនពោជ្ឈង្គ ទាំង ៧ តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាកតម្រេក អាស្រ័យការរលត់ បង្អោនទៅកាន់ការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ នេះ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ទាំង ៥ នេះឯង។

[៦៦៧] ម្នាលភិក្ខុទាំងឡាយ ទន្លេគង្គា មានទំនាបទៅខាងកើត ជម្រាលទៅខាងកើត ឈមទៅខាងកើត យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈ ជាទីបំផុត មានការលះបង់ទោសៈ ជាទីបំផុត មានការលះបង់មោហៈ ជាទីបំផុត។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើនពោជ្ឈង្គ ទាំង ៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង ៧ រមែងជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។ (ត្រូវធ្វើបាលីឲ្យពិស្តារ តាំងអំពី ឯសនា រហូតដល់ការលះបង់រាគៈ ជាទីបំផុត យ៉ាងនេះផងចុះ)។

[៦៦៨] ម្នាលភិក្ខុទាំងឡាយ ឧទ្ធម្ភាគិយសំយោជនៈនេះ មាន ៥ យ៉ាង។ ឧទ្ធម្ភាគិយសំយោជនៈ ៥ យ៉ាង តើដូចម្តេចខ្លះ។ គឺរូបរាគៈ ១ អរូបរាគៈ ១ មានះ ១ ឧទ្ធច្ចៈ ១ អវិជ្ជា ១។ ម្នាលភិក្ខុទាំងឡាយ ទាំង ៥ នេះឯង ហៅថា ឧទ្ធម្ភាគិយសំយោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះចេញ។ ចំរើននូវពោជ្ឈង្គ ទាំង ៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ។ បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលមានការលះបង់រាគៈជាទីបំផុត មានការលះបង់ទោសៈជាទីបំផុត មានការលះបង់មោហៈជាទីបំផុត ជាធម៌យាងចុះកាន់ព្រះនិព្វាន ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន មានព្រះនិព្វានជាទីបំផុត ជ្រាលទៅរកព្រះនិព្វាន ឱនទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគួរចំរើនពោជ្ឈង្គ ទាំង ៧ ដើម្បីដឹងច្បាស់ ដើម្បីកំណត់ដឹង ដើម្បីអស់ទៅ ដើម្បីលះបង់ នូវឧទ្ធម្ភាគិយសំយោជនៈ ៥ នេះឯង។ (មគ្គសំយុត្ត បណ្ឌិតត្រូវធ្វើឲ្យពិស្តារយ៉ាងណា ពោជ្ឈង្គសំយុត្ត ក៏ត្រូវធ្វើឲ្យពិស្តារយ៉ាងនោះដែរ)។

អសុភសញ្ញា ១ មរណសញ្ញា ១ អាហារេបដិកូលសញ្ញា ១ សព្វលោកេ អនភិរតសញ្ញា ១ អនិច្ចសញ្ញា ១ អនិច្ចេទុក្ខសញ្ញា ១ ទុក្ខេអនត្តសញ្ញា ១ បហានសញ្ញា ១ វិរាគសញ្ញា ១ និរោធសញ្ញា ១ រួមទាំងអស់ ត្រូវជា ១០គត់។

ចប់ ពោជ្ឈង្គសំយុត្ត និរោធវគ្គ ទី៨។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.076.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann