km:tipitaka:sut:sn:46:sut.sn.46.v01



បព្វតវគ្គ ទី១

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 46.v01 បាលី cs-km: sut.sn.46.v01 អដ្ឋកថា: sut.sn.46.v01_att PTS: ?

បព្វតវគ្គ ទី១

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១. បព្វតវគ្គោ)

(ហិមវន្ត)សូត្រ ទី១

(១. ហិមវន្តសុត្តំ)

[៣៥៥] ម្នាលភិក្ខុទាំងឡាយ នាគទាំងឡាយ តែងធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ព្រោះអាស្រ័យស្តេចភ្នំឈ្មោះ ហិមវន្ត នាគទាំងនោះ លុះធ្វើរាងកាយឲ្យចំរើន ឲ្យមានកម្លាំង ក្នុងស្តេចភ្នំឈ្មោះ ហិមវន្តនោះហើយ ទើបចុះក្នុងបឹងតូច លុះចុះក្នុងបឹងតូចហើយ ទើបចុះក្នុងបឹងធំ លុះចុះក្នុងបឹងធំហើយ ទើបចុះក្នុងស្ទឹងតូច លុះចុះក្នុងស្ទឹង តូចហើយ ទើបចុះក្នុងស្ទឹងធំ លុះចុះក្នុងស្ទឹងធំហើយ ទើបចុះកាន់មហាសមុទ្ទសាគរ នាគទាំងនោះ រមែងមានកាយដល់នូវការចំរើន ធំទូលាយ ក្នុងមហាសមុទ្ទសាគរនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើននូវពោជ្ឈង្គ (អង្គនៃធម៌ ជាគ្រឿងត្រាស់ដឹង) ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

[៣៥៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងស៊ប់នៅក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ តែងដល់នូវការ ចំរើន ធំ ទូលាយ ក្នុងធម៌ទាំងឡាយ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់ ចំរើនធម្មវិចយសម្ពោជ្ឈង្គ។បេ។ ចំរើនវីរិយសម្ពោជ្ឈង្គ។ ចំរើនបីតិសម្ពោជ្ឈង្គ។ ចំរើនបស្សទ្ធិសម្ពោជ្ឈង្គ។ ចំរើន សមាធិសម្ពោជ្ឈង្គ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ មា្នលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងនៅស៊ប់ក្នុងសីល កាលចំរើន នូវពោជ្ឈង្គ ទាំង៧ កាលធ្វើឲ្យក្រាស់ក្រែល នូវពោជ្ឈង្គ ទាំង៧ រមែងដល់នូវការចំរើន ធំទូលាយ ក្នុងធម៌ទាំងឡាយ យ៉ាងនោះឯង។

(កាយ)សូត្រ ទី២

(២. កាយសុត្តំ)

[៣៥៧] ម្នាលភិក្ខុទាំងឡាយ កាយនេះតាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥ តាំងនៅដោយសារអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

[៣៥៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយឡើង។ ម្នាលភិក្ខុទាំងឡាយ សុភនិមិត្ត រមែងមានការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងសុភនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងកាមច្ឆន្ទៈ មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។

[៣៥៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ បដិឃនិមិត្ត (និមិត្តនាំឲ្យចង្អៀតចង្អល់ចិត្ត) រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងបដិឃនិមិត្តនោះ នេះជាអាហារ ដែលញ៉ាំងព្យាបាទមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងព្យាបាទ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។

[៣៦០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីធុញទ្រាន់ សេចក្តីខ្ជិល មិតពត់កាយ ពុលបាយ រួញរាចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តខុសទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងការទាំងនោះ នេះជាអាហារ ដែលញ៉ាំងថីនមិទ្ធមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងថីនមិទ្ធ ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។

[៣៦១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ច មិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីមិនស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងរឿងនោះ នេះជាអាហារ ដែលញ៉ាំងឧទ្ធច្ចកុក្កុច្ចមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងឧទ្ធច្ចកុក្កុច្ច ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។

[៣៦២] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ ដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយ ឲ្យរឹតតែកើតធំទូលាយទៅ។ ម្នាលភិក្ខុទាំងឡាយ ធម៌ដែលជាទីតាំង នៃវិចិកិច្ឆា រមែងមាន ការធ្វើទុកក្នុងចិត្តមិនត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារដែលញ៉ាំងវិចិកិច្ឆាមិនទាន់កើតឡើង ឲ្យកើតឡើង ឬញ៉ាំងវិចិកិច្ឆា ដែលកើតឡើងហើយឲ្យរឹតតែកើតធំទូលាយទៅ។

[៣៦៣] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ នីវរណៈ ទាំង៥នេះ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ ក៏តាំងនៅមិនបានទេ យ៉ាងនោះដែរ។

[៣៦៤] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

[៣៦៥] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃសតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។

[៣៦៦] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាកុសល និងអកុសល ធម៌ដែល ប្រកបដោយទោស និងមិនមានទោស ធម៌ថោកទាប និងឧត្តម ធម៌ជាចំណែកខុសគ្នា គឺធម៌ខ្មៅ និងធម៌ស រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែលក្នុងធម៌ទាំងនោះ នេះជាអាហារ នាំធម្មវិចយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំធម្មវិចយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។

[៣៦៧] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធាតុ គឺសេចក្តីផ្តួចផ្តើម ធាតុ គឺសេចក្តីព្យាយាម ធាតុ គឺសេចក្តីខ្នះខ្នែង ប្រឹងប្រែង រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធាតុទាំងនោះ នេះជាអាហារ នាំវីរិយសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំវីរិយសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។

[៣៦៨] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃបីតិសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំបីតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបីតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។

[៣៦៩] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ សេចក្តីស្ងប់កាយ សេចក្តីស្ងប់ចិត្ត រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងធ្វើឲ្យក្រាស់ក្រែល ក្នុងសេចក្តីស្ងប់ទាំងនោះ នេះជាអាហារនាំបស្សទ្ធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំបស្សទ្ធិសម្ពោជ្ឈង្គដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។

[៣៧០] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសមាធិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ហេតុនៃការតាំងចិត្តមាំ ហេតុមិនរាយមាយ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងហេតុទាំងនោះ នេះជាអាហារ នាំសមាធិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំសមាធិសម្ពោជ្ឈង្គដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។

[៣៧១] ម្នាលភិក្ខុទាំងឡាយ អ្វីជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើនពេញលេញឡើងបាន។ ម្នាលភិក្ខុទាំងឡាយ ធម៌ជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ រមែងមាន ការធ្វើទុកក្នុងចិត្តត្រូវទំនង និងការធ្វើឲ្យក្រាស់ក្រែល ក្នុងធម៌ទាំងនោះ នេះជាអាហារ នាំឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើង ឬនាំឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ឲ្យរឹងរឹតតែចំរើន ពេញលេញឡើងបាន។

[៣៧២] ម្នាលភិក្ខុទាំងឡាយ កាយនេះតែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារ ទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះសោត តែងតាំងនៅ ព្រោះអាហារ អាស្រ័យអាហារទើបតាំងនៅបាន មិនមានអាហារ តាំងនៅមិនបានទេ ក៏យ៉ាងនោះដែរ។

(សីល)សូត្រ ទី៣

(៣. សីលសុត្តំ)

[៣៧៣] ម្នាលភិក្ខុទាំងឡាយ ភិក្ខុទាំងឡាយឯណា បរិបូណ៌ដោយសីល បរិបូណ៌ដោយសមាធិ បរិបូណ៌ដោយបញ្ញា បរិបូណ៌ដោយផលវិមុត្តិ បរិបូណ៌ដោយវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ម្នាលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការឃើញ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការស្តាប់ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគតសរសើរ នូវការចូលទៅរកភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការចូលទៅអង្គុយជិតភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការរឭករឿយៗ នូវភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន មា្នលភិក្ខុទាំងឡាយ តថាគត សរសើរនូវការបួសតាមភិក្ខុទាំងនោះ ថាជាការមានឧបការៈច្រើន។ ដំណើរនោះ តើព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះបុគ្គលបានស្តាប់ធម៌ របស់ពួកភិក្ខុបែបនោះហើយ រមែងឃា្លតចេញ ដោយការឃ្លាតកាយ និងការឃ្លាតចិត្តទាំងពីរ កាលបើភិក្ខុនោះ ឃ្លាតចេញដូច្នោះហើយ រមែងរឭករឿយៗ ត្រិះរិះរឿយៗ នូវធម៌នោះ។

[៣៧៤] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបានឃ្លាតចេញ យ៉ាងនោះ ហើយរឭករឿយៗ ពិចារណារឿយៗ នូវធម៌នោះ សតិសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនសតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុក្នុងសម័យនោះ ភិក្ខុនោះដែលបាននឹករឭកដូច្នោះ ឈ្មោះថា ពិចារណា ត្រិះរិះ គន់រក នូវធម៌នោះ ដោយបញ្ញា។

[៣៧៥] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុបាននឹករឭកដូច្នោះ ពិចារណាត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញាហើយ ធម្មវិចយសម្ពោជ្ឈង្គ ឈ្មោះថាភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើនធម្មវិចយសម្ពោជ្ឈង្គ ក្នុងសម័យនោះ ធម្មវិចយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលភិក្ខុនោះ ពិចារណា ត្រិះរិះ គន់រកនូវធម៌នោះ ដោយបញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះថាបានប្រារព្ធហើយ។

[៣៧៦] ម្នាលភិក្ខុទាំងឡាយ សម័យណាភិក្ខុពិចារណា ត្រិះរិះគន់រក នូវធម៌នោះដោយបញ្ញា សេចក្តីព្យាយាមមិនធូរថយ ឈ្មោះថា បានប្រារព្ធហើយ វីរិយសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវវីរិយសម្ពោជ្ឈង្គ ក្នុងសម័យនោះ វីរិយសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុក្នុងសម័យនោះ បីតិដែលប្រាសចាកអាមិស រមែងកើតឡើង ដល់ភិក្ខុដែលមានព្យាយាមបរិបូណ៌ហើយ។

[៣៧៧] ម្នាលភិក្ខុទាំងឡាយ បីតិដែលប្រាសចាកអាមិស កើតឡើងដល់ភិក្ខុ ដែលបរិបូណ៌ ដោយព្យាយាមហើយ ក្នុងសម័យណា បីតិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវបីតិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បីតិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលបើភិក្ខុ មានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់បាន។

[៣៧៨] ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុមានចិត្ត ប្រកបដោយបីតិ កាយក៏ស្ងប់រម្ងាប់ ចិត្តក៏ស្ងប់រម្ងាប់ ក្នុងសម័យណា បស្សទ្ធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវបស្សទ្ធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ បស្សទ្ធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ កាលបើភិក្ខុមានកាយស្ងប់រម្ងាប់ ប្រកបដោយសេចក្តីសុខចិត្ត ក៏តាំងនៅមាំ។

[៣៧៩] ម្នាលភិក្ខុទាំងឡាយ ចិត្តរបស់ភិក្ខុអ្នកមានកាយស្ងប់រម្ងាប់ មានសេចក្តីសុខ បានតាំងមាំ ក្នុងសម័យណា ម្នាលភិក្ខុទាំងឡាយ សមាធិសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវសមាធិសម្ពោជ្ឈង្គ ក្នុងសម័យនោះ សមាធិសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើន របស់ភិក្ខុ ក្នុងសម័យនោះ ភិក្ខុនោះឈ្មោះថា ធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យជាឧបេក្ខាបានល្អ។

[៣៨០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុធ្វើចិត្តដែលតាំងមាំ យ៉ាងនោះ ឲ្យជាឧបេក្ខាបានល្អ ក្នុងសម័យណា ឧបេក្ខាសម្ពោជ្ឈង្គ ឈ្មោះថា ភិក្ខុបានប្រារព្ធហើយ ក្នុងសម័យនោះ ភិក្ខុឈ្មោះថា បានចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ក្នុងសម័យនោះ ឧបេក្ខាសម្ពោជ្ឈង្គ ក៏បានពេញលេញ ព្រោះការចំរើនរបស់ភិក្ខុ ក្នុងសម័យនោះ។

[៣៨១] ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យក្រាស់ក្រែល យ៉ាងនេះហើយ រមែងបានផល៧ អានិសង្ស៧។ ផលទាំង៧ អានិសង្សទាំង៧ តើអ្វីខ្លះ។

[៣៨២] ភិក្ខុរមែងសម្រេច នូវព្រះអរហត្ត ក្នុងបច្ចុប្បន្ននេះឯង មុន (ស្លាប់) បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ រមែងសម្រេចអរហត្ត ក្នុងកាលជិតស្លាប់។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ គង់បានជាអន្តរាបរិនិព្វាយី1) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម ៥ ទេ គង់បានជាឧបហច្ចបរិនិព្វាយី2) ព្រោះអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ។ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាអសង្ខារបរិនិព្វាយី3) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនបានសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនបានសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់បានជាសសង្ខារបរិនិព្វាយី4) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ បើមិនសម្រេចអរហត្ត ក្នុងបច្ចុប្បន្នមុនស្លាប់ទេ បើមិនសម្រេចអរហត្ត ក្នុងកាលជិតស្លាប់ទេ បើមិនបានជាអន្តរាបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាឧបហច្ចបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាអសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ បើមិនបានជាសសង្ខារបរិនិព្វាយី ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥ទេ គង់នឹងបានជាឧទ្ធំសោតអកនិដ្ឋគាមី5) ព្រោះការអស់សំយោជនៈ ជាចំណែកខាងក្រោម៥។ ម្នាលភិក្ខុទាំងឡាយ កាលបើពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ ផល៧ អានិសង្ស៧ នេះ ក៏កើតប្រាកដ។

(វត្ថ)សូត្រ ទី៤

(៤. វត្ថសុត្តំ)

[៣៨៣] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ ក្នុងទីនោះឯង ព្រះសារីបុត្តដ៏មានអាយុ បានហៅភិក្ខុទាំងឡាយថា ម្នាលអាវុសោភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះសារីបុត្តដ៏មានអាយុថា ម្នាលអាវុសោ ដូច្នេះ។ ព្រះសារីបុត្តដ៏មានអាយុ បានពោលដូច្នេះថា ម្នាលអាវុសោទាំងឡាយ ពោជ្ឈង្គនេះ មាន៧។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១ ធម្មវិចយសម្ពោជ្ឈង្គ១ វីរិយសម្ពោជ្ឈង្គ១ បីតិសម្ពោជ្ឈង្គ១ បស្សទ្ធិសម្ពោជ្ឈង្គ១ សមាធិសម្ពោជ្ឈង្គ១ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលអាវុសោទាំងឡាយ នេះឯង ពោជ្ឈង្គ ទាំង៧។

[៣៨៤] ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧ប្រការនេះឯង បើខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ប្រាថ្នានឹងនៅដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហសម័យបាន។

[៣៨៥] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំដូច្នេះសេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើសតិសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គ របស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៦] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អហើយ កាលបើឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះជាបច្ច័យ។

[៣៨៧] ម្នាលអាវុសោទាំងឡាយ ដូចទូដាក់សំពត់ ពេញដោយសំពត់ ដែលជ្រលក់ដោយពណ៌ផ្សេងៗ របស់ព្រះរាជាក្តី របស់រាជមហាមាត្យក្តី ព្រះរាជា ឬមហាមាត្យនោះ ប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងបុព្វណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកក្នុងបុព្វណ្ហសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងមជ្ឈន្តិកសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងមជ្ឈន្តិកសម័យបាន បើប្រាថ្នានឹងស្លៀកដណ្តប់គូសំពត់ណាៗ ក្នុងសាយណ្ហសម័យ ក៏យកគូសំពត់នោះៗឯង ស្លៀកដណ្តប់ក្នុងសាយណ្ហសម័យបាន យ៉ាងណាមិញ។ ម្នាលអាវុសោទាំងឡាយ បណ្តាពោជ្ឈង្គ ទាំង៧នេះឯង ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងបុព្វណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងបុព្វណ្ហសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងមជ្ឈន្តិកសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងមជ្ឈន្តិកសម័យបាន ខ្ញុំប្រាថ្នានឹងនៅ ដោយពោជ្ឈង្គណាៗ ក្នុងសាយណ្ហសម័យ ខ្ញុំក៏សម្រេចឥរិយាបថ ដោយពោជ្ឈង្គនោះៗ ក្នុងសាយណ្ហសម័យបាន ក៏យ៉ាងនោះដែរ។

[៣៨៨] ម្នាលអាវុសោទាំងឡាយ បើសតិសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះសេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា សតិសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើសតិសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គតាំងនៅ បើសតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។បេ។

[៣៨៩] ម្នាលអាវុសោទាំងឡាយ បើឧបេក្ខាសម្ពោជ្ឈង្គ កើតមានដល់ខ្ញុំ ដូច្នេះ សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ មានប្រមាណមិនបាន សេចក្តីត្រិះរិះ តែងកើតមានដល់ខ្ញុំថា ឧបេក្ខាសម្ពោជ្ឈង្គ បរិបូណ៌ល្អ កាលបើឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គតាំងនៅ បើឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ខ្ញុំក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គរបស់ខ្ញុំឃ្លាតទៅ ព្រោះហេតុនេះ ជាបច្ច័យ។

(ភិក្ខុ)សូត្រ ទី៥

(៥. ភិក្ខុសុត្តំ)

[៣៩០] គ្រានោះ ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន គេតែងនិយាយថា ពោជ្ឈង្គ ដូច្នេះ តើដោយហេតុប៉ុន្មាន។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីឲ្យត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ ដូច្នេះ។

[៣៩១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ទន់ទោរទៅក្នុងការលះបង់។បេ។

[៣៩២] ភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅក្នុងការលះបង់។

[៣៩៣] កាលបើភិក្ខុនោះ ចំរើនពោជ្ឈង្គ ទាំង៧នេះ ចិត្តក៏ផុតស្រឡះ ចាកកាមាសវៈផង ចិត្តក៏ផុតស្រឡះ ចាកភវាសវៈផង ចិត្តក៏ផុតស្រឡះ ចាកអវិជ្ជាសវៈផង។ កាលបើចិត្តផុតស្រឡះហើយ ញាណក៏កើតឡើងថា ចិត្តរួចស្រឡះហើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចារ្យ បានប្រព្រឹត្តស្រេចហើយ សោឡសកិច្ចបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលភិក្ខុ ពួកធម៌ណា ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ហេតុនោះ បានជាហៅថា ពោជ្ឈង្គ។

(កុណ្ឌលិយ)សូត្រ ទី៦

(៦. កុណ្ឌលិយសុត្តំ)

[៣៩៤] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ជិតក្រុងសាកេត។ គ្រានោះឯង បរិព្វាជក ឈ្មោះ កុណ្ឌលិយ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះកុណ្ឌលិយបរិព្វាជក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ខ្ញុំព្រះអង្គ ជាអ្នកចេញចូលក្នុងសួនច្បារ ជាអ្នកអង់អាច ក្នុងបរិស័ទ បពិត្រព្រះគោតមដ៏ចំរើន ការទៅសួនច្បារនេះ ជាអាហាររបស់ខ្ញុំ ដែលបរិភោគបាយព្រឹក ក្នុងកាលជាខាងក្រោយភត្ត រួចហើយខ្ញុំព្រះអង្គ តែងចង្រ្កម និងត្រាច់រង្គាត់អំពីសួនច្បារមួយ ទៅកាន់សួនច្បារមួយ អំពីឱទ្យានមួយ ទៅកាន់ឱទ្យានមួយ ខ្ញុំព្រះអង្គ តែងឃើញសមណព្រាហ្មណ៍មួយពួក ក្នុងអារាម និងឱទ្យាននោះ ថ្លែងនូវអានិសង្ស នៃការដោះវាទៈរួចផង នូវអានិសង្ស នៃការប្រណាំងប្រជែងផង ដូច្នេះ ចំណែកខាងព្រះគោតមដ៏ចំរើន តើមានអ្វី ជាអានិសង្សដែរឬ។ ម្នាលកុណ្ឌលិយ ព្រះតថាគត មានវិជ្ជា និងវិមុត្តិ ជាផលានិសង្ស។

[៣៩៥] បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ បពិត្រព្រះគោតមដ៏ចំរើន ធម៌ទាំងឡាយ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន តើដូចម្តេចខ្លះ។

[៣៩៦] ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលបុគ្គលចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ឃើញរូប ជាទីគាប់ចិត្ត ដោយចក្ខុហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងតម្រេក ឲ្យកើត នាមកាយរបស់ភិក្ខុនោះ ដំកល់នៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ភិក្ខុឃើញរូប ដែលមិនគាប់ចិត្ត ដោយភ្នែកហើយ ជាអ្នកមិនមានមុខជ្រប់ មានចិត្តមិនតាំងខ្ជាប់ (ដោយអំណាច នៃកិលេស) មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ ដំកល់នៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ មួយទៀត ភិក្ខុឮសំឡេង ដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ ជញ្ជាប់រស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់ នូវធម្មារម្មណ៍ ជាទីគាប់ចិត្ត ដោយមនោហើយ មិនសំឡឹងរំពៃ មិនបៀតបៀន មិនញ៉ាំងសេចក្តីត្រេកត្រអាលឲ្យកើត នាមកាយរបស់ភិក្ខុនោះ តាំងនៅបាន ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ លុះដឹងច្បាស់ នូវធម្មារម្មណ៍មិនជាទីគាប់ចិត្ត ដោយមនោហើយ មិនមានមុខជ្រប់ មានចិត្តមិនតាំងនៅស៊ប់ មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ កាលណាភិក្ខុ ឃើញរូបដោយភ្នែកហើយ តាំងនៅក្នុងរូប ជាទីគាប់ចិត្ត និងមិនគាប់ចិត្ត មានចិត្តនឹងនួន មានចិត្តមិនព្យាបាទ នាមកាយរបស់ភិក្ខុនោះ តាំងនៅហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ឮសំឡេងដោយត្រចៀក។បេ។ ធុំក្លិនដោយច្រមុះ។ លិទ្ធភ្លក្សរស ដោយអណ្តាត។ ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ។ ដឹងច្បាស់នូវធម្មារម្មណ៍ ដោយមនោ កាយរបស់ភិក្ខុនោះ តាំងនៅក្នុងធម៌ទាំងឡាយ ជាទីពេញគាប់ចិត្ត និងមិនគាប់ចិត្តហើយ ចិត្តក៏តាំងនៅខាងក្នុង តាំងនៅដោយល្អ ផុតស្រឡះដោយល្អ។ ម្នាលកុណ្ឌលិយ ឥន្ទ្រិយសំវរ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងសុចរិត ទាំង៣ ឲ្យពេញលេញបាន។

[៣៩៧] ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ លះបង់ នូវកាយទុច្ចរិត ចំរើននូវកាយសុចរិត លះបង់ នូវវចីទុច្ចរិត ចំរើន នូវវចីសុចរិត លះបង់ នូវមនោទុច្ចរិត ចំរើននូវមនោសុចរិត។ ម្នាលកុណ្ឌលិយ សុចរិត ទាំង៣ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗ យ៉ាងនេះហើយ រមែងញ៉ាំងសតិប្បដ្ឋាន ទាំង៤ ឲ្យពេញលេញបាន។

[៣៩៨] ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតីកំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលកុណ្ឌលិយ សតិប្បដ្ឋាន ទាំង៤ ដែលភិក្ខុចំរើនយ៉ាងនេះហើយ ធ្វើឲ្យរឿយៗយ៉ាងនេះហើយ រមែងញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យពេញលេញបាន។

[៣៩៩] ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុចំរើនហើយ ដូចម្តេច ធ្វើឲ្យរឿយៗហើយ ដូចម្តេច ទើបញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។ ម្នាលកុណ្ឌលិយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាកតម្រេក អាស្រ័យសេចក្តីរលត់ ដែលទន់ទោរទៅ ក្នុងការលះបង់។ ម្នាលកុណ្ឌលិយ ពោជ្ឈង្គ ទំាង៧ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើរឿយៗហើយយ៉ាងនេះឯង រមែងញ៉ាំងវិជ្ជា និងវិមុត្តិ ឲ្យពេញលេញបាន។

[៤០០] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ កុណ្ឌលិយបរិព្វាជក ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន (ធម៌ដែលព្រះអង្គសំដែងហើយ ដោយអនេកបរិយាយ យ៉ាងនេះ) ដូចជាគេផ្ងារ នូវវត្ថុដែលផ្កាប់ ឬបើកបង្ហាញ របស់ដែលកំបាំង ឬក៏ដូចជាគេប្រាប់ផ្លូវ ដល់អ្នកវង្វេង ពុំនោះសោត ដូចគេទ្រោលប្រទីបប្រេង ក្នុងទីងងឹត ដោយគិតថា មនុស្សដែលមានចក្ខុ នឹងមើលឃើញរូបទាំងឡាយ។ ធម៌ដែលព្រះគោតមដ៏ចំរើន ទ្រង់ប្រកាសហើយ ដោយអនេកបរិយាយ ក៏ដូច្នោះដែរ ខ្ញុំព្រះអង្គនេះ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះភិក្ខុសង្ឃផង ជាសរណៈ ចាប់ដើមតាំងអំពីថ្ងៃនេះទៅ សូមព្រះគោតមដ៏ចំរើន ជ្រាបនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់ នូវសរណៈ ស្មើដោយជីវិត។

(កូដាគារ)សូត្រ ទី៧

(៧. កូដាគារសុត្តំ)

[៤០១] ម្នាលភិក្ខុទាំងឡាយ ដូចជាបង្កង់ នៃផ្ទះមានកំពូលឯណាមួយ បង្កង់ទាំងអស់នោះ បង្អោនទៅរកកំពូល ទេរទៅរកកំពូល ឈមទៅរកកំពូល យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ ជាបុគ្គលមានចិត្តបង្អោនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វានក៏យ៉ាងនោះដែរ។

[៤០២] ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើននូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវសេចក្តីស្ងប់ស្ងាត់ អាស្រ័យ នូវការប្រាសចាករាគៈ អាស្រ័យ នូវសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ កាលភិក្ខុចំរើន នូវពោជ្ឈង្គ ទាំង៧ ធើ្វឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តែងមានចិត្តឱនទៅរកព្រះនិព្វាន ទេរទៅរកព្រះនិព្វាន ឈមទៅរកព្រះនិព្វាន យ៉ាងនេះឯង។

(ឧបវាន)សូត្រ ទី៨

(៨. ឧបវានសុត្តំ)

[៤០៣] សម័យមួយ ព្រះឧបវាណដ៏មានអាយុ និងព្រះសារីបុត្តដ៏មានអាយុ គង់នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចេញអំពីទីសំងំ ក្នុងសាយណ្ហសម័យ ចូលទៅរកព្រះឧបវាណដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះឧបវាណដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីយរាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ក៏និយាយនឹងព្រះឧបវាណដ៏មានអាយុ ដូច្នេះថា ម្នាលអាវុសោឧបវាណ ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ ដូច្នេះដែរឬ។ ម្នាលអាវុសោ សារីបុត្ត ភិក្ខុគប្បីដឹង ដោយកិរិយាធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួនថា សត្តពោជ្ឈង្គ ដែលអាត្មាអញ ប្រារព្ធល្អ យ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីសប្បាយ ដូច្នេះបាន។

[៤០៤] ម្នាលអាវុសោ កាលភិក្ខុចំរើន នូវសតិសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ ក៏បានគាស់រំលើងល្អហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ ព្យាយាម អាត្មាអញ ក៏បានប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។បេ។

[៤០៥] ម្នាលអាវុសោ កាលភិក្ខុចំរើនឧបេក្ខាសម្ពោជ្ឈង្គ រមែងដឹងច្បាស់ថា ចិត្តរបស់អាត្មាអញ ផុតល្អហើយ ថីនមិទ្ធ អាត្មាអញ បានគាស់រំលើងហើយ ឧទ្ធច្ចកុក្កុច្ច អាត្មាអញ ក៏បានបន្សាត់បង់ល្អហើយ សេចក្តីព្យាយាម អាត្មាអញ ក៏បានប្រារព្ធហើយ អាត្មាអញ មានសេចក្តីត្រូវការ ទើបធ្វើទុកក្នុងចិត្ត ព្យាយាមមិនធូរថយឡើយ។

[៤០៦] ម្នាលអាវុសោសារីបុត្ត ភិក្ខុគប្បីដឹង ដោយការធ្វើទុកក្នុងចិត្ត ដោយឧបាយចំពោះខ្លួន យ៉ាងនេះថា សត្តពោជ្ឈង្គ អាត្មាអញ ធ្វើល្អយ៉ាងនេះហើយ រមែងប្រព្រឹត្តទៅ ដើម្បីនៅសប្បាយ។

(បឋមឧប្បន្ន)សូត្រ ទី៩

(៩. បឋមឧប្បន្នសុត្តំ)

[៤០៧] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីការកើតឡើង នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធចេញ កើតឡើងមិនបានទេ។

(ទុតិយឧប្បន្ន)សូត្រ ទី១០

(១០. ទុតិយឧប្បន្នសុត្តំ)

[៤០៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនដែលកើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន តែក្រៅអំពីវិន័យ របស់ព្រះសុគតចេញ កើតឡើងមិនបានទេ។

ចប់ បព្វតវគ្គ ទី១។

ឧទ្ទាននៃបព្វតវគ្គនោះ គឺ

និយាយអំពីស្តេចភ្នំ ឈ្មោះហិមវន្ត១ កាយ១ សីល១ វត្តរបស់ព្រះសារីបុត្ត១ ភិក្ខុសួរនូវពាក្យថា ពោជ្ឈង្គ១ បរិព្វាជកឈ្មោះ កុណ្ឌលិយ ១ ផ្ទះមានកំពូល១ ព្រះឧបវាណ១ និងការកើតឡើង នៃសត្តពោជ្ឈង្គ ២លើក ដទៃទៀត។

 

លេខយោង

1)
ព្រះអនាគាមិ អស់សំយោជនៈខាងក្រោម៥ហើយ សម្រេចអរហត្ត បានបរិនិព្វាន ក្នុងកាលអាយុមិនទាន់ដល់ពាក់កណ្តាល ហៅថា អន្តរាបរិនិព្វាយី ដូចជាលោកដែលកើតក្នុងព្រហ្មជាន់អវិហា មានកំណត់អាយុ ១ពាន់កប្ប បើបានបរិនិព្វាន ក្នុងវេលាអាយុបាន ១រយកប្បក្តី ២រយកប្បក្តី ៤រយកប្បក្តី ក៏ហៅថា អន្តរាបរិនិព្វាយី ដូចគ្នាទាំង៣ពួកនោះ។ តាមន័យសារត្ថប្បកាសិនី។
2)
ព្រះអនាគាមិ ដែលទៅកើតក្នុងព្រហ្មជាន់សុទ្ធាវាស សម្រេចអរហត្ត បរិនិព្វាន ក្នុងវេលាអាយុហួសពាក់កណ្តាលហើយ ហៅថា ឧបហច្ចបរិនិព្វាយី។
3)
ព្រះអនាគាមិ ដែលបានសម្រេចអរហត្ត ដោយមិនបានប្រឹងប្រកបព្យាយាម ហៅថា អសង្ខារបរិនិព្វាយី។
4)
ព្រះអនាគាមិ ក្នុងជាន់សុទ្ធាវាស បានសម្រេចអរហត្ត បរិនិព្វាន ដោយការប្រកបព្យាយាម ហៅថា សសង្ខារបរិនិព្វាយី។
5)
ព្រះអនាគាមី ដែលមិនបានសម្រេចអរហត្តក្នុងភពដែលកើតទេ ក៏ត្រូវទៅកើតក្នុងភពអកនិដ្ឋ បរិនិព្វានក្នុងភពនោះ ហៅថា ឧទ្ធំសោតអកនិដ្ឋគាមី។
km/tipitaka/sut/sn/46/sut.sn.46.v01.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann