(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 46.v02 បាលី cs-km: sut.sn.46.v02 អដ្ឋកថា: sut.sn.46.v02_att PTS: ?
គិលានវគ្គ ទី២
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(២. គិលានវគ្គោ)
(១. បាណសុត្តំ)
[៤០៩] ម្នាលភិក្ខុទាំងឡាយ ដូចសត្វទាំងឡាយណាមួយ សម្រេចឥរិយាបថទាំង៤ គឺដើរតាមកាល ឈរតាមកាល អង្គុយតាមកាល ដេកតាមកាល សត្វទាំងអស់នោះ អាស្រ័យផែនដី តាំងស៊ប់លើផែនដី ទើបសម្រេចឥរិយាបថ ទាំង៤នោះ យ៉ាងនេះឯង យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន ក៏យ៉ាងនោះដែរ។
[៤១០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល ទើបចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ បាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុអាស្រ័យសីល តាំងមំាក្នុងសីល តែងចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(២. បឋមសូរិយូបមសុត្តំ)
[៤១១] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ភាវៈ នៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលជាកល្យាណមិត្ត (កុំខាន)។
[៤១២] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានកល្យាណមិត្ត រមែងចំរើនពោជ្ឈង្គ ទាំង៧ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ អាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានកល្យាណមិត្ត តែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(៣. ទុតិយសូរិយូបមសុត្តំ)
[៤១៣] ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះ ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង (យ៉ាងណា) ម្នាលភិក្ខុទាំងឡាយ យោនិសោមនសិការ (ការធ្វើទុកក្នុងចិត្ត ដោយឧបាយ) នុ៎ះជាប្រធាន ជាបុព្វនិមិត្ត នៃការញ៉ាំងពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងដល់ភិក្ខុ ក៏យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ហេតុនេះ ភិក្ខុដែលនឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ (នោះ) គួរប្រាថ្នានូវភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការ (កុំខាន)។
[៤១៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យការប្រាសចាករាគៈ អាស្រ័យសេចក្តីរលត់ ដែលទន់ទោរ ទៅក្នុងការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកបរិបូណ៌ ដោយយោនិសោមនសិការ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យរឿយៗ នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(៤. បឋមគិលានសុត្តំ)
[៤១៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាកស្សបដ៏មានអាយុ គង់នៅក្នុងបិប្ផលិគុហា លោកមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់។
[៤១៦] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាកស្សបដ៏មានអាយុ លុះចូទៅដល់ហើយ ក៏ទ្រង់គង់លើអាសនៈ ដែលគេក្រាលទុក។ លុះព្រះដ៏មានព្រះភាគ គង់ហើយ ទ្រង់មានព្រះពុទ្ធដីកា នឹងព្រះមហាកស្សបដ៏មានអាយុដូច្នេះថា ម្នាលកស្សប សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ ល្មមឲ្យប្រព្រឹត្តទៅបានដែរឬ ទុក្ខវេទនាធូរថយ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ ឲ្យប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ក្លៀវក្លាខ្លាំងណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤១៧] ម្នាលកស្សប ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រពៃហើយ បានចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើអ្វីខ្លះ។
[៤១៨] ម្នាលកស្សប សតិសម្ពោជ្ឈង្គ ដែលតថាគត បានសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។បេ។ ម្នាលកស្សប ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បនិព្វាន។ ម្នាលកស្សប សម្ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងចំពោះ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។
[៤១៩] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ បានត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាកស្សបដ៏មានអាយុ ក៏ត្រេកអរ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាកស្សបដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ មួយទៀត អាពាធនោះ ក៏ព្រះមហាកស្សបដ៏មានអាយុ បានលះបង់ យ៉ាងនោះហើយ។
(៥. ទុតិយគិលានសុត្តំ)
[៤២០] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះមហាមោគ្គល្លានដ៏មានអាយុ គង់នៅជិតភ្នំគិជ្ឈកូដ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២១] គ្រានោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ចេញអំពីទីសម្ងំ ក្នុងសាយណ្ហសម័យ ទ្រង់ចូលទៅរកព្រះមហាមោគ្គល្លានដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ ទ្រង់គង់លើអាសនៈ ដែលគេក្រាលថ្វាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់គង់ហើយ ក៏មានព្រះពុទ្ធដីកា នឹងព្រះមហាមោគ្គល្លាន ដ៏មានអាយុ ដូច្នេះថា ម្នាលមោគ្គលា្លន សរីរយន្តរបស់អ្នក ល្មមអត់ធន់បានខ្លះដែរឬ អ្នកល្មមឲ្យប្រព្រឹត្តទៅបានខ្លះដែរឬ ទុក្ខវេទនាធូរថយទៅ មិនចំរើនឡើង មានតែស្រាកស្រាន្តទៅ មិនរឹតឡើងទេឬ។ បពិត្រព្រះអង្គដ៏ចំរើន សរីរយន្តរបស់ខ្ញុំព្រះអង្គ មិនល្មមអត់ធន់បានទេ មិនល្មមឲ្យប្រព្រឹត្តទៅបានទេ ទុក្ខវេទនារបស់ខ្ញុំព្រះអង្គ ធ្ងន់ពេកណាស់ មិនធូរថយទេ មានតែរឹតឡើង មិនស្រាកស្រាន្តទេ។
[៤២២] នែមោគ្គលា្លន ពោជ្ឈង្គ ទាំង៧នេះ ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ សម្ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៣] ម្នាលមោគ្គលា្លន សតិសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ ម្នាលមោគ្គល្លាន ឧបេក្ខាសម្ពោជ្ឈង្គ ដែលតថាគតសំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ម្នាលមោគ្គល្លាន ពោជ្ឈង្គ ទាំង៧ នេះឯង ដែលតថាគត សំដែងប្រាប់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៤] បពិត្រព្រះដ៏មានព្រះភាគ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ បពិត្រព្រះសុគត ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ធម៌នេះចប់ហើយ។ ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគ។ ឯព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ក៏ព្រះមហាមោគ្គល្លាន បានលះបង់ យ៉ាងនោះហើយ។
(៦. តតិយគិលានសុត្តំ)
[៤២៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺធ្ងន់។
[៤២៦] គ្រានោះឯង ព្រះមហាចុន្ទដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទី
ដ៏សមគួរ។ លុះព្រះមហាចុន្ទដ៏មានអាយុ គង់ក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគបានត្រាស់ ដូច្នេះថា ម្នាលចុន្ទ ចូរអ្នកសំដែងពោជ្ឈង្គទាំងឡាយ។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។
[៤២៧] បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។ បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គ ទាំង៧នេះឯង ដែលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ប្រពៃហើយ ចំរើនហើយ ធ្វើឲ្យរឿយៗហើយ តែងប្រព្រឹត្តទៅ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
[៤២៨] ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ ម្នាលចុន្ទ ពិតមែនហើយ ពោជ្ឈង្គទាំងឡាយ។ លុះព្រះមហាចុន្ទដ៏មានអាយុ សំដែងនូវធម៌នេះចប់ហើយ ព្រះសាស្តា ក៏ទ្រង់ពេញព្រះហឫទ័យ។ ព្រះដ៏មានព្រះភាគ ក៏បានជាសះស្បើយ ចាកអាពាធនោះ អាពាធនោះ ព្រះដ៏មានព្រះភាគ ក៏បានលះបង់ យ៉ាងនោះហើយ។
(៧. បារង្គមសុត្តំ)
[៤២៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យឃ្លាតចាកទី មិនមែនជាត្រើយ ឲ្យដល់ទីជាត្រើយ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យឃ្លាតចាកទី មិនមែនជាត្រើយ ឲ្យដល់ទីជាត្រើយ។
[៤៣០]
បណ្តាមនុស្សទាំងឡាយ ជនទាំងឡាយឯណា ដល់នូវត្រើយ គឺព្រះនិព្វាន ជនទាំងឡាយនោះ មានចំនួនតិចទេ សត្វក្រៅពីនេះ សសៀរទៅតាមត្រើយ គឺវដ្តៈ។ ពួកជនណា ប្រព្រឹត្តតាមធម៌ក្នុងធម៌ ដែលព្រះតថាគត សំដែងប្រាប់ប្រពៃហើយ ពួកជននោះ នឹងឆ្លងផុតទីកន្លែងរបស់មច្ចុ ដែលគេឆ្លងបានដោយលំបាកពេក ហើយដល់នូវត្រើយ គឺព្រះនិព្វានបាន។ បណ្ឌិតលះបង់ នូវធម៌ខ្មៅ ហើយចំរើនធម៌ស ចេញចាកអាល័យ អាស្រ័យព្រះនិព្វាន ដែលគ្មានសេចក្តីអាល័យហើយ គប្បីលះបង់កាមទាំងឡាយ ជាអ្នកឥតមានកង្វល់ ប្រាថ្នានូវសេចក្តីត្រេកអរចំពោះ ក្នុងសេចក្តីស្ងប់ស្ងាត់ ដែលសត្វត្រេកអរបាន ដោយកម្រនោះ បណ្ឌិតត្រូវធ្វើខ្លួនឲ្យផូរផង់ ចាកសេចក្តីសៅហ្មងនៃចិត្ត ពួកជនណា បានចំរើនចិត្ត ដោយប្រពៃ ក្នុងសម្ពោជ្ឈង្គទាំងឡាយ ហើយមិនបានប្រកាន់មាំ ត្រេកអរក្នុងការលះសេចក្តីប្រកាន់ ពួកជននោះ រមែងអស់អាសវៈ មានសេចក្តីរុងរឿង បរិនិព្វានហើយក្នុងលោក។
(៨. វិរទ្ធសុត្តំ)
[៤៣១] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧ ហើយ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។ ម្នាលភិក្ខុទាំងឡាយ អ្នកណាមួយ បានប្រារព្ធពោជ្ឈង្គ ទាំង៧ហើយ អ្នកនោះ ក៏ឈ្មោះថា បានប្រារព្ធអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។
[៤៣២] ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ លះបង់ពោជ្ឈង្គ ទាំង៧នេះ ពួកជននោះ ក៏ឈ្មោះថា លះបង់អរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ ពួកជនណាមួយ ប្រារព្ធពោជ្ឈង្គ ទាំង៧នេះ ពួកជននោះក៏ឈ្មោះថា បានប្រារព្ធ នូវអរិយមគ្គ ដែលប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃដែរ។
(៩. អរិយសុត្តំ)
[៤៣៣] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ជាធម៌ប្រសើរ ជាទីស្រោចស្រង់សត្វ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដល់អ្នកចំរើនពោជ្ឈង្គនោះ។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ ជានិយ្យានិកធម៌ ដ៏ប្រសើរ រមែងប្រព្រឹត្តទៅ ដើម្បីឲ្យអស់ទុក្ខ ដោយប្រពៃ ដល់អ្នកចំរើនពោជ្ឈង្គនោះ។
(១០. និព្វិទាសុត្តំ)
[៤៣៤] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីនិព្វាន។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេចខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យរឿយៗហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយដោយពិត ដើម្បីប្រាសចាករាគៈ ដើម្បីរំលត់ ដើម្បីចូលទៅជិតរម្ងាប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វាន។
ចប់ គិលានវគ្គ ទី២។
ឧទ្ទាននៃគិលានវគ្គនោះ គឺ
និយាយអំពីពួកសត្វ១ ឧបមាដូចព្រះអាទិត្យ មាន២រឿង ជំងឺ មាន៣រឿងដទៃទៀត បុគ្គលដល់ត្រើយ១ លះបង់ពោជ្ឈង្គ១ មគ្គដ៏ប្រសើរ១ ពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន១។