km:tipitaka:sut:sn:46:sut.sn.46.v03



ឧទាយិវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 46.v03 បាលី cs-km: sut.sn.46.v03 អដ្ឋកថា: sut.sn.46.v03_att PTS: ?

ឧទាយិវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. ឧទាយិវគ្គោ)

(ពោធាយ)សូត្រ ទី១

(១. ពោធាយសុត្តំ)

[៤៣៥] គ្រានោះឯង ភិក្ខុមួយរូប បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា ពោជ្ឈង្គ ពោជ្ឈង្គ ដូច្នេះ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា ពោជ្ឈង្គ តើដោយហេតុដូចម្តេច។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

[៤៣៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យសេចក្តីស្ងប់ស្ងាត់ អាស្រ័យសេចក្តីនឿយណាយ អាស្រ័យសេចក្តីរលត់ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុ ធម៌ទាំងឡាយ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង ព្រោះហេតុនោះ ទើបហៅថា ពោជ្ឈង្គ។

(ពោជ្ឈង្គទេសនា)សូត្រ ទី២

(២. ពោជ្ឈង្គទេសនាសុត្តំ)

[៤៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវពោជ្ឈង្គ ទាំង៧ ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ មាន៧នេះឯង។

(ឋានិយ)សូត្រ ទី៣

(៣. ឋានិយសុត្តំ)

[៤៣៨] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃកាមរាគៈ។

[៤៣៩] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃព្យាបាទ។

[៤៤០] ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃថីនមិទ្ធៈ។

[៤៤១] ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧទ្ធច្ចកុក្កុច្ចៈ។

[៤៤២] ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃវិចិកិច្ឆា។

[៤៤៣] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញបរិបូណ៌ ដោយភាវនាព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃសតិសម្ពោជ្ឈង្គ។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញបរិបូណ៌ដោយភាវនា ព្រោះធ្វើទុកក្នុងចិត្ត និងធ្វើឲ្យច្រើន នូវធម៌ទាំងឡាយ ដែលជាទីតាំង នៃឧបេក្ខាសម្ពោជ្ឈង្គ។

(អយោនិសោមនសិការ)សូត្រ ទី៤

(៤. អយោនិសោមនសិការសុត្តំ)

[៤៤៤] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងព្យាបាទ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏កើតឡើង និងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ ឧទ្ធច្ចកុក្កុច្ចៈដែលមិនទាន់កើតឡើង ក៏កើតឡើង និងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏កើតឡើង និងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏ប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។

[៤៤៥] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏រលត់ទៅវិញ។

[៤៤៦] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ ព្យាបាទ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងព្យាបាទ ដែលកើតឡើងហើយ ក៏លះចេញបាន។ ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ ឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងឧទ្ធច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏លះចេញបាន។ វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏មិនកើតឡើង ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏លះចេញបាន។

[៤៤៧] សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើង ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់ នូវការពេញ បរិបូណ៌ដោយភាវនា។

(អបរិហានិយ)សូត្រ ទី៥

(៥. អបរិហានិយសុត្តំ)

[៤៤៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែង នូវអបរិហានីយធម៌ គឺធម៌ ដែលមិនសាបសូន្យ ៧ប្រការ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះអបរិហានីយធម៌ ទាំង៧ប្រការ តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ អបរិហានីយធម៌ មាន៧ប្រការនេះឯង។

(តណ្ហក្ខយ)សូត្រ ទី៦

(៦. តណ្ហក្ខយសុត្តំ)

[៤៤៩] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ចុះពោជ្ឈង្គ ទាំង៧ ប្រការតើអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៥០] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលបុគ្គលបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការអស់ទៅ នៃតណ្ហា។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញបាន។បេ។ ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ កាលភិក្ខុនោះ កំពុងចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ ក៏លះបង់តណ្ហាចេញ ព្រោះការលះបង់តណ្ហាបាន ទើបលះបង់កម្មបាន ព្រោះការលះបង់កម្មបាន ទើបលះបង់សេចក្តីទុក្ខបាន។ ម្នាលឧទាយិ ការអស់ទៅ នៃកម្ម ព្រោះអស់ទៅនៃតណ្ហា ការអស់ទៅ នៃសេចក្តីទុក្ខ ព្រោះអស់ទៅនៃកម្ម ដោយប្រការដូច្នេះឯង។

(តណ្ហានិរោធ)សូត្រ ទី៧

(៧. តណ្ហានិរោធសុត្តំ)

[៤៥១] ម្នាលភិក្ខុទាំងឡាយ មគ្គឯណា បដិបទាឯណា ដែលប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា ចូរអ្នកទាំងឡាយ ចំរើនមគ្គនោះ បដិបទានោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដូចម្តេច បដិបទាដូចម្តេច ដែលប្រព្រឹត្តទៅ ដើម្បីរលត់ទៅ នៃតណ្ហា។ គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៥២] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យនូវវិវេក អាស្រ័យនូវវិរាគៈ អាស្រ័យនូវនិរោធ បង្អោនទៅដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនយ៉ាងនេះ ធ្វើឲ្យច្រើនយ៉ាងនេះ ប្រព្រឹត្តទៅ ដើម្បីសេចក្តីរលត់ នៃតណ្ហា។

(និព្វេធភាគិយ)សូត្រ ទី៨

(៨. និព្វេធភាគិយសុត្តំ)

[៤៥៣] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងមគ្គ ជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គដែលជាចំណែក នៃការចាក់ទម្លុះ នូវ (រាគាទិក្កិលេស) តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧ ប្រការនេះឯង។ ពោជ្ឈង្គ ទាំង៧ប្រការ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៥៤] កាលព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះឧទាយិដ៏មានអាយុ ក៏ក្រាបបង្គំទូលសួរព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពោជ្ឈង្គទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ចំរើនសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ មានចិត្តអប់រំ ដោយសតិសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវគំនរលោភៈ ដែលខ្លួនមិនទាន់ចាក់ទម្លុះ មិនទាន់ទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ។បេ។ ភិក្ខុចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ ដ៏ទូលាយធំ ប្រមាណមិនបាន មិនមានព្យាបាទ ភិក្ខុនោះ មានចិត្តអប់រំ ដោយឧបេក្ខាសម្ពោជ្ឈង្គ រមែងចាក់ទម្លុះទម្លាយ នូវគំនរលោភៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរទោសៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ រមែងចាក់ទម្លុះទម្លាយ នូវគំនរមោហៈ ដែលខ្លួនមិនទាន់បានចាក់ទម្លុះ មិនទាន់បានទម្លាយចេញ។ ម្នាលឧទាយិ ពោជ្ឈង្គ ទាំង៧ ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីការចាក់ទម្លុះ នូវ (រាគាទិក្កិលេស)។

(ឯកធម្ម)សូត្រ ទី៩

(៩. ឯកធម្មសុត្តំ)

[៤៥៥] ម្នាលភិក្ខុទាំងឡាយ តថាគត ពិចារណារកមិនឃើញធម៌ដទៃណាមួយ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ដូចជាពោជ្ឈង្គ ទាំង៧នេះឡើយ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។

[៤៥៦] ម្នាលភិក្ខុទាំងឡាយ ចុះពោជ្ឈង្គ ទាំង៧ ដែលភិក្ខុបានចំរើនដូចម្តេច បានធ្វើឲ្យច្រើនដូចម្តេច ទើបប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីការលះបង់។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការ ដែលភិក្ខុបានចំរើនយ៉ាងនេះ បានធ្វើឲ្យច្រើនយ៉ាងនេះ រមែងប្រព្រឹត្តទៅ ដើម្បីលះបង់ នូវធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។

[៤៥៧] ម្នាលភិក្ខុទាំងឡាយ ចុះធម៌ទាំងឡាយ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ចក្ខុចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនោះ រមែងកើតឡើង ព្រោះចក្ខុនោះ សោតៈ ឃានៈ ជិវ្ហា ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះធម៌ទាំងនោះ មនោ ចាត់ជាធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈដែរ ការប្រកាន់មាំ ជាគ្រឿងរួបរឹត គឺសញ្ញោជនៈទាំងនុ៎ះ រមែងកើតឡើង ព្រោះមនោនេះ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ ដែលរាប់បញ្ចូល ក្នុងពួកសញ្ញោជនៈ។

(ឧទាយិ)សូត្រ ទី១០

(១០. ឧទាយិសុត្តំ)

[៤៥៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនិគម ឈ្មោះ សេតកៈ របស់អ្នកស្រុកសុម្ភៈទាំងឡាយ ក្នុងដែនសុម្ភៈ។ គ្រានោះឯង ព្រះឧទាយិដ៏មានអាយុ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ ក៏អង្គុយក្នុងទីដ៏សមគួរ។ លុះព្រះឧទាយិដ៏មានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះ។

[៤៥៩] បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះអស្ចារ្យ បពិត្រព្រះអង្គដ៏ចំរើន ហេតុនេះ ចំឡែក បពិត្រព្រះអង្គដ៏ចំរើន សេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ព្រោះមានឧបការៈច្រើន ដល់ខ្ញុំព្រះអង្គ ដោយពិត បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ កាលពីដើម នៅជាគ្រហស្ថ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះធម៌ទេ មិនមានសេចក្តីរាប់អានច្រើន ចំពោះព្រះសង្ឃទេ ខ្ញុំព្រះអង្គ ពិចារណាឃើញ នូវសេចក្តីស្រឡាញ់ សេចក្តីគោរព សេចក្តីអៀនខ្មាស និងសេចក្តីកោតក្រែង ចំពោះព្រះដ៏មានព្រះភាគ ទើបចេញចាកផ្ទះ មកកាន់ផ្នួស ព្រះដ៏មានព្រះភាគ បានសំដែងធម៌ ដល់ខ្ញុំព្រះអង្គថា រូប ដូច្នេះ ហេតុជាទីកើត នៃរូប ដូច្នេះ សេចក្តីវិនាស នៃរូប ដូច្នេះ វេទនា ដូច្នេះ។បេ។ សញ្ញាដូច្នេះ។ សង្ខារទាំងឡាយ ដូច្នេះ។ វិញ្ញាណ ដូច្នេះ ហេតុជាទីកើត នៃវិញ្ញាណ ដូច្នេះ សេចក្តីវិនាស នៃវិញ្ញាណដូច្នេះ។

[៤៦០] បពិត្រព្រះអង្គដ៏ចំរើន កាលខ្ញុំព្រះអង្គ នៅក្នុងផ្ទះដ៏ស្ងាត់ បានប្រែត្រឡប់ឲ្យផ្ងារឡើង និងផ្កាប់ចុះ នូវឧបាទានក្ខន្ធ ទាំង៥នេះ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាទុក្ខ បានដឹងច្បាស់តាមសេចក្តីពិតថា នេះជាហេតុ ជាទីកើត នៃទុក្ខ បានដឹងច្បាស់ តាមសេចក្តីពិតថា នេះជាទីរលត់នៃទុក្ខ ដឹងច្បាស់តាមសេចក្តីពិតថា នេះជាបដិបទា ជាដំណើរទៅកាន់ទីរំលត់នៃទុក្ខ។

[៤៦១] បពិត្រព្រះអង្គដ៏ចំរើន ធម៌ ខ្ញុំព្រះអង្គ បានត្រាស់ដឹងហើយផង មគ្គ ខ្ញុំព្រះអង្គ បានចំពោះហើយផង មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយអាការនោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន សតិសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ សតិសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើន បានធ្វើឲ្យច្រើនហើយ សតិសម្ពោជ្ឈង្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។បេ។ បពិត្រព្រះអង្គដ៏ចំរើន ឧបេក្ខាសម្ពោជ្ឈង្គ ខ្ញុំព្រះអង្គ បានចំពោះហើយ ឧបេក្ខាសម្ពោជ្ឈង្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ ឧបេក្ខាសម្ពោជ្ឈង្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បពិត្រព្រះអង្គដ៏ចំរើន នេះឯង ជាមគ្គ ដែលខ្ញុំព្រះអង្គ បានចំពោះហើយ មគ្គឯណា ដែលខ្ញុំព្រះអង្គ បានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំឲ្យខ្ញុំព្រះអង្គ ដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យខ្ញុំព្រះអង្គ ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

[៤៦២] ម្នាលឧទាយិ ប្រពៃណាស់ហើយ ម្នាលឧទាយិ ប្រពៃណាស់ហើយព្រោះថា មគ្គនុ៎ះ អ្នកបានចំពោះហើយ មគ្គឯណា ដែលអ្នកបានចំរើនហើយ បានធ្វើឲ្យច្រើនហើយ មគ្គនោះ នឹងនាំអ្នកដែលកំពុងសម្រេចសម្រាន្តនៅ ដោយប្រការដូច្នោះៗ ដើម្បីសេចក្តីពិត ដែលជាហេតុឲ្យអ្នកដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយៈ អាត្មាអញ នៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។

ចប់ ឧទាយិវគ្គ ទី៣។

ឧទ្ទាននៃឧទាយិវគ្គនោះ គឺ

ពោលអំពីពោជ្ឈង្គ ប្រព្រឹត្តទៅ ដើម្បីត្រាស់ដឹង១ អំពីការសំដែងពោជ្ឈង្គ១ អំពីធម៌ជាហេតុ ជាទីតាំងនៃកាមរាគៈ១ អំពីការធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយប្រាជ្ញា១ អំពីអបរិហានីយធម៌១ អំពីការអស់ទៅ នៃតណ្ហា១ អំពីការរលត់ នៃតណ្ហា១ អំពីការចាក់ទម្លុះ នូវរាគាទិក្កិលេស១ អំពីទ្រង់មិនឃើញធម៌ដទៃ សូម្បីមួយ១ អំពីព្រះឧទាយិដ៏មានអាយុ១។

 

លេខយោង

km/tipitaka/sut/sn/46/sut.sn.46.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann