(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 46.v04 បាលី cs-km: sut.sn.46.v04 អដ្ឋកថា: sut.sn.46.v04_att PTS: ?
នីវរណវគ្គ ទី៤
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៤. នីវរណវគ្គោ)
(១. បឋមកុសលសុត្តំ)
[៤៦៣] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកកុសល ជាបក្ខពួកកុសល ធម៌ទាំងអស់នោះ មានសេចក្តីមិនប្រមាទ ជាឫសគល់ ជាទីប្រជុំចុះ ក្នុងសេចក្តីមិនប្រមាទ សេចក្តីមិនប្រមាទ ប្រាកដជាកំពូល នៃកុសលធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដ ដល់ភិក្ខុដែលមិនប្រមាទ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទំាង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ប្រការ។
[៤៦៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមិនប្រមាទ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនប្រមាទ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(២. ទុតិយកុសលសុត្តំ)
[៤៦៥] ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងឡាយឯណានីមួយ ជាកុសល ជាចំណែកនៃកុសល ជាបក្ខពួក នៃកុសល ធម៌ទាំងអស់នោះ មានយោនិសោមនសិការៈ ជាឫសគល់ មានយោនិសោមនសិការៈ ជាទីប្រជុំចុះ យោនិសោមនសិការៈ ប្រាកដជាកំពូល នៃធម៌ទាំងនោះ។ ម្នាលភិក្ខុទាំងឡាយ ដំណើរនោះ នឹងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទំាង៧ នឹងធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៤៦៦] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើនពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។បេ។ រមែងចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅរកការលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុបរិបូណ៌ដោយយោនិសោមនសិការៈ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
(៣. ឧបក្កិលេសសុត្តំ)
[៤៦៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាសនេះ មាន៥យ៉ាង ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង។ ឧបក្កិលេស ទាំង៥ តើអ្វីខ្លះ។
[៤៦៨] ម្នាលភិក្ខុទាំងឡាយ ដែកជាឧបក្កិលេស របស់មាស ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៦៩] ម្នាលភិក្ខុទាំងឡាយ ស្ពាន់ ជាឧបក្កិលេសរបស់មាស ដែលធ្វើឲ្យមាសសៅហ្មង។បេ។
[៤៧០] ម្នាលភិក្ខុទាំងឡាយ សំណប៉ាហាំង ជាឧបក្កិលេសរបស់មាស។បេ។
[៤៧១] ម្នាលភិក្ខុទាំងឡាយ សំណភក់ ជាឧបក្កិលេសរបស់មាស។បេ។
[៤៧២] ម្នាលភិក្ខុទាំងឡាយ ប្រាក់ ជាឧបក្កិលេស របស់មាស ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៧៣] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេស របស់មាស ទាំង៥នេះឯង ដែលធ្វើឲ្យមាសសៅហ្មង ទៅជារបស់មិនទន់ផង មិនគួរដល់ការងារផង មិនមានពន្លឺផង ទៅជាពុកពុយផង មិនគួរប្រកបការងារដោយប្រពៃផង១។
[៤៧៤] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ ឧបក្កិលេស នៃចិត្ត ទាំង៥នេះ ដែលធ្វើឲ្យចិត្តសៅហ្មង ទៅជាធម្មជាតមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។ ឧបក្កិលេស ទាំង៥ គឺអ្វីខ្លះ។
[៤៧៥] ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាឧបក្កិលេសនៃចិត្ត ដែលធ្វើចិត្តឲ្យសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ជាចិត្តអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង១។
[៤៧៦] ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាឧបក្កិលេស នៃចិត្ត ធ្វើឲ្យចិត្តសៅហ្មង ទៅជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជាអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។បេ។
[៤៧៧] ម្នាលភិក្ខុទាំងឡាយ ឧបក្កិលេសនៃចិត្ត ទាំង៥នេះឯង ដែលធ្វើឲ្យចិត្តសៅហ្មង ជាចិត្តមិនទន់ផង មិនគួរដល់ភាវនាកម្មផង មិនមានពន្លឺផង ទៅជាអ័ព្ទអួរផង មិនដំកល់មាំដោយប្រពៃ ដើម្បីកិរិយាអស់ទៅ នៃអាសវៈទាំងឡាយផង។
(៤. អនុបក្កិលេសសុត្តំ)
[៤៧៨] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧ប្រការនេះ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។
[៤៧៩] ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។
[៤៨០] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
[៤៨១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ បុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
(៥. អយោនិសោមនសិការសុត្តំ)
[៤៨២] ម្នាលភិក្ខុទាំងឡាយ កាលបុគ្គលធ្វើទុកក្នុងចិត្ត ដោយមិនមានឧបាយ ប្រាជ្ញា កាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងកាមច្ឆន្ទៈ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៣] ព្យាបាទ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងព្យាបាទ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៤] ថីនមិទ្ធៈ ដែលមិនទាន់កើតឡើង រមែងកើតឡើងបាន ទាំងថីនមិទ្ធៈ ដែលកើតឡើងហើយ រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៥] ឧទ្ទច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង រមែងកើតឡើង ទាំងឧទ្ទច្ចកុក្កុច្ចៈ ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈ ដ៏ធំទូលាយ ជាភិយ្យោភាព។
[៤៨៦] វិចិកិច្ឆា ដែលមិនទាន់កើតឡើង ក៏រមែងកើតឡើងបាន ទាំងវិចិកិច្ឆា ដែលកើតឡើងហើយ ក៏រមែងប្រព្រឹត្តទៅ ដើម្បីភាវៈដ៏ធំទូលាយ ជាភិយ្យោភាព។
(៦. យោនិសោមនសិការសុត្តំ)
[៤៨៧] ម្នាលភិក្ខុទាំងឡាយ ចំណែកឯបុគ្គល កាលធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា សតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។បេ។
[៤៨៨] ឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ក៏កើតឡើងបាន ទាំងឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ក៏ដល់នូវការពេញបរិបូណ៌ ដោយភាវនា។
(៧. ពុទ្ធិសុត្តំ)
[៤៨៩] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន ដើម្បីសេចក្តីមិនសាបសូន្យ។
(៨. អាវរណនីវរណសុត្តំ)
[៤៩០] ម្នាលភិក្ខុទាំងឡាយ ធម៌ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ មាន៥ប្រការនេះ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ជាឧបក្កិលេសរបស់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។
[៤៩១] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាគ្រឿងមិនរារាំង មិនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ ប្រព្រឹត្តទៅដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនជាឧបក្កិលេសរបស់ចិត្តទេ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
[៤៩២] ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវកធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទ ស្តាប់ធម៌ សម័យនោះ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
[៤៩៣] ចុះនីវរណធម៌ ទាំង៥ ដែលមិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ តើដូចម្តេច។ កាមច្ឆន្ទនីវរណៈ មិនមានក្នុងសម័យនោះ ព្យាបាទនីវរណៈ មិនមានក្នុងសម័យនោះ ថីនមិទ្ធនីវរណៈ មិនមានក្នុងសម័យនោះ ឧទ្ធច្ចកុក្កុច្ចនីវរណៈ មិនមានក្នុងសម័យនោះ វិចិកិច្ឆានីវរណៈ មិនមានក្នុងសម័យនោះ។ នីវរណធម៌ ទាំង៥ មិនមានដល់ភិក្ខុនោះ ក្នុងសម័យនោះ។
[៤៩៤] ពោជ្ឈង្គ ទាំង៧ ដែលដល់ នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ តើដូចម្តេច។ សតិសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ ដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។ ពោជ្ឈង្គ ទាំង៧នេះ រមែងដល់នូវការពេញបរិបូណ៌ ដោយភាវនា ក្នុងសម័យនោះ។
[៤៩៥] ម្នាលភិក្ខុទាំងឡាយ សម័យណា ដែលអរិយសាវក ធ្វើឲ្យជាប្រយោជន៍ ធ្វើទុកក្នុងចិត្ត ផ្ចង់ចិត្តទាំងអស់ ផ្អៀងសោតប្រសាទស្តាប់ធម៌ សម័យនោះ នីវរណធម៌ ៥ រមែងមិនមានដល់ភិក្ខុនោះឡើយ ពោជ្ឈង្គ ទាំង៧នេះ ក៏ដល់នូវការពេញ បរិបូណ៌ ដោយភាវនា ក្នុងសម័យនោះដែរ។
(៩. រុក្ខសុត្តំ)
[៤៩៦] ម្នាលភិក្ខុទាំងឡាយ មានដើមឈើធំៗ មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើដែលដើមឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៧] ម្នាលភិក្ខុទាំងឡាយ ចុះដើមឈើធំៗ ដែលមានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ តើដូចម្តេច។ ដើមឈើទាំងនោះ គឺអ្វីខ្លះ។ គឺដើមពោធិ៍បាយ ដើមជ្រៃ ដើមលៀប ដើមល្វា ដើមជ្រៃក្រឹម ដើមត្រាង។ ម្នាលភិក្ខុទាំងឡាយ ដើមឈើធំៗទាំងនេះឯង មានគ្រាប់តូច មានទំហំដើមធំ ដុះគ្របដើមឈើទាំងឡាយ ពួកដើមឈើ ដែលឈើធំៗដុះគ្រប ក៏បាក់បែកខ្ទេចខ្ទី រលំដួលទៅ។
[៤៩៨] ម្នាលភិក្ខុទាំងឡាយ យ៉ាងនេះមែនហើយ កុលបុត្តខ្លះ ក្នុងលោកនេះ លះបង់ពួកកាមបែបណា ហើយចេញចាកផ្ទះ ចូលកាន់ផ្នួស កុលបុត្តនោះ ត្រូវពួកកាមបែបនោះ ឬពួកកាមដ៏លាមកក្រៃលែងជាងនោះទៅទៀត គ្របសង្កត់ រួបរឹតដួលដេកទៅ។
[៤៩៩] ម្នាលភិក្ខុទាំងឡាយ ធម៌៥ប្រការនេះ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះរួបរឹតចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។ ធម៌៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ គឺកាមច្ឆន្ទៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញា ឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធៈជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ឧទ្ទច្ចកុក្កុច្ចៈ ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆា ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ១។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំង៥នេះឯង ជាគ្រឿងរារាំង ជាគ្រឿងបិទបាំង ដុះគ្របសង្កត់ចិត្ត ធ្វើប្រាជ្ញាឲ្យមានកម្លាំងខ្សោយ។
[៥០០] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។បេ។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង មិនមែនជាគ្រឿងរារាំង មិនមែនជាគ្រឿងបិទបាំង មិនមែនដុះគ្របសង្កត់ចិត្ត ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងប្រព្រឹត្តទៅ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវវិជ្ជា និងវិមុត្តិផល។
(១០. នីវរណសុត្តំ)
[៥០១] ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះ ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹងជាហេតុ ឲ្យរលត់នៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ នីវរណៈធម៌ ៥ប្រការ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ កាមច្ឆន្ទនីវរណៈ ជាធម្មជាត ធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ព្យាបាទនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់។បេ។ ម្នាលភិក្ខុទាំងឡាយ ថីនមិទ្ធនីវរណៈ ជាធម្មជាត ធ្វើឲ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់។ ម្នាលភិក្ខុទាំងឡាយ វិចិកិច្ឆានីវរណៈ ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួកនៃសេចក្តីចង្អៀតចង្អល់ មិនមែនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ នីវរណធម៌ ៥ប្រការនេះឯង ជាធម្មជាតធ្វើឲ្យខ្វាក់ ធ្វើមិនឲ្យមានចក្ខុ ធ្វើមិនឲ្យដឹង ជាហេតុឲ្យរលត់ទៅនៃបញ្ញា ជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ មិនប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
[៥០២] ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះ ជាធម៌ធ្វើឲ្យមានបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅដើម្បីព្រះនិព្វាន។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ ម្នាលភិក្ខុទាំងឡាយ សតិសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។បេ។ ម្នាលភិក្ខុទាំងឡាយ ឧបេក្ខាសម្ពោជ្ឈង្គ ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។ ម្នាលភិក្ខុទាំងឡាយ ពោជ្ឈង្គ ទាំង៧នេះឯង ជាធម៌ធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យដឹង ជាហេតុឲ្យចំរើនប្រាជ្ញា មិនមែនជាបក្ខពួក នៃសេចក្តីចង្អៀតចង្អល់ ប្រព្រឹត្តទៅ ដើម្បីព្រះនិព្វាន។
ចប់ នីវរណវគ្គ ទី៤។
ឧទ្ទាននៃនីវរណវគ្គនោះ គឺ
និយាយអំពីកុសល មាន២លើក អំពីឧបក្កិលេស១ អំពីអយោនិសោមនសិការៈ និងយោនិសោមនសិការៈ ២លើក អំពីពោជ្ឈង្គ ទាំង៧ ប្រព្រឹត្តទៅ ដើម្បីសេចក្តីចំរើន១ អំពីពោជ្ឈង្គ ទំាង៧ មិនមែនជាគ្រឿងរារាំង១ អំពីអបរិហានីយធម៌១ អំពីធម៌ជាគ្រឿងបិទបាំង និងធម៌ជាគ្រឿងរារាំង ប្រៀបដូចដើមឈើធំៗ១ អំពីនីវរណធម៌១ រួមទាំងអស់ជា១០។