(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)
sn 46.v05 បាលី cs-km: sut.sn.46.v05 អដ្ឋកថា: sut.sn.46.v05_att PTS: ?
ចក្កវត្តិវគ្គ ទី៥
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)
(៥. ចក្កវត្តិវគ្គោ)
(១. វិធាសុត្តំ)
[៥០៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ប្រការ ចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណានីមួយ ក្នុងកាលជាអនាគត នឹងលះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដែលមានក្នុងកាលឥឡូវនេះ រមែងលះបង់ នូវមានះ ទាំង៣ប្រការចេញបាន ព្រោះសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ក៏ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ដែរ។
[៥០៤] ពោជ្ឈង្គទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ណាមួយ ក្នុងកាលកន្លងទៅហើយ ជាយូរអង្វែង បានលះបង់ នូវមានះ ទាំង៣ ប្រការចេញបាន។បេ។ នឹងលះបង់។បេ។ រមែងលះបង់ ព្រោះពួកសមណៈ ឬព្រាហ្មណ៍ទាំងអស់នោះ ជាអ្នកចំរើន ជាអ្នកធើ្វឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(២. ចក្កវត្តិសុត្តំ)
[៥០៥] ម្នាលភិក្ខុទាំងឡាយ ការកើតឡើងប្រាកដ នៃរតនៈ ទាំង៧ ព្រោះការកើតប្រាកដ នៃស្តេចចក្រពត្តិ។ រតនៈ ទាំង៧ គឺអ្វីខ្លះ។ គឺការកើតប្រាកដ នៃចក្ករតន៍ (ចក្រកែវ)១ ការកើតប្រាកដ នៃហត្ថិរតន៍ (ដំរីកែវ)១ ការកើតប្រាកដ នៃអស្សរតន៍ (សេះកែវ)១ ការកើតប្រាកដ នៃមណិរតន៍ (កែវមណី)១ ការកើតប្រាកដ នៃឥត្ថីរតន៍ (ស្រីកែវ)១ ការកើតប្រាកដ នៃគហបតីរតន៍ (គហបតីកែវ)១ ការកើតប្រាកដនៃបរិនាយករតន៍ (នាយឃ្លាំងកែវ)១។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃរតនៈទាំង៧នេះ ព្រោះការកើតប្រាកដ នៃសេ្តចចក្រពត្តិ។
[៥០៦] ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គ រតនៈ ទាំង៧ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។ ពោជ្ឈង្គ រតនៈ ទាំង៧ គឺអ្វីខ្លះ។ គឺការកើតប្រាកដ នៃសតិសម្ពោជ្ឈង្គរតនៈ១។បេ។ ការកើតប្រាកដ នៃឧបេក្ខាសម្ពោជ្ឈង្គរតនៈ១។បេ។ ម្នាលភិក្ខុទាំងឡាយ ការកើតប្រាកដ នៃពោជ្ឈង្គរតនៈ ទាំង៧នេះ ព្រោះការកើតប្រាកដ នៃព្រះតថាគត ជាអរហន្តសម្មាសម្ពុទ្ធ។
(៣. មារសុត្តំ)
[៥០៧] ម្នាលភិក្ខុងទាំងឡាយ តថាគតនឹងសំដែង នូវមគ្គ ជាគ្រឿងញ៉ាំញី នូវមារ និងសេនារបស់មារ ដល់អ្នកទាំងឡាយ ចូរអ្នកទាំងឡាយ ស្តាប់ធម៌នោះចុះ ម្នាលភិក្ខុទាំងឡាយ ចុះមគ្គ ដែលជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ តើដូចម្តេច។ គឺពោជ្ឈង្គ ទាំង៧នេះឯង។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា មគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ។
(៤. ទុប្បញ្ញសុត្តំ)
[៥០៨] សាវត្ថីនិទាន។ គ្រានោះឯង ភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ តើដោយហេតុដូចម្តេច។
[៥០៩] ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថាមនុស្សឥតប្រាជ្ញា ល្ងង់ខ្លៅ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៥. បញ្ញវន្តសុត្តំ)
[៥១០] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ តើដូចម្តេច។
[៥១១] ម្នាលភិក្ខុ ដែលហៅថាមនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមានប្រាជ្ញា មិនល្ងង់ខ្លៅ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៦. ទលិទ្ទសុត្តំ)
[៥១២] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សកំសត់ មនុស្សកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សកំសត់ តើដោយហេតុដូចម្តេច។
[៥១៣] ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សកំសត់ ព្រោះមិនបានចំរើន មិនបានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៧. អទលិទ្ទសុត្តំ)
[៥១៤] សាវត្ថីនិទាន។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មនុស្សមិនកំសត់ មនុស្សមិនកំសត់ បពិត្រព្រះអង្គដ៏ចំរើន ដែលហៅថា មនុស្សមិនកំសត់ តើដោយហេតុដូចម្តេច។
[៥១៥] ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។ ចុះពោជ្ឈង្គ ទាំង៧ គឺអ្វីខ្លះ។ គឺសតិសម្ពោជ្ឈង្គ១។បេ។ ឧបេក្ខាសម្ពោជ្ឈង្គ១។ ម្នាលភិក្ខុ ដែលហៅថា មនុស្សមិនកំសត់ ព្រោះបានចំរើន បានធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧នេះឯង។
(៨. អាទិច្ចសុត្តំ)
[៥១៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ការរះឡើង នៃអរុណនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃព្រះអាទិត្យ ដែលកើតឡើង ភាវៈនៃកល្យាណមិត្តនុ៎ះឯង ជាប្រធាន ជាបុព្វនិមិត្ត នៃកិរិយាកើតឡើង នៃពោជ្ឈង្គ ទាំង៧យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានកល្យាណមិត្ត ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៧] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើនឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើននូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។
(៩. អជ្ឈត្តិកង្គសុត្តំ)
[៥១៨] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្នុង ឲ្យជាអង្គហើយ ក៏មិនឃើញមានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីធ្វើពោជ្ឈង្គ ទាំង៧ ឲ្យកើតឡើងបាន ដូចជាយោនិសោមនសិការៈនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដដល់ភិក្ខុ ដែលបរិបូណ៌ ដោយយោនិសោមនសិការៈ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥១៩] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើន នូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលបរិបូណ៌ ដោយយោនិសោមនសិការៈ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧យ៉ាងនេះឯង។
(១០. ពាហិរង្គសុត្តំ)
[៥២០] ម្នាលភិក្ខុទាំងឡាយ តថាគតធ្វើធម៌ខាងក្រៅ ឲ្យជាអង្គហើយ ក៏មិនឃើញមានធម៌ដទៃ សូម្បីតែអង្គ១ ដែលប្រព្រឹត្តទៅ ដើម្បីកើតឡើង នៃពោជ្ឈង្គ ទាំង៧ បាន ដូចជាការមានមិត្រល្អនេះឡើយ។ ម្នាលភិក្ខុទាំងឡាយ នេះជាគ្រឿងប្រាកដ ដល់ភិក្ខុដែលមានមិត្រល្អ ភិក្ខុនោះ នឹងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧។
[៥២១] ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ចំរើននូវសតិសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក។បេ។ ចំរើន នូវឧបេក្ខាសម្ពោជ្ឈង្គ ដែលអាស្រ័យ នូវវិវេក អាស្រ័យ នូវវិរាគៈ អាស្រ័យ នូវនិរោធ បង្អោនទៅ ដើម្បីលះបង់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលមានមិត្រល្អ រមែងចំរើន នូវពោជ្ឈង្គ ទាំង៧ ធ្វើឲ្យច្រើន នូវពោជ្ឈង្គ ទាំង៧ យ៉ាងនេះឯង។
ចប់ ចក្កវត្តិវគ្គ ទី៥។
ឧទ្ទាននៃចក្កវត្តិវគ្គនោះ គឺ
និយាយអំពីការលះបង់ មាន៣ប្រការ១ អំពីសេចក្តីប្រៀប ដោយសេ្តចចក្រពត្តិ១ អំពីមគ្គ ជាគ្រឿងញ៉ាំញីមារ និងសេនានៃមារ១ អំពីការប្រៀបដោយមនុស្សឥតប្រាជ្ញា១ ដោយមនុស្សមានប្រាជ្ញា១ ដោយមនុស្សកំសត់១ ដោយមនុស្សមិនកំសត់១ ដោយព្រះអាទិត្យរះឡើង១ អំពីធម៌ជាអង្គ មានពីរលើក រួមជា១០។