km:tipitaka:sut:sn:47:sut.sn.47.002



(សតិសូត្រ ទី២)

សង្ខេប

ក្នុង​អម្ពបាលិវន៖ ព្រះ​ដ៏​មាន​ព្រះ​ភាគ ទ្រង់​ត្រាស់​ដូ​ច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ ភិក្ខុ​ត្រូវ​ជា​អ្នក​មាន​ស្មារតី ជា​អ្នក​ដឹង​ខ្លួន នេះ​ជា​អនុសាសនី គឺ​ពាក្យ​ប្រៀន​ប្រដៅ របស់​តថាគត ចំពោះ​អ្នក​ទាំង​ឡាយ។

sn 47.002 បាលី cs-km: sut.sn.47.002 អដ្ឋកថា: sut.sn.47.002_att PTS: ?

(សតិសូត្រ ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក សុខវិបុល

អានដោយ ឧបាសិកា ស្រីនាង

(២. សតិសុត្តំ)

[៥] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងអម្ពបាលិវន ជិតក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ក៏ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី ជាអ្នកដឹងខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

[៦] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ក្នុងវេទនាទាំងឡាយ។បេ។ ក្នុងចិត្ត។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន ជាអ្នកមានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។

[៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការដើរទៅខាងមុខ និងថយក្រោយ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលក្រឡេកមើលទៅមុខ និងក្រឡេកមើលទៅទិសផ្សេងៗ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបត់ដៃជើង និងលាដៃជើង ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលទ្រទ្រង់ នូវសំពត់សង្ឃាដី បាត្រ និងចីវរ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលបរិភោគភោជន ផឹកទឹក ទំពាស៊ី (ខាទនីយវត្ថុ) ជញ្ជបរស ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងការបន្ទោបង់នូវឧច្ចារៈ និងបស្សាវៈ ធ្វើនូវសេចក្តីដឹងខ្លួន ក្នុងកាលដើរ ឈរ អង្គុយ លក់ ភ្ញាក់ឡើង និយាយ និងនៅស្ងៀម។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវជាអ្នកមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.002.txt · ពេលកែចុងក្រោយ: 2023/10/20 16:47 និពន្ឋដោយ Johann