km:tipitaka:sut:sn:47:sut.sn.47.008



(សូទសូត្រ ទី៨)

សង្ខេប

រឿងអ្នកបម្រើ និងភិក្ខុចម្រើនសតិប្បដ្ឋាន។

sn 47.008 បាលី cs-km: sut.sn.47.008 អដ្ឋកថា: sut.sn.47.008_att PTS: ?

(សូទសូត្រ ទី៨)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(៨. សូទសុត្តំ)

[២៧] ម្នាលភិក្ខុទាំងឡាយ ដូចអ្នកចំអិនភត្ត ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយម្ហូបទាំងឡាយ មានចំណែកប្លែកៗ គឺមានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារសហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារសមិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសមិនប្រៃខ្លះ។ ម្នាលភិក្ខុទាំងឡាយ ជនអ្នកចំអិននូវភត្តនោះឯង ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវវិធីចំអិនភត្ត របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបបែបនេះក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូបបែបនេះក្តី ទ្រង់ពោលសរសើរម្ហូបបែបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួលហើយ ទទួលទៀតនូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់សរសើរភត្ត និងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ឱជារសល្វីង ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសផ្អែម ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសមិនប្រៃ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូប មានឱជារសមិនប្រៃក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី ទ្រង់ពោលសរសើរនូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិន នូវភត្តនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ រមែងមិនបាននូវគ្រឿងស្លៀកពាក់ មិនបាននូវថ្លៃឈ្នួល មិនបាននូវរង្វាន់ទាំងឡាយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ជនអ្នកចំអិននូវភត្តនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀននូវវិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។

[២៨] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀនឲ្យចេះនូវនិមិត្តនោះ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏មិនតាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់មិនបាន ភិក្ខុនោះ មិនរៀនឲ្យចេះ នូវនិមិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ ជាអ្នកមិនបាន នូវធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ននេះ និងមិនបាន នូវសតិ និងសម្បជញ្ញៈឡើយ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាមនុស្សល្ងង់ មិនឈ្លាសវៃ មិនប៉ិនប្រសប់ មិនរៀនឲ្យចេះនូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះដែរ។

[២៩] ម្នាលភិក្ខុទាំងឡាយ ដូចជនអ្នកចំអិននូវភត្ត ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយម្ហូបទាំងឡាយប្លែកៗ មានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារស ហឺរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារសមិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសសាបខ្លះ។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិននូវភត្តនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រមែងរៀននូវវិធីចំអិនភត្ត របស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូបនេះក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបនេះក្តី ទ្រង់ពោលសរសើរភត្ត និងម្ហូបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់ពោលសរសើរភត្តនិងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសល្វីង ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសហឺរ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសផ្អែម ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសមិនខារ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសប្រៃ ពេញចិត្តអញក្តី។ ថ្ងៃនេះ ឱជារសសាប ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យ របស់ព្រះរាជា ទ្រង់លាព្រះហស្តទទួលនូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ទទួលហើយ ទទួលទៀត នូវភត្ត និងម្ហូបមានឱជារសសាបក្តី ទ្រង់ពោលសរសើរភត្ត និងម្ហូបមានឱជារសសាបក្តី។ ម្នាលភិក្ខុទាំងឡាយ អ្នកចំអិននូវភត្តនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ តែងបាននូវគ្រឿងស្លៀកពាក់ផង បាននូវថ្លៃឈ្នួលផង បាននូវរង្វាន់ទាំងឡាយផង។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា អ្នកចំអិនភត្តនោះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ រៀននូវវិធីចំអិនភត្តរបស់ខ្លួន យ៉ាងណាមិញ។

[៣០] ម្នាលភិក្ខុទាំងឡាយ ភិក្ខុខ្លះក្នុងសាសនានេះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏តាំងនៅមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់ចេញបាន ភិក្ខុនោះ ឈ្មោះថា រៀននូវនិមិត្តនោះ។ ជាអ្នកពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី។ ជាអ្នកពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី។ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏តាំងមាំ ឧបក្កិលេសទាំងឡាយ ក៏ភិក្ខុនោះ លះបង់ចេញបាន ភិក្ខុនោះឈ្មោះថា រៀននូវនិមិត្តនោះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនោះឯង ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ ជាអ្នកបាននូវធម៌ ជាគ្រឿងនៅជាសុខ ក្នុងបច្ចុប្បន្ននេះឯង និងបាននូវសតិ និងសម្បជញ្ញៈ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា ភិក្ខុនោះ ជាអ្នកប្រាជ្ញ ឈ្លាសវៃ ប៉ិនប្រសប់ តែងរៀននូវនិមិត្ត នៃចិត្តរបស់ខ្លួន ក៏យ៉ាងនោះដែរ។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.008.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann