km:tipitaka:sut:sn:47:sut.sn.47.010



(ភិក្ខុនុបស្សយសូត្រ ទី១០)

សង្ខេប

អ្វី​ទៅ​ជា​គុណវិសេស​របស់​សតិប្បដ្ឋាន? ព្រះអានន្ទ​​ទទួល​​ពាក្យ​​ប្រៀន​ប្រដៅពី សតិប្បដ្ឋាន​ទាក់​ទង​​នឹង​ឈន។

sn 47.010 បាលី cs-km: sut.sn.47.010 អដ្ឋកថា: sut.sn.47.010_att PTS: ?

(ភិក្ខុនុបស្សយសូត្រ ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១០. ភិក្ខុនុបស្សយសុត្តំ)

[៣៧] ក្នុងក្រុងសាវត្ថី។ ព្រះដ៏មានព្រះភាគ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាព្រឹកព្រហាម ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ លំដាប់នោះឯង ពួកភិក្ខុនីច្រើនរូប ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ។ លុះភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ពួកភិក្ខុនីច្រើនរូបក្នុងទីនេះ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ តែងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះហើយ ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះហើយ មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋានទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹមរបស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ លំដាប់នោះឯង ព្រះអានន្ទដ៏មានអាយុ ក៏ធ្វើពួកភិក្ខុនីទាំងនោះ ឲ្យយល់ច្បាស់ ឲ្យកាន់យក ឲ្យអាចហាន ឲ្យរីករាយ ដោយធម្មីកថា ហើយក្រោកចាកអាសនៈ ចៀសចេញទៅ។

[៣៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ត្រាច់ទៅបិណ្ឌបាត ក្នុងក្រុងសាវត្ថី លុះត្រឡប់មកពីបិណ្ឌបាត ក្នុងពេលខាងក្រោយ នៃភត្តហើយ ក៏ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ បពិត្រព្រះអង្គដ៏ចំរើន លំដាប់នោះឯង ពួកភិក្ខុនីច្រើនរូប ចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ។ បពិត្រព្រះអង្គដ៏ចំរើន លុះពួកភិក្ខុនីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងខ្ញុំព្រះអង្គ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ក្នុងទីនេះ មានពួកភិក្ខុនីច្រើនរូប មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ តែងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ បពិត្រព្រះអង្គដ៏ចំរើន កាលភិក្ខុនីទាំងនោះ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គ បាននិយាយទៅនឹង

ភិក្ខុនីទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង មា្នលនាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។

[៣៩] ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាលអានន្ទ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋានទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹម របស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់ នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម។ សតិប្បដ្ឋាន ទាំង ៤ តើដូចម្តេច។

[៤០] ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានប្រក្រតី ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ មានប្រក្រតីពិចារណាឃើញ នូវកាយក្នុងកាយ សេចក្តីក្តៅក្រហាយ ដោយកិលេស មានកាយជាអារម្មណ៍ តែងកើតឡើងក្នុងកាយក្តី សេចក្តីរួញរា នៃចិត្តក្តី ចិត្តតែងរសាត់អណ្តែត ទៅកាន់អារម្មណ៍ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុកក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយចុះ។ កាលភិក្ខុនោះ តាំងចិត្តទុក ក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយបានហើយ បាមោជ្ជៈ (សេចក្តីរីករាយ) រមែងកើតឡើង កាលភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលមានចិត្តប្រកបដោយបីតិហើយ កាយក៏ស្ងប់ ភិក្ខុដែលមានកាយស្ងប់ តែងសោយនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុ ដែលមានសេចក្តីសុខ រមែងតាំងនៅខ្ជាប់ខ្ជួន។ ភិក្ខុនោះ តែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បីប្រយោជន៍ឯណា ប្រយោជន៍របស់អាត្មាអញនោះ ក៏បានសម្រេចហើយ ណ្ហើយចុះ ក្នុងកាលឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត (អំពីទីដែលគួរជ្រះថ្លា)។ ភិក្ខុនោះ រមែងប្រមូលមក នូវចិត្តបានផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ក្នុងខាងក្នុង (អារម្មណ៍ជាទីគោចរ)។

[៤១] ម្នាលអានន្ទ មួយទៀត ភិក្ខុមានប្រក្រតីពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ។ នូវចិត្តក្នុងចិត្ត។ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ មានប្រក្រតី ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ សេចក្តីក្តៅក្រហាយ ដោយកិលេស មានធម៌ជាអារម្មណ៍ រមែងកើតឡើង ក្នុងកាយក្តី សេចក្តីរួញរា នៃចិត្តក្តី ចិត្តរសាត់អណ្តែត ទៅកាន់អារម្មណ៍ខាងក្រៅក្តី។ ម្នាលអានន្ទ ភិក្ខុនោះ ត្រូវតាំងចិត្តទុក ក្នុងនិមិត្ត ដែលគួរជាទីជ្រះថ្លាណាមួយចុះ។ កាលបើភិក្ខុនោះ តាំងចិត្តទុក ក្នុងនិមិត្តគួរជាទីជ្រះថ្លាណាមួយបានហើយ បាមោជ្ជៈ ក៏កើតឡើង កាលភិក្ខុមានបាមោជ្ជៈហើយ បីតិក៏កើតឡើង កាលមានចិត្តប្រកបដោយបីតិ កាយក៏ស្ងប់ ភិក្ខុដែលមានកាយស្ងប់ រមែងសោយនូវសេចក្តីសុខ ចិត្តរបស់ភិក្ខុដែលមានសេចក្តីសុខ រមែងតាំងនៅខ្ជាប់ខ្ជួន។ ភិក្ខុនោះ រមែងពិចារណាឃើញច្បាស់ ដូច្នេះថា អាត្មាអញ បានតាំងចិត្ត ដើម្បីប្រយោជន៍ឯណា ប្រយោជន៍របស់អាត្មាអញនោះ បានសម្រេចហើយ ណ្ហើយចុះ ឥឡូវនេះ អាត្មាអញ ប្រមូលមកនូវចិត្ត។ ភិក្ខុនោះ ទើបប្រមូលមកនូវចិត្តផង មិនត្រិះរិះផង មិនពិចារណាផង ទើបដឹងច្បាស់ថា អាត្មាអញ មិនមានវិតក្កៈ មិនមានវិចារៈ មានតែស្មារតី និងសេចក្តីសុខ ប្រព្រឹត្តទៅ ក្នុងខាងក្នុង (អារម្មណ៍ជាទីគោចរ)។ ម្នាលអានន្ទ ការតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង។

[៤២] ម្នាលអានន្ទ ចុះការមិនតាំងចិត្ត ហើយភាវនា តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ តែងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានតាំងទុកក្នុងអារម្មណ៍ខាងក្រៅ មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាមដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៣] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅហើយ ក៏ដឹងច្បាស់ថាចិត្តអាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ ទាំងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ ផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយទៀត តែងដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៤] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ រមែងដឹងច្បាស់ថា ចិត្ត អាត្មាអញ មិនបានតាំងទុក ក្នុងអារម្មណ៍ខាងក្រៅ មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ រួចផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៥] ម្នាលអានន្ទ ភិក្ខុមិនបានតាំងចិត្ត ក្នុងអារម្មណ៍ខាងក្រៅ រមែងដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) មួយទៀត ដឹងច្បាស់ថា ចិត្តអាត្មាអញ មិនបានរាយមាយ រួចផុតស្រឡះហើយ មិនបានតាំងទុក (ក្នុងអារម្មណ៍ខាងក្រៅ) ទាំងក្រោយ ទាំងមុន មួយវិញទៀត ដឹងច្បាស់ថា អាត្មាអញ ជាអ្នកពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី មានសេចក្តីសុខ។

[៤៦] ម្នាលអានន្ទ ការមិនតាំងចិត្ត ហើយភាវនា យ៉ាងនេះឯង។ ម្នាលអានន្ទ ការតាំងចិត្ត ហើយភាវនា តថាគតសំដែងហើយ ការមិនតាំងចិត្ត ហើយភាវនា តថាគត ក៏បានសំដែងហើយ ដោយប្រការដូច្នេះឯង។ ម្នាលអានន្ទ កិច្ចឯណា ដែលព្រះសាស្តា ជាអ្នកស្វែងរកនូវប្រយោជន៍ ជាអ្នកអនុគ្រោះ អាស្រ័យនូវសេចក្តីអនុគ្រោះ គប្បីធ្វើដល់សាវកទាំងឡាយ កិច្ចនោះ តថាគត បានធ្វើហើយ ដល់អ្នកទាំងឡាយ។ ម្នាលអានន្ទ កិច្ចទាំងនុ៎ះ គឺម្លប់ឈើ កិច្ចទាំងនុ៎ះ គឺទីស្ងាត់។ ម្នាលអានន្ទ អ្នកទាំងឡាយ ចូរពិចារណា ចូរកុំប្រមាទ កុំមានសេចក្តីក្តៅក្រហាយ ក្នុងកាលជាខាងក្រោយឡើយ នេះជាអនុសាសនី គឺពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នូវភាសិតនេះហើយ។ ព្រះអានន្ទដ៏មានអាយុ ក៏ពេញចិត្ត រីករាយចំពោះភាសិតព្រះដ៏មានព្រះភាគ។

ចប់ អម្ពបាលិវគ្គ ទី១។

ឧទ្ទាននៃអម្ពបាលិវគ្គនោះគឺ

និយាយអំពីព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងអម្ពបាលិវន មាន ២ លើក អំពីភិក្ខុមានស្មារតី ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រាហ្មណគ្រាម ឈ្មោះកោសល ក្នុងដែន កោសល ១ អំពីគំនរអកុសល និងកុសល ១ អំពីសត្វខ្លែងឆាបប្រចៀច ១ អំពីប្រទេសដែលសត្វស្វា និងមនុស្ស ទៅបានដោយលំបាក ១ អំពីជនអ្នកចំអិននូវភត្ត ១ អំពីព្រះដ៏មានព្រះភាគ ទ្រង់ព្រះប្រឈួនជាទម្ងន់ ១ អំពីព្រះអានន្ទដ៏មានអាយុ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប ១។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.010.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann