km:tipitaka:sut:sn:47:sut.sn.47.011



(មហាបុរិសសូត្រ ទី១)

សង្ខេប

«ពាក្យគេតែងនិយាយថា មហាបុរស មហាបុរស ចុះបុគ្គលជាមហាបុរស ដោយហេតុដូចម្តេច»?

sn 47.011 បាលី cs-km: sut.sn.47.011 អដ្ឋកថា: sut.sn.47.011_att PTS: ?

(មហាបុរិសសូត្រ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះខេមានន្ទ

(១. មហាបុរិសសុត្តំ)

[៤៧] សាវត្ថីនិទាន។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មហាបុរស មហាបុរស បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គលជាមហាបុរស ដោយហេតុដូចម្តេច។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចផុតស្រឡះហើយ មិនមែនហៅថា មហាបុរស ព្រោះមានចិត្តមិនទាន់រួចផុតស្រឡះទេ។

[៤៨] ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថាមានចិត្តរួចស្រឡះ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថា មានចិត្តរួចស្រឡះ យ៉ាងនេះឯង។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចស្រឡះ មិនមែនហៅថា មហាបុរស ព្រោះមិនមានចិត្តរួចស្រឡះទេ។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.011.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann