តើអ្នកអាចថ្លឹងថ្លែងទឹកមួយកែវនៅលើក្បាលរបស់អ្នកបានទេ នៅពេលស្នេហារបស់អ្នករាំ និងច្រៀង?
sn 47.020 បាលី cs-km: sut.sn.47.020 អដ្ឋកថា: sut.sn.47.020_att PTS: ?
(ជនបទកល្យាណីសូត្រ ទី១០)
?
បកប្រែពីភាសាបាលីដោយ
ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ
ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ
អានដោយ ព្រះខេមានន្ទ
(១០. ជនបទកល្យាណីសុត្តំ)
[៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា។
[៨៧] ម្នាលភិក្ខុទាំងឡាយ ដូចពួកមហាជនប្រជុំគ្នា ដោយគិតថា នាងជនបទកល្យាណី នាងជនបទកល្យាណី (ស្រីមានលំអក្នុងជនបទៗ) ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកមហាជន ប្រជុំគ្នាច្រើនក្រៃលែង ដោយគិតថា នាងជនបទកល្យាណីនោះឯង មានលំនាំកិរិយាឧត្តម ក្នុងការរាំ មានលំនាំកិរិយាឧត្តម ក្នុងការច្រៀង នាងជនបទកល្យាណី រាំឥឡូវនេះ ច្រៀងឥឡូវនេះ។ គ្រានោះ មានបុរសដែលចង់រស់ មិនចង់ស្លាប់ មានប្រាថ្នាសេចក្តីសុខ ខ្ពើមទុក្ខ មកដល់ហើយ ក៏និយាយទៅនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន ភាជនៈប្រេង ដ៏ពេញស្មើនេះ អ្នកត្រូវរក្សាទុក ក្នុងចន្លោះមហោស្រពផង ក្នុងចន្លោះនាងជនបទកល្យាណីផង។ បុរសក៏លើកដាវឡើង ដើរតាមក្រោយៗ នៃបុរសនោះ ហើយពោលថា អ្នកនឹងធ្វើឲ្យកំពប់ប្រេង សូម្បីបន្តិចត្រង់ទីណា ក្បាលអ្នក នឹងធ្លាក់ចុះត្រង់ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច បុរសនោះ មិនគួរយកចិត្តទុកដាក់ នឹងប្រេងឯណោះ ហើយនាំមក នូវសេចក្តីធ្វេសប្រហែស ខាងក្រៅដែរឬ។ ហេតុនោះ មិនគួរធ្វេសប្រហែសទេ ព្រះអង្គ។
[៨៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បីពន្យល់ សេចក្តីនេះឯងជាសេចក្តីក្នុងរឿងនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯពាក្យថា ភាជនៈប្រេង ដ៏ពេញស្មើនេះ ជាឈ្មោះនៃកាយគតាសតិ។
[៨៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ យើងនឹងចំរើន នឹងធ្វើរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ដំកល់ទុករឿយៗ សន្សំប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។
ចប់ នាឡន្ទវគ្គ ទី ២។
ឧទ្ទាននៃនាឡន្ទវគ្គនោះគឺ
និយាយអំពីមហាបុរស ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងនាឡន្ទា ១ អំពីចុន្ទសាមណេរ ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនគរឧក្កចេលា ១ អំពីព្រះពាហិយៈ១ អំពីព្រះឧត្តិយៈ ១ អំពីសតិប្បដ្ឋាន ជារបស់ប្រសើរ១ អំពីសហម្បតិព្រហ្ម ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម មានពីរលើក។