km:tipitaka:sut:sn:47:sut.sn.47.046



(បាតិមោក្ខសំវរសូត្រ ទី៦)

សង្ខេប

ចុះ​អ្វី ជា​ខាង​ដើម នៃ​កុសល​ធម៌​ទាំង​ឡាយ?

sn 47.046 បាលី cs-km: sut.sn.47.046 អដ្ឋកថា: sut.sn.47.046_att PTS: ?

(បាតិមោក្ខសំវរសូត្រ ទី៦)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ព្រះ​ខេមានន្ទ

(៦. បាតិមោក្ខសំវរសុត្តំ)

[១៥០] គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់ធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ សំដែងធម៌នោះ ឲ្យទាន ដល់ខ្ញុំព្រះអង្គដោយសង្ខេប។

[១៥១] ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះនូវហេតុជាខាងដើម ក្នុងកុសលធម៌ទាំង ឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរសង្រួម ក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។

[១៥២] ម្នាលភិក្ខុ កាលណាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ទាំង ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យនូវសីល និងស្ថិតនៅក្នុងសីល និងចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមានឡើយ។

[១៥៣] គ្រានោះឯង ភិក្ខុនោះ ត្រេកអរ អនុមោទនាភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះឯង ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.046.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann