km:tipitaka:sut:sn:47:sut.sn.47.v02



នាឡន្ទវគ្គ ទី២

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 47.v02 បាលី cs-km: sut.sn.47.v02 អដ្ឋកថា: sut.sn.47.v02_att PTS: ?

នាឡន្ទវគ្គ ទី២

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(២. នាលន្ទវគ្គោ)

(មហាបុរិសសូត្រ ទី១)

(១. មហាបុរិសសុត្តំ)

[៤៧] សាវត្ថីនិទាន។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ពាក្យគេតែងនិយាយថា មហាបុរស មហាបុរស បពិត្រព្រះអង្គដ៏ចំរើន ចុះបុគ្គលជាមហាបុរស ដោយហេតុដូចម្តេច។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចផុតស្រឡះហើយ មិនមែនហៅថា មហាបុរស ព្រោះមានចិត្តមិនទាន់រួចផុតស្រឡះទេ។

[៤៨] ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថាមានចិត្តរួចស្រឡះ តើដូចម្តេច។ ម្នាលសារីបុត្ត ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះ ចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ កាលភិក្ខុនោះពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ។ ម្នាលសារីបុត្ត ភិក្ខុដែលឈ្មោះថា មានចិត្តរួចស្រឡះ យ៉ាងនេះឯង។ ម្នាលសារីបុត្ត តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចស្រឡះ មិនមែនហៅថា មហាបុរស ព្រោះមិនមានចិត្តរួចស្រឡះទេ។

(នាលន្ទសូត្រ ទី២)

(២. នាលន្ទសុត្តំ)

[៤៩] សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់គង់នៅក្នុងបាវារិកម្ពវន ជិតក្រុងនាឡន្ទា។ គ្រានោះឯង ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹង លើសជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផងឡើយ។ ម្នាលសារីបុត្ត អាសភិវាចា (វាចាដ៏អង់អាច) នេះ ដែលអ្នកបានពោលហើយ លើសលុបពេកណាស់ សីហនាទ ដែលខ្លួនកាន់យកតែមួយចំណែក អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានចិត្តជ្រះថ្លា ក្នុងព្រះដ៏មានព្រះភាគយ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹងក្រៃលែង ជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។

[៥០] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងអតីតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នកបានកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥១] ម្នាលសារីបុត្ត ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងអនាគតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ អ្នកកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គមានធម៌ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគទាំងឡាយនោះ ព្រះអង្គ មានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥២] ម្នាលសារីបុត្ត ចុះតថាគតជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងបច្ចុប្បន្នកាលនេះ អ្នកកំណត់ដឹង នូវចិត្តដោយចិត្តថា ព្រះដ៏មានព្រះភាគ ព្រះអង្គមានសីលយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានធម៌យ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានបញ្ញាយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានធម៌ ជាគ្រឿងនៅយ៉ាងនេះខ្លះ ព្រះដ៏មានព្រះភាគ ព្រះអង្គមានវិមុត្តិយ៉ាងនេះខ្លះ ដូច្នេះបានដែរឬ។ បពិត្រព្រះអង្គដ៏ចំរើន ដំណើរនុ៎ះ កំណត់មិនបានទេ។

[៥៣] ម្នាលសារីបុត្ត ការកំណត់ដឹងនូវចិត្តរបស់អ្នក មិនមានក្នុងព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងកាលជាអតីត អនាគត បច្ចុប្បន្ននុ៎ះឡើយ។ ម្នាលសារីបុត្ត ចុះហេតុដូចម្តេច ក៏កាលឥឡូវនេះ អាសភិវាចាដ៏លើសលុប អ្នកបានពោលហើយ សីហនាទ ដែលខ្លួនកាន់យក ដោយចំណែកមួយ អ្នកបានបន្លឺឡើងហើយថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីជ្រះថ្លា ចំពោះព្រះដ៏មានព្រះភាគ យ៉ាងនេះ សមណៈ ឬព្រាហ្មណ៍ដទៃ មានសេចក្តីត្រាស់ដឹងក្រៃលែងលើស ជាងព្រះដ៏មានព្រះភាគ ក្នុងសម្ពោធិញ្ញាណនេះ មិនមានក្នុងអតីតកាលផង មិនមានក្នុងអនាគតកាលផង មិនមានក្នុងបច្ចុប្បន្នកាលផង។ បពិត្រព្រះអង្គដ៏ចំរើន ពិតមែនតែការកំណត់ដឹង នូវចិត្តរបស់ខ្ញុំព្រះអង្គ ចំពោះព្រះអរហន្ត សម្មាសម្ពុទ្ធទាំងឡាយ ក្នុងអតីតកាល អនាគតកាល បច្ចុប្បន្នកាលនោះ មិនមានឡើយ ប៉ុន្តែការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងច្បាស់ហើយ។

[៥៤] បពិត្រព្រះអង្គដ៏ចំរើន ដូចនគររបស់ព្រះរាជា នៅទីបំផុតដែន មានជើងកំពែងដ៏មាំ មានកំពែង និងសសរខឿនដ៏មាំ មានទ្វារតែមួយ នាយទ្វាររបស់ព្រះរាជានោះ ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា នៅប្រចាំត្រង់ទ្វារនោះ ចំាហាមឃាត់ជនទាំងឡាយ ដែលមិនស្គាល់ បើកឲ្យតែពួកជន ដែលស្គាល់ចូលទៅបាន។ នាយទ្វារនោះ ដើរត្រួតត្រាផ្លូវ តាមជួរកំពែង ដោយជុំវិញនគរនោះ ក៏មិនឃើញនូវទី-ត នៃកំពែងឬ ឬនៅចន្លោះនៃកំពែង ដោយហោចទៅ សូម្បីតែសត្វឆ្មា ក៏សសុលចូលពុំបាន។ នាយទ្វារនោះ មានសេចក្តីត្រិះរិះ យ៉ាងនេះថា ពួកសត្វធំៗណាមួយ រមែងចូលទៅកាន់នគរនេះ ឬចេញមកវិញ ពួកសត្វទាំងអស់នោះ រមែងចូលទៅ ឬចេញតាមទ្វារនេះឯង យ៉ាងណាមិញ។ បពិត្រព្រះអង្គដ៏ចំរើន ការស្ទង់តាមធម៌ ខ្ញុំព្រះអង្គ បានដឹងហើយ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ មានក្នុងអតីតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ ទ្រង់លះបង់ នូវនីវរណៈ ទាំង ៥ ដែលជាឧបក្កិលេសនៃចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើននូវពោជ្ឈង្គ ទាំង ៧ ត្រាស់ដឹងចំពោះនូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាព្រះអរហន្តសម្មាសម្ពុទ្ធ មានក្នុងអនាគតកាល ព្រះដ៏មានព្រះភាគទាំងអស់នោះ ទ្រង់លះបង់នូវនីវរណៈ ទាំង ៥ ដែលជាឧបក្កិលេស នៃចិត្ត ដែលធ្វើបញ្ញា ឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើននូវពោជ្ឈង្គទាំង ៧ ត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត។ បពិត្រព្រះអង្គដ៏ចំរើន ព្រះដ៏មានព្រះភាគ ជាព្រះអរហន្តសម្មាសម្ពុទ្ធ ក្នុងកាលជាបច្ចុប្បន្ននេះ ក៏ទ្រង់លះបង់ នូវនីវណៈ ទាំង ៥ ដែលជាឧបក្កិលេសនៃចិត្ត ដែលធ្វើបញ្ញាឲ្យមានកំឡាំងថយ ទ្រង់មានព្រះហឫទ័យដំកល់ខ្ជាប់ ក្នុងសតិប្បដ្ឋាន ទាំង ៤ ទ្រង់ចំរើននូវពោជ្ឈង្គទាំង ៧ ត្រាស់ដឹង នូវអនុត្តរសម្មាសម្ពោធិធម៌ តាមសភាវៈពិត យ៉ាងនោះឯង។

[៥៥] ម្នាលសារីបុត្ត ត្រូវណាស់ហើយ ម្នាលសារីបុត្ត ព្រោះហេតុនោះ អ្នកគប្បីពោល នូវធម្មបរិយាយនេះ ដល់ពួកភិក្ខុ ភិក្ខុនី ឧបាសក និងឧបាសិកា ឲ្យរឿយៗចុះ។ ម្នាលសារីបុត្ត ព្រោះថា សេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ ក្នុងព្រះតថាគត នឹងមានដល់មោឃបុរសឯណា មោឃបុរសទាំងនោះ បានស្តាប់នូវធម្មបរិយាយនេះហើយ មុខជានឹងលះបង់ នូវសេចក្តីងឿងឆ្ងល់ ឬសេចក្តីសង្ស័យ ក្នុងព្រះតថាគតចេញបាន។

(ចុន្ទសូត្រ ទី៣)

(៣. ចុន្ទសុត្តំ)

[៥៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ សម័យនោះឯង ព្រះសារីបុត្តដ៏មានអាយុ មានអាពាធ មានសេចក្តីទុក្ខ មានជម្ងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុងដែនមគធៈ។ មានសាមណេរ ឈ្មោះចុន្ទ ជាឧបដ្ឋាក របស់ព្រះសារីបុត្តដ៏មានអាយុ។ គ្រានោះឯង ព្រះសារីបុត្ត ក៏បរិនិព្វាន ដោយអាពាធនោះ។

[៥៧] លំដាប់នោះឯង ចុន្ទសាមណេរ ក៏កាន់យកបាត្រ និងចីវរ របស់ព្រះសារីបុត្តដ៏មានអាយុ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ឯវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះចុន្ទសាមណេរ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ ម្នាលអាវុសោចុន្ទ នេះជាដំណឹង ដែលអ្នកនាំមកជាដំបូង ម្នាលអាវុសោចុន្ទ មក យើងនឹងនាំគ្នាចូលទៅរកព្រះដ៏មានព្រះភាគ ដើម្បីគាល់ព្រះអង្គ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ចុន្ទសាមណេរ ក៏ទទូលពាក្យព្រះអានន្ទដ៏មានអាយុថា ករុណា លោកម្ចាស់។

[៥៨] គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ចុន្ទសាមណេរនេះ បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានហើយ នេះបាត្រចីវររបស់លោក។ បពិត្រព្រះអង្គដ៏ចំរើន មួយទៀត កាយរបស់ខ្ញុំព្រះអង្គ ហាក់ដូចជារឹងស្តូកស្តឹង ទាំងទិសទាំងឡាយ ក៏មិនប្រាកដ ដល់ខ្ញុំព្រះអង្គ ទាំងធម៌ទាំងឡាយ ក៏មិនភ្លឺច្បាស់ ដល់ខ្ញុំព្រះអង្គដែរ ព្រោះបានឮថា ព្រះសារីបុត្តដ៏មានអាយុ បរិនិព្វានទៅហើយ។

[៥៩] ម្នាលអានន្ទ សារីបុត្តនាំយកសីលក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកសមាធិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកបញ្ញាក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិក្ខន្ធ បរិនិព្វានទៅហើយឬ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅហើយឬ។ បពិត្រព្រះអង្គដ៏ចំរើន ព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ នាំយកសីលក្ខន្ធ បរិនិព្វានទៅក៏ទេ។បេ។ នាំយកវិមុត្តិញ្ញាណទស្សនក្ខន្ធ បរិនិព្វានទៅក៏ទេ។ បពិត្រព្រះអង្គដ៏ចំរើន ប៉ុន្តែព្រះសារីបុត្តដ៏មានអាយុ របស់ខ្ញុំព្រះអង្គ លោកជាអ្នកប្រដៅ ជាអ្នកពន្យល់ ជាអ្នកបំភ្លឺ ជាអ្នកបបួល ជាអ្នកឲ្យអាចហាន ជាអ្នកឲ្យរីករាយ ជាអ្នកមិនខ្ជិលច្រអូស ជាអ្នកអនុគ្រោះ ដល់ពួកសព្រហ្មចារ្យ ដោយធម៌ទេសនា យើងខ្ញុំទាំងឡាយ តែងរឭកតាមនូវធម្ម ឱជារស ធម្មសម្បត្តិ ធម្មានុគ្រោះ របស់ព្រះសារីបុត្តដ៏មានអាយុនោះ។

[៦០] ម្នាលអានន្ទ ដំណើរនោះ តថាគតបានប្រាប់មុនហើយថា ការផ្សេងៗគ្នា ការព្រាត់ប្រាស់គ្នា ការប្រព្រឹត្តទៅទីទៃពីគ្នា ចាកសត្វ និងសង្ខារទាំងពួង ជាទីស្រឡាញ់ ជាទីពេញចិត្ត ម្នាលអានន្ទ អ្នកគប្បីបានដំណើរនោះអំពីទីឯណា ដូច្នេះមិនមែនឬ។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ របស់នោះឯង តែងមានសេចក្តីវិនាសទៅជាធម្មតា។ បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំបីវិនាសឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។

[៦១] ម្នាលអានន្ទ ដូចដើមឈើធំក្រៃលែងជាងឈើធំ ដែលមានខ្លឹម កំពុងតាំងនៅ ស្រាប់តែរលំទៅ យ៉ាងណា។ ម្នាលអានន្ទ កាលបើភិក្ខុសង្ឃជាច្រើន ប្រកបដោយសារធម៌ កំពុងឋិតនៅ ស្រាប់តែសារីបុត្តបរិនិព្វានទៅ ក៏យ៉ាងនោះឯង ម្នាលអានន្ទ ដំណើរនោះ អ្នកគប្បីបានអំពីទីឯណា។ របស់ឯណា ដែលកើតហើយ ចំរើនហើយ បច្ច័យតាក់តែងហើយ តែងមានសេចក្តីវិនាសទៅ ជាធម្មតា បុគ្គលនឹងសង្ឃឹមថា សូមឲ្យរបស់នោះ កុំវិនាសទៅឡើយ ហេតុនុ៎ះ មិនដែលមានឡើយ។ ម្នាលអានន្ទ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭកឡើយ ចូរមានធម៌ជាទីពឹង មានធម៌ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកឡើយ។

[៦២] ម្នាលអានន្ទ ភិក្ខុដែលមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក តើដូចម្តេច។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ តែងពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ជាអ្នកពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មាន ព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលអានន្ទ ភិក្ខុមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក មិនមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ជាទីរឭក មិនមានវត្ថុដទៃជាទីរឭក យ៉ាងនេះឯង។

[៦៣] ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលអំណើះអំពីតថាគតទៅក្តី នឹងមានខ្លួនជាទីពឹង មានខ្លួនជាទីរឭក កុំបីមានវត្ថុដទៃជាទីរឭក មានធម៌ជាទីពឹង មានធម៌ ជាទីរឭក កុំបីមានវត្ថុដទៃ ជាទីរឭកចុះ។ ម្នាលអានន្ទ ពួកភិក្ខុឯណានីមួយ ជាអ្នកប្រាថ្នាការសិក្សា ភិក្ខុទាំងនោះ នឹងប្រាកដមាន ក្នុងចំណែកដ៏ប្រសើរក្រៃលេង។

(ឧក្កចេលសូត្រ ទី៤)

(៤. ឧក្កចេលសុត្តំ)

[៦៤] កាលដែលព្រះសារីបុត្ត និងព្រះមោគ្គល្លាន 1) បរិនិព្វានទៅហើយមិនយូរប៉ុន្មាន សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងគង្គា ជិតក្រុងឧក្កចេលា នាដែនវជ្ជី ជាមួយនិងភិក្ខុសង្ឃច្រើនរូប។ សម័យនោះឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅក្នុងទីវាល។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ក្រឡេកមើលទៅភិក្ខុសង្ឃ នៅស្ងៀមហើយ ក៏ទ្រង់ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលសារីបុត្ត និងមោគ្គល្លាន មិនទាន់បរិនិព្វាននៅឡើយ ក៏បរិសទ្យនេះឯង ប្រាកដហាក់ដូចជាសូន្យ ដល់តថាគត។ ម្នាលភិក្ខុទាំងឡាយ (បើ) សារីបុត្ត និងមោគ្គល្លាន នៅក្នុងទិសឯណា ទិសនោះមិនសូន្យ ដល់តថាគតទេ ទាំងសេចក្តីមិនព្រួយបារម្ភ (របស់តថាគត) ក៏មានក្នុងទិសនោះ។

[៦៥] ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ ដែលមានហើយ ក្នុងអតីតកាលក្តី សាវកទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លានរបស់តថាគតដែរ។ ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជាអរហន្តសម្មាសម្ពុទ្ធ នឹងមានក្នុងអនាគតកាលក្តី សាវកទាំងគូ របស់ព្រះដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្ត និងមោគ្គល្លាន របស់តថាគតដែរ។

[៦៦] ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុអស្ចារ្យរបស់ពួកសាវក ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់ពួកសាវក ព្រោះពួកសាវក ជាអ្នកធ្វើតាមពាក្យប្រៀនប្រដៅ និងធ្វើតាមឱវាទ របស់តថាគតជាគ្រូហើយ នឹងបានជាទីស្រឡាញ់ផង ជាទីគាប់ចិត្តផង ជាទីគោរពផង ជាទីសរសើរផង នៃពួកបរិសទ្យ ទាំង ៤។ ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុអស្ចារ្យ របស់តថាគត ម្នាលភិក្ខុទាំងឡាយ (នេះ) ជាហេតុចម្លែក របស់តថាគត ព្រោះថា កាលបើសាវកទាំងគូ មានសភាពដូច្នេះ បរិនិព្វានទៅហើយ សេចក្តីសោកក្តី សេចក្តីខ្សឹកខ្សួលក្តី មិនមានដល់តថាគតឡើយ ម្នាលភិក្ខុទាំងឡាយ ក្នុងលោកនេះ បុគ្គលគប្បីបាននូវហេតុនោះអំពីទីណា។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ ក៏គង់មានកិរិយាទ្រុឌទ្រោមទៅ ជាធម្មតា (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។

[៦៧] ម្នាលភិក្ខុទាំងឡាយ កាលបើដើមឈើដែលធំ ជាឈើមានខ្លឹម កំពុងឋិតនៅ ឯមែកដែលធំៗ នៃឈើនោះ ក៏បាក់បែកទៅ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ឯភិក្ខុសង្ឃដ៏ធំ មានខ្លឹមឋិតនៅ សារីបុត្ត និងមោគ្គល្លាន2) បរិនិព្វានទៅហើយ។ សារីបុត្ត និងមោគ្គល្លាននោះ បុគ្គលគប្បីរកបានក្នុងភិក្ខុសង្ឃនេះ អំពីទីណា ក៏យ៉ាងនោះឯង។ ធម្មជាតឯណា ដែលកើតហើយ មានហើយ បច្ច័យប្រជុំតាក់តែងហើយ (នឹងឃាត់) ថា ឱហ្ន៎ ធម្មជាតនោះ ចូរកុំទ្រុឌទ្រោមទៅ ហេតុនេះ រមែងមិនមានឡើយ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ ចូរយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក កុំយកវត្ថុដទៃជាទីពឹង ទីរឭកឡើយ ចូកយកធម៌ជាទីពឹង យកធម៌ជាទីរឭក កុំយកវត្ថុដទៃជា ទីពឹងទីរឭកឡើយ។

[៦៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃ ជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យ៉ាងនេះឯង។

[៦៩] ម្នាលភិក្ខុទាំងឡាយ មែនពិត ពួកភិក្ខុឯណានីមួយ ក្នុងកាលឥឡូវនេះក្តី ក្នុងកាលជាអំណើះ អំពីតថាគតទៅក្តី នឹងយកខ្លួនជាទីពឹង យកខ្លួនជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក យកធម៌ជាទីពឹង យកធម៌ជាទីរឭក មិនយកវត្ថុដទៃជាទីពឹងទីរឭក។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុឯណានីមួយ ជាសិក្ខាកាម (អ្នកប្រាថ្នានូវការសិក្សា) ភិក្ខុទាំងនុ៎ះ នឹងមានសេចក្តីចំរើន ដរាបដល់កាលជាទីបំផុត។

(ពាហិយសូត្រ ទី៥)

(៥. ពាហិយសុត្តំ)

[៧០] សាវត្ថីនិទាន។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះពាហិយៈ ដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ បើបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញទៅ មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើម នៃកុសលធម៌សិន។ ចុះអ្វីជាដើម នៃកុសលធម៌។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។

[៧១] ម្នាលពាហិយៈ កាលណាបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ល្អហើយ ម្នាលពាហិយៈ លំដាប់អំពីនោះទៅ អ្នកគប្បីអាស្រ័យសីល ដំកល់នៅក្នុងសីល ហើយចំរើននូវសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលពាហិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តី ដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ចូរពិចារណា ឲ្យឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលពាហិយៈ កាលណាបើអ្នកនឹងអាស្រ័យសីល ដំកល់នៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ទាំង៤នេះ យ៉ាងនេះឯង ម្នាលពាហិយៈ លំដាប់អំពីនោះទៅ យប់ក្តី ថ្ងៃក្តី នឹងមក ដល់អ្នក សេចក្តីចំរើន នឹងប្រាកដក្នុងកុសលធម៌ទាំងឡាយ មិនបានសាបសូន្យឡើយ។

[៧២] គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏មានព្រះភាគហើយ ក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ គ្រានោះ ព្រះពាហិយៈដ៏មានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌ ដ៏ប្រសើរនោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏បានដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះពាហិយៈដ៏មានអាយុ ក៏ជាព្រះអរហន្ត ១ អង្គដែរ។

(ឧត្តិយសូត្រ ទី៦)

(៦. ឧត្តិយសុត្តំ)

[៧៣] សាវត្ថីនិទាន។ គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ លុះព្រះឧត្តិយៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់សំដែងធម៌ ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ ព្រោះថា ខ្ញុំព្រះអង្គ កាលបើបានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន។ ម្នាលឧត្តិយៈ បើដូច្នោះ ក្នុងសាសនានេះ អ្នកចូរជម្រះ នូវដើមនៃកុសលធម៌ទាំងឡាយសិន។ ចុះអ្វីជាដើម នៃកុសលធម៌ទាំងឡាយ។ គឺសីលស្អាតល្អ ១ ទិដ្ឋិត្រង់ ១។

[៧៤] ម្នាលឧត្តិយៈ កាលបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ល្អហើយ ម្នាលឧត្តិយៈ លំដាប់អំពីនោះទៅ អ្នកត្រូវអាស្រ័យសីល ដំកល់នៅក្នុងសីល ហើយចំរើន នូវសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលឧត្តិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណា ឲ្យឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ចូរពិចារណាឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលឧត្តិយៈ កាលណាបើអ្នកអាស្រ័យនូវសីល ដំកល់នៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ទាំង ៤ នេះ យ៉ាងនេះហើយ លំដាប់អំពីនោះទៅ អ្នកនឹងបានដល់នូវត្រើយនៃវដ្តៈ ដែលជាលំនៅនៃមច្ចុ។

[៧៥] គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ត្រេកអរ រីករាយ ចំពោះភាសិត របស់ព្រះដ៏ មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ រួចចេញទៅ។ លំដាប់នោះ ព្រះឧត្តិយៈដ៏មានអាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់លោកុត្តរធម៌ ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ នូវលោកុត្តរធម៌ ដ៏ប្រសើរនោះ ដែលជាទីបំផុត នៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើរួចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ព្រះឧត្តិយៈដ៏មានអាយុ ជាព្រះអរហន្ត ១ អង្គដែរ។

(អរិយសូត្រ ទី៧)

(៧. អរិយសុត្តំ)

[៧៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ជាគុណជាតិប្រសើរ ជាទីស្រោចស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ តែងពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ទាំង ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើឲ្យរឿយៗហើយ ជាគុណជាតិប្រសើរ ជាទីស្រោចស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅ នៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ។

(ព្រហ្មសូត្រ ទី៨)

(៨. ព្រហ្មសុត្តំ)

[៧៧] សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដម្បូង ទ្រង់គង់ក្រោមដើមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលប្រទេស។ គ្រានោះ ព្រះដ៏មានព្រះភាគ គង់ក្នុងទីស្ងាត់ សម្ងំនៅតែមួយព្រះអង្គឯង ទ្រង់មានព្រះហឫទ័យត្រិះរិះកើតឡើង យ៉ាងនេះថា ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ គឺភិក្ខុពិចារណាឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ ភិក្ខុ (ពិចារណាឃើញនូវចិត្ត) ក្នុងចិត្តក្តី។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៧៨] គ្រានោះ ព្រហ្មឈ្មោះ សហម្បតិ ដឹងច្បាស់នូវសេចក្តីត្រិះរិះ ក្នុងព្រះហឫទ័យ របស់ព្រះដ៏មានព្រះភាគ ដោយចិត្ត (នៃខ្លួន) ហើយក៏បាត់អំពីព្រហ្មលោក មកប្រាកដ ក្នុងទីចំពោះព្រះភ័ក្ត្រ នៃព្រះដ៏មានព្រះភាគ (រហ័ស) ដូចបុរសមានកំឡាំង លានូវដៃ ដែលបត់ ឬបត់នូវដៃ ដែលលាហើយ យ៉ាងនោះឯង។ ទើបព្រហ្មឈ្មោះ សហម្បតិ ដណ្តប់សំពត់ បង់ក ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះព្រះដ៏មានព្រះភាគ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា

[៧៩] បពិត្រព្រះដ៏មានព្រះភាគ ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រព្រះសុគត ព្រះពុទ្ធដីកានេះ យ៉ាងនេះឯង បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់ នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យ ជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រូវពិចារណាឲ្យឃើញ នូវកាយក្នុងកាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវវេទនា) ក្នុងវេទនាទាំងឡាយក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុ (ពិចារណាឃើញ នូវចិត្ត) ក្នុងចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរំលត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន គឺសតិប្បដ្ឋាន ៤។

[៨០] ព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះ លុះព្រហ្មឈ្មោះសហម្បតិ បានពោលនូវពាក្យនេះហើយ ក៏ពោលនូវគាថា នេះតទៅទៀតថា

អ្នកមានប្រាជ្ញា ឃើញនូវព្រះនិព្វាន ជាទីបំផុតនៃកិរិយាអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវតែមួយ គឺបុព្វភាគសតិប្បដ្ឋាន ជនទាំងឡាយឯណា បានឆ្លងហើយ ក្នុងកាលមុនក្តី ឆ្លងក្នុងកាលឥឡូវនេះក្តី នឹងឆ្លងក្នុងខាងមុខក្តី នូវអន្លង់ (មានកាម ជាដើម) តាមផ្លូវនេះឯង។

(សេទកសូត្រ ទី៩)

(៩. សេទកសុត្តំ)

[៨១] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានបុរស ជាធំក្នុងល្បែងរ៉ាវ3) ចណ្ឌាល លើកឡើងនូវរ៉ាវចណ្ឌាល ហើយហៅកូនសិស្សឈ្មោះ មេទកថាលិកា ថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូរមកឡើងកាន់រ៉ាវចណ្ឌាល ហើយឈរ នៅលើ ក របស់យើងចុះ។ ម្នាលភិក្ខុទាំងឡាយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ទទួលស្តាប់ពាក្យបុរស ជាធំក្នុងល្បែងរ៉ាវចណ្ឌាលថា អើលោកអាចារ្យ ហើយក៏ឡើងកាន់រ៉ាវចណ្ឌាល ឈរលើ ក អាចារ្យ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ពោលទៅនឹងកូនសិស្ស ឈ្មោះមេទកថាលិកា ដូច្នេះថា នែមេទកថាលិកាជាសំឡាញ់ អ្នកចូររក្សាយើង យើងនឹងរក្សាអ្នក កាលបើយើងទាំងពីរនាក់ គ្រប់គ្រងគ្នានិងគ្នា រក្សាគ្នានិងគ្នា យ៉ាងនេះហើយ នឹងសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាល ដោយសួស្តីផង។

[៨២] ម្នាលភិក្ខុទាំងឡាយ កាលបើបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ពោលយ៉ាងនេះហើយ ឯកូនសិស្សឈ្មោះ មេទកថាលិកា ក៏ពោលតបទៅនឹងបុរសជាធំ ក្នុងល្បែងរ៉ាវចណ្ឌាល ដូច្នេះថា បពិត្រលោកអាចារ្យ ហេតុនុ៎ះ មិនទំនងទេ បពិត្រលោកអាចារ្យ លោកចូររក្សាខ្លួន (លោក) ចុះ ខ្ញុំនឹងរក្សាខ្លួន (ខ្ញុំ) ដែរ កាលបើយើងទាំងពីរនាក់ បានគ្រប់គ្រងខ្លួន រក្សាខ្លួន យ៉ាងនេះហើយ នឹងបានសំដែងសិល្បៈផង នឹងបាននូវលាភផង នឹងបានចុះអំពីរ៉ាវចណ្ឌាលដោយសួស្តីផង។ នុ៎ះជាឧបាយ ក្នុងការរក្សាខ្លួននោះ។ កូនសិស្សឈ្មោះមេទកថាលិកា ពោលទៅនឹងអាចារ្យ យ៉ាងណា ព្រះដ៏មានព្រះភាគ ក៏ទ្រង់ត្រាស់នូវរឿងនុ៎ះ (យ៉ាងនោះដែរ)។ ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវសេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សាអ្នកដទៃ ក៏ត្រូវសេពសតិប្បដ្ឋានដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាខ្លួនឈ្មោះថា រក្សាអ្នកដទៃ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន។

[៨៣] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ តើដូចម្តេច។ គឺដោយការសេព (កម្មដ្ឋាន) ដោយការចំរើន ដោយអំពើធ្វើរឿយៗ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ យ៉ាងនេះឯង។

[៨៤] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្នួន តើដូចម្តេច។ គឺដោយអំណត់ ដោយសេចក្តីមិនបៀតបៀន ដោយមេត្តាចិត្ត ដោយសេចក្តីអាណិត។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន យ៉ាងនេះឯង។

[៨៥] ម្នាលភិក្ខុទាំងឡាយ (បើភិក្ខុគិត) ថា អាត្មាអញ នឹងរក្សាខ្លួន ត្រូវសេពសតិប្បដ្ឋាន (បើគិត) ថា អាត្មាអញ នឹងរក្សាអ្នកដទៃ ក៏ត្រូវសេពសតិប្បដ្ឋានដែរ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលរក្សាខ្លួន ឈ្មោះថា រក្សាអ្នកដទៃ កាលរក្សាអ្នកដទៃ ឈ្មោះថា រក្សាខ្លួន។

(ជនបទកល្យាណីសូត្រ ទី១០)

(១០. ជនបទកល្យាណីសុត្តំ)

[៨៦] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ។ ភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកាព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា។

[៨៧] ម្នាលភិក្ខុទាំងឡាយ ដូចពួកមហាជនប្រជុំគ្នា ដោយគិតថា នាងជនបទកល្យាណី នាងជនបទកល្យាណី (ស្រីមានលំអក្នុងជនបទៗ) ដូច្នេះ។ ម្នាលភិក្ខុទាំងឡាយ ពួកមហាជន ប្រជុំគ្នាច្រើនក្រៃលែង ដោយគិតថា នាងជនបទកល្យាណីនោះឯង មានលំនាំកិរិយាឧត្តម ក្នុងការរាំ មានលំនាំកិរិយាឧត្តម ក្នុងការច្រៀង នាងជនបទកល្យាណី រាំឥឡូវនេះ ច្រៀងឥឡូវនេះ។ គ្រានោះ មានបុរសដែលចង់រស់ មិនចង់ស្លាប់ មានប្រាថ្នាសេចក្តីសុខ ខ្ពើមទុក្ខ មកដល់ហើយ ក៏និយាយទៅនឹងបុរសនោះ យ៉ាងនេះថា នែបុរសដ៏ចំរើន ភាជនៈប្រេង ដ៏ពេញស្មើនេះ អ្នកត្រូវរក្សាទុក ក្នុងចន្លោះមហោស្រពផង ក្នុងចន្លោះនាងជនបទកល្យាណីផង។ បុរសក៏លើកដាវឡើង ដើរតាមក្រោយៗ នៃបុរសនោះ ហើយពោលថា អ្នកនឹងធ្វើឲ្យកំពប់ប្រេង សូម្បីបន្តិចត្រង់ទីណា ក្បាលអ្នក នឹងធ្លាក់ចុះត្រង់ទីនោះឯង។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ដូចម្តេច បុរសនោះ មិនគួរយកចិត្តទុកដាក់ នឹងប្រេងឯណោះ ហើយនាំមក នូវសេចក្តីធ្វេសប្រហែស ខាងក្រៅដែរឬ។ ហេតុនោះ មិនគួរធ្វេសប្រហែសទេ ព្រះអង្គ។

[៨៨] ម្នាលភិក្ខុទាំងឡាយ សេចក្តីឧបមានេះឯង តថាគតធ្វើដើម្បីពន្យល់ សេចក្តីនេះឯងជាសេចក្តីក្នុងរឿងនុ៎ះ។ ម្នាលភិក្ខុទាំងឡាយ ឯពាក្យថា ភាជនៈប្រេង ដ៏ពេញស្មើនេះ ជាឈ្មោះនៃកាយគតាសតិ។

[៨៩] ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកទាំងឡាយ គប្បីសិក្សា យ៉ាងនេះថា កាយគតាសតិ យើងនឹងចំរើន នឹងធ្វើរឿយៗ ធ្វើឲ្យដូចជាយាន ធ្វើឲ្យជាទីនៅ ដំកល់ទុករឿយៗ សន្សំប្រារព្ធដោយល្អ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គប្បីសិក្សាយ៉ាងនេះចុះ។

ចប់ នាឡន្ទវគ្គ ទី ២។

ឧទ្ទាននៃនាឡន្ទវគ្គនោះគឺ

និយាយអំពីមហាបុរស ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់ក្នុងក្រុងនាឡន្ទា ១ អំពីចុន្ទសាមណេរ ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងនគរឧក្កចេលា ១ អំពីព្រះពាហិយៈ១ អំពីព្រះឧត្តិយៈ ១ អំពីសតិប្បដ្ឋាន ជារបស់ប្រសើរ១ អំពីសហម្បតិព្រហ្ម ១ អំពីរឿងដែលព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម មានពីរលើក។

 

លេខយោង

1)
ព្រះថេរៈទាំងពីរអង្គនេះ បរិនិព្វាន ក្នុងខែកត្តិកជាមួយគ្នា ផ្សេងគ្នាតែមុននិងក្រោយ គឺព្រះសារីបុត្តបរិនិព្វាន ក្នុងថ្ងៃ ១៥ កើត ខែកត្តិក ព្រះមហាមោគ្គលា្លន បរិនិព្វាន ក្នុងថ្ងៃ ១៥ រោច ខែកត្តិក (អដ្ឋកថា)។
2)
ភិក្ខុសង្ឃទុកដូចជាដើមព្រីងធំ កំពស់ ១០០ យោជន៍ ព្រះសារីបុត្ត និងព្រះមហាមោគ្គល្លាន ទុកដូចជាមែកធំទាំងគូ ដែលបែកចេញពីដើម ទៅទិសខាងត្បូង ៥០ យោជន៍ ខាងជើង ៥០ យោជន៍ (អដ្ឋកថា)។
3)
រ៉ាវក្នុងទីនេះ សំដៅយករ៉ាវ ដែលគេយកឫស្សី ១ ដើម មកដាំបញ្ឈរ ហើយឲ្យមនុស្ស ដែលប៉ិនប្រសប់ ឡើងទៅឈររាំលើឫស្សីនោះ មិនឲ្យធ្លាក់បាន រាំរួចហើយ ដល់វេលានឹងចុះមកវិញ ក៏ចុះយកក្បាលមកក្រោម ជើងឡើងលើ ដរាបដល់មកផែនដី មិនឲ្យមានថ្លស់ការបាន។ (ល្បែងនេះ ជាទំនៀមរបស់អ្នកស្រុក អ្នកនគរ)។
km/tipitaka/sut/sn/47/sut.sn.47.v02.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann