km:tipitaka:sut:sn:47:sut.sn.47.v03



សីលដ្ឋិតិវគ្គ ទី៣

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 47.v03 បាលី cs-km: sut.sn.47.v03 អដ្ឋកថា: sut.sn.47.v03_att PTS: ?

សីលដ្ឋិតិវគ្គ ទី៣

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. សីលដ្ឋិតិវគ្គោ)

(សីលសូត្រ ទី១)

(១. សីលសុត្តំ)

[៩០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យនេះ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យហើយ ក៏ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរ ហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩១] ម្នាលអានន្ទដ៏មានអាយុ សីល1) ជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ តើព្រះដ៏មានព្រះភាគ ទ្រង់ពោលដើម្បីអ្វី។ ព្រះអានន្ទតបថា ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំនង។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលដើម្បីអ្វី។ ករុណា អាវុសោ។

[៩២] ម្នាលភទ្ទៈដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលកំណត់ ដើម្បីចំរើន នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភទ្ទៈដ៏មានអាយុ សីលជាកុសលទាំងឡាយឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់ពោលហើយ សីលជាកុសលទាំងនេះ ព្រះដ៏មានព្រះភាគ ទ្រង់ពោលកំណត់ ដើម្បីចំរើននូវសតិប្បដ្ឋាន ទាំង ៤ នេះឯង។

(ចិរដ្ឋិតិសូត្រ ទី២)

(២. ចិរដ្ឋិតិសុត្តំ)

[៩៣] និទានដដែលនោះ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩៤] ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន។ ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំនង។ ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន។ ម្នាលអានន្ទដ៏មានអាយុ ហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្មស្ថិតនៅអស់កាលយូរបាន។ ករុណា អាវុសោ។

[៩៥] ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិពា្វនទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនចំរើន មិនធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ កិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈានិងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

(បរិហានសូត្រ ទី៣)

(៣. បរិហានសុត្តំ)

[៩៦] សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទដ៏មានអាយុ ដូច្នេះថា

[៩៧] ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ។ ម្នាលភទ្ទៈដ៏មានអាយុ ប្រពៃណាស់ហើយ ម្នាលភទ្ទៈដ៏មានអាយុ ការស្វែងរកប្រស្នា របស់អ្នកល្អណាស់ ប្រាជ្ញាក៏ល្អ ការសាកសួរ ក៏សមទំនង ម្នាលភទ្ទៈដ៏មានអាយុ ព្រោះអ្នកបានសាកសួរ យ៉ាងនេះថា ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ។ ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលនាំឲ្យព្រះសទ្ធម្ម មិនសាបសូន្យ។ ករុណា អាវុសោ។

[៩៨] ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យ ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅ នូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មសាបសូន្យទៅ ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ ការដែលនាំឲ្យព្រះសទ្ធម្មមិនសាបសូន្យ ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

(សុទ្ធសូត្រ ទី៤)

(៤. សុទ្ធសុត្តំ)

[៩៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤ យ៉ាង។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកំដៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ យ៉ាងនេះឯង។

(អញ្ញតរព្រាហ្មណសូត្រ ទី៥)

(៥. អញ្ញតរព្រាហ្មណសុត្តំ)

[១០០] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ គ្រានោះ មានព្រាហ្មណ៍ម្នាក់ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រាហ្មណ៍នោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[១០១] បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅយូរបាន។ បពិត្រព្រះគោតមដ៏ចំរើន ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែលព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន។

[១០២] ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគតបរិនិព្វានទៅហើយ ព្រះសទ្ធម្មមិនស្ថិតនៅ អស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលព្រាហ្មណ៍ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម មិនស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុមិនបានចំរើន មិនបានធ្វើឲ្យរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលព្រាហ្មណ៍ កាលបើព្រះតថាគត បរិនិព្វានទៅហើយ ព្រះសទ្ធម្ម ស្ថិតនៅអស់កាលយូរបាន ព្រោះភិក្ខុបានចំរើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះឯង។

[១០៣] កាលបើព្រះដ៏មានព្រះភាគ ទ្រង់ពោលយ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចំរើន ភ្លឺច្បាស់ណាស់។បេ។ សូមព្រះគោតមដ៏ចំរើន ចាំទុកនូវខ្ញុំព្រះអង្គ ថាជាឧបាសក អ្នកដល់នូវព្រះរតនត្រ័យ ជាទីពឹង ទីរឭក ស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ។

(បទេសសូត្រ ទី៦)

(៦. បទេសសុត្តំ)

[១០៤] សម័យមួយ ព្រះសារីបុត្តដ៏មានអាយុ ព្រះមហាមោគ្គល្លានដ៏មានអាយុ និងព្រះអនុរុទ្ធដ៏មានអាយុ គង់នៅក្នុងវត្តកណ្តកីវន ជិតក្រុងសាកេត។ គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ និងព្រះមហាមោគ្គល្លានដ៏មានអាយុ ចេញចាកទីស្ងាត់ ក្នុងវេលាសាយណ្ហសម័យ ចូលទៅរកព្រះអនុរុទ្ធដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយ ជាមួយនឹងព្រះអនុរុទ្ធដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៥] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា សេក្ខៈ សេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះសេក្ខៈ តើដូចម្តេច។ ព្រះអនុរុទ្ធឆ្លើយថា ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក2) នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា សេក្ខៈ ព្រោះបានចំរើននូវចំណែក នៃសតិប្បដ្ឋាន ៤ នេះឯង។

(សមត្តសូត្រ ទី៧)

(៧. សមត្តសុត្តំ)

[១០៦] និទានដដែលនោះឯង។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៧] ម្នាលអាវុសោអនុរុទ្ធ គេតែងពោលថា អសេក្ខៈ អសេក្ខៈ ដូច្នេះ ម្នាលអាវុសោ ចុះអសេក្ខៈ តើដូចម្តេច។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបានចំរើននូវសេចក្តីសម្រេច3) នៃសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ បុគ្គលដែលឈ្មោះថា អសេក្ខៈ ព្រោះបានចំរើន នូវសេចក្តីសម្រេច នៃសតិប្បដ្ឋាន ៤ នេះឯង។

(លោកសូត្រ ទី៨)

(៨. លោកសុត្តំ)

[១០៨] និទានដដែលនោះទៀត។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុ ដូច្នេះថា

[១០៩] ចុះអនុរុទ្ធដ៏មានអាយុ បានដល់នូវភាវៈ នៃខ្លួនជាអ្នកមានអភិញ្ញាដ៏ធំ តើព្រោះបានចំរើន បានធ្វើរឿយៗ នូវធម៌ដូចម្តេច។ ម្នាលអាវុសោ ខ្ញុំបានដល់នូវភាវៈ នៃខ្លួនជាអ្នកមានអភិញ្ញាដ៏ធំ ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលអាវុសោ ក្នុងសាសនានេះ ខ្ញុំបានពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ខ្ញុំបានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលអាវុសោ ខ្ញុំបានដល់នូវភាវៈ នៃខ្លួនជាបុគ្គលមានអភិញ្ញាដ៏ធំ ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះឯង។ ម្នាលអាវុសោ មួយទៀត ខ្ញុំបានដឹងច្បាស់ នូវលោកដ៏ច្រើន ព្រោះបានចំរើន បានធ្វើរឿយ ៗ នូវសតិប្បដ្ឋាន ៤ នេះដែរ។

(សិរិវឌ្ឍសូត្រ ទី៩)

(៩. សិរិវឌ្ឍសុត្តំ)

[១១០] សម័យមួយ ព្រះអានន្ទដ៏មានអាយុ គង់នៅក្នុងវត្តវេឡុវន ជាកលទ្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ។ សម័យនោះឯង សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ គ្រានោះ សិរីវឌ្ឍគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន ចូរអ្នកចូលទៅរក ព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ អ្នកចូរក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា តាមពាក្យរបស់យើងថា បពិត្រលោកម្ចាស់ដ៏ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា រួចហើយអ្នកចូរពោល យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី។ បុរសនោះ ទទួលស្តាប់ពាក្យសិរីវឌ្ឍគហបតីថា បាទលោក ហើយក៏ចូល ទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីសមគួរ លុះបុរសនោះ អង្គុយក្នុងទីសមគួរហើយ ទើបទូលព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សិរីវឌ្ឍគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់ គាត់សូមក្រាបថ្វាយបង្គំព្រះបាទា នៃព្រះអានន្ទដ៏មានអាយុ ដោយសិរសា ហើយនិយាយ យ៉ាងនេះថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមមេត្តាប្រោស សូមព្រះអានន្ទដ៏មានអាយុ អាស្រ័យនូវសេចក្តីអនុគ្រោះ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី។ ព្រះអានន្ទដ៏មានអាយុ ក៏ទទួលនិមន្តដោយតុណ្ហីភាព។

[១១១] គ្រានោះ ព្រះអានន្ទដ៏មានអាយុ ស្លៀកស្បង់ ប្រដាប់បាត្រ និងចីវរ ក្នុងវេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅ នៃសិរីវឌ្ឍគហបតី លុះចូលទៅដល់ហើយ ក៏អង្គុយលើអាសនៈ ដែលគេក្រាលទុក។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយហើយ ក៏ពោលទៅ នឹងសិរីវឌ្ឍគហបតី ដូច្នេះថា

[១១២] ម្នាលគហបតី អ្នកល្មមអត់ទ្រាំបានដែរឬ អ្នកល្មមប្រព្រឹត្តទៅ បានស្រួលដែរឬ ទុក្ខវេទនា រមែងធូរថយទៅ មិនចំរើនឡើង ការថយទៅ (នៃទុក្ខវេទនា) រមែងប្រាកដ ការចំរើនឡើង មិនប្រាកដទេឬ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មមប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ខ្លាំងពេកណាស់ រមែងចំរើនឡើង មិនបានធូរថយទេ ការចំរើនឡើង រមែងប្រាកដ ឯការធូរថយទៅ មិនប្រាកដទេ។

[១១៣] ម្នាលគហបតី ព្រោះហេតុនោះ ក្នុងសាសនានេះ អ្នកគប្បីសិក្សា យ៉ាងនេះថា អាត្មាអញ នឹងពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ អាត្មាអញ នឹងពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលគហបតី អ្នកគប្បីសិក្សា យ៉ាងនេះចុះ។

[១១៤] បពិត្រលោកម្ចាស់ដ៏ចំរើន សតិប្បដ្ឋាន ៤ ឯណា ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ ធម៌ទាំងនោះ មានព្រមក្នុងសន្តានខ្ញុំករុណា ៗ និងប្រាកដក្នុងធម៌ ទាំងនោះឯង។ បពិត្រលោកម្ចាស់ដ៏ចំរើន ព្រោះខ្ញុំករុណា ពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[១១៥] បពិត្រលោកម្ចាស់ដ៏ចំរើន ពួកសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនឃើញច្បាស់ នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំករុណាមិនទាន់លះបង់ ក្នុងខ្លួនសោះឡើយ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្ស អ្នកបានល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ។

(មានទិន្នសូត្រ ទី១០)

(១០. មានទិន្នសុត្តំ)

[១១៦] និទានដដែលនោះទៀត។ សម័យនោះឯង មានទិន្នគហបតី មានអាពាធ ដល់នូវសេចក្តីទុក្ខ ឈឺធ្ងន់។ គ្រានោះ មានទិន្នគហបតី ហៅបុរសម្នាក់មកថា នែបុរសដ៏ចំរើន អ្នកចូរមកនេះ។បេ។ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនល្មមអត់ទ្រាំបានទេ មិនល្មម ប្រព្រឹត្តទៅបានស្រួលទេ ទុក្ខវេទនា របស់ខ្ញុំករុណា ធ្ងន់ពេកណាស់ រមែងចំរើនឡើង មិនធូរថយទៅទេ ការចំរើនឡើង រមែងប្រាកដ ឯការធូរថយទៅ មិនប្រាកដទេ។

[១១៧] បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណាត្រូវទុក្ខវេទនា មានសភាពដូច្នេះ ប៉ះពាល់ហើយ ក៏ពិចារណា នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណា នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។

[១១៨] បពិត្រលោកម្ចាស់ដ៏ចំរើន ពួកសញ្ញោជនៈ ៥ ជាចំណែកខាងក្រោម ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងហើយ បពិត្រលោកម្ចាស់ដ៏ចំរើន ខ្ញុំករុណា មិនឃើញច្បាស់ នូវសញ្ញោជនៈឯណានីមួយ ដែលខ្ញុំករុណា មិនទាន់លះបង់ ក្នុងខ្លួនសោះឡើយ។ ម្នាលគហបតី ជាលាភរបស់អ្នកហើយ ម្នាលគហបតី ភាពជាមនុស្ស អ្នកបានល្អហើយ ម្នាលគហបតី អ្នកបានព្យាករ នូវអនាគាមិផលហើយ។

ចប់ សីលដ្ឋិតិវគ្គ ទី ៣។

ឧទ្ទាននៃសីលដ្ឋិតិវគ្គនោះគឺ

និយាយអំពីសីល ១ អំពីការស្ថិតនៅនៃព្រះសទ្ធម្ម ១ អំពីសេចក្តីសាបសូន្យនៃព្រះសទ្ធម្ម ១ អំពីសតិប្បដ្ឋានសុទ្ធ ១ អំពីព្រាហ្មណ៍ម្នាក់ ចូលទៅទូលសួរព្រះដ៏មានព្រះភាគ ១ អំពីបទេសភាវនា ១ អំពីសមត្តាភាវនា ១ អំពីព្រះអនុរុទ្ធដឹងច្បាស់នូវលោក ១ អំពីសិរីវឌ្ឍគហបតី ១ អំពីមានទិន្នគហបតី ១ រួមជា ១០។

 

លេខយោង

1)
អដ្ឋកថា សំដៅយកចតុបារិសុទ្ធិសីល។
2)
សតិប្បដ្ឋាន ដែលភិក្ខុចំរើនបាន សម្រេចត្រឹមមគ្គ ៤ ផល ៣ ហៅថា ចំណែក (បទេសភាវនា) អដ្ឋកថា។
3)
សតិប្បដ្ឋាន ដែលភិក្ខុចំរើនបានសម្រេច ដល់អរហត្តផល ហៅថា ចំរើននូវសេចក្តីសម្រេច។ (សមត្តាភាវនា) អដ្ឋកថា។
km/tipitaka/sut/sn/47/sut.sn.47.v03.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann