km:tipitaka:sut:sn:47:sut.sn.47.v04



អននុស្សុតវគ្គ ទី៤

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 47.v04 បាលី cs-km: sut.sn.47.v04 អដ្ឋកថា: sut.sn.47.v04_att PTS: ?

អននុស្សុតវគ្គ ទី៤

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៤. អននុស្សុតវគ្គោ)

(អននុស្សុតសូត្រ ទី១)

(១. អននុស្សុតសុត្តំ)

[១១៩] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវកាយក្នុងកាយ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវកាយក្នុងកាយ នោះឯងជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ ស្តាប់ហើយ ក្នុងកាលមុនថា (ការពិចារណាឃើញ នូវកាយក្នុងកាយ) តថាគត បានចំរើន ហើយ។

[១២០] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវវេទនាក្នុងវេទនា។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នោះឯង ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ តថាគត បានចំរើនហើយ។

[១២១] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវចិត្តក្នុងចិត្ត។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវចិត្តក្នុងចិត្ត នោះឯង ជាធម៌ ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាល មុនថា ការពិចារណាឃើញ នូវចិត្តក្នុងចិត្ត តថាគតបានចំរើនហើយ។

[១២២] ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ (ចក្ខុជាដើម ក៏កើតឡើង) ដល់តថាគតថា ការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ នោះឯង ជាធម៌ដែលត្រូវចំរើន។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើង ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគត មិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ តថាគត បានចំរើនហើយ។

(វិរាគសូត្រ ទី២)

(២. វិរាគសុត្តំ)

[១២៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែម្យ៉ាង។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅ ដើម្បីនឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់ ដើម្បីដឹងច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែម្យ៉ាង។

(វិរទ្ធសូត្រ ទី៣)

(៣. វិរទ្ធសុត្តំ)

[១២៤] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯណានីមួយ ប្រារព្វហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានប្រារព្ធហើយដែរ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលឯណានីមួយ ខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានខ្វល់ខ្វាយហើយដែរ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលឯណានីមួយ ប្រារព្ធហើយ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះនិព្វាន ជាគ្រឿងអស់ទៅ នៃទុក្ខដោយប្រពៃ ក៏ឈ្មោះថា បុគ្គលទាំងនោះ បានប្រារព្ធហើយដែរ។

(ភាវិតសូត្រ ទី៤)

(៤. ភាវិតសុត្តំ)

[១២៥] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្លងចាកវដ្តៈ ដែលមិនមែនជាត្រើយ ហើយដល់នូវព្រះនិព្វាន ដែលជាត្រើយ។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រម ដើម្បីឆ្លងចាកវដ្តៈ ដែលមិនមែនជាត្រើយ ហើយដល់នូវព្រះនិព្វាន ដែលជាត្រើយ។

(សតិសូត្រ ទី៥)

(៥. សតិសុត្តំ)

[១២៦] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានស្មារតី យ៉ាងនេះឯង។

[១២៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីដឹងខ្លួន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់ថា វេទនាកើតឡើង ដឹងច្បាស់ថា វេទនាតាំងនៅ ដឹងច្បាស់ថា វេទនាដល់នូវសេចក្តីវិនាសទៅ។ ដឹងច្បាស់ថា វិតក្កៈ កើតឡើង ដឹងច្បាស់ថា វិតក្កៈតាំងនៅ ដឹងច្បាស់ថា វិតក្កៈដល់នូវសេចក្តីវិនាសទៅ។ ដឹងច្បាស់ថា បញ្ញាកើតឡើង ដឹងច្បាស់ថា បញ្ញាតាំងនៅ ដឹងច្បាស់ថា បញ្ញាដល់នូវសេចក្តីវិនាសទៅ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុមានសេចក្តីដឹងខ្លួន យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុត្រូវមានស្មារតី មានសេចក្តីដឹងខ្លួន នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ដល់អ្នកទាំងឡាយ។

(អញ្ញាសូត្រ ទី៦)

(៦. អញ្ញាសុត្តំ)

[១២៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន មាន ៤ នេះឯង។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចំរើន បានធ្វើរឿយ ៗ ហើយ បណ្តាផលទាំង ២ ផលណាមួយ នឹងបានជាប្រាកដ គឺនឹងបានសម្រេច នូវភាពជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ឬបើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេច នូវភាពជាព្រះអនាគាមីបុគ្គល ពុំខានឡើយ។

(ឆន្ទសូត្រ ទី៧)

(៧. ឆន្ទសុត្តំ)

[១២៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋាន ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ ឆន្ទៈឯណា មានក្នុងកាយ ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣០] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ ឆន្ទៈឯណា មានក្នុងវេទនា ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣១] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ឆន្ទៈឯណាមានក្នុងចិត្ត ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

[១៣២] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ឆន្ទៈឯណា មានក្នុងធម៌ ភិក្ខុក៏បានលះបង់ឆន្ទៈនោះចេញ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះលះបង់នូវឆន្ទៈ។

(បរិញ្ញាតសូត្រ ទី៨)

(៨. បរិញ្ញាតសុត្តំ)

[១៣៣] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាននេះ មាន ៤។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ កាលបើភិក្ខុនោះ ពិចារណាឃើញ នូវកាយក្នុងកាយ កាយឈ្មោះថា ភិក្ខុនោះបានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវកាយ។

[១៣៤] ភិក្ខុពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ វេទនា ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះកំណត់ដឹងនូវវេទនា។

[១៣៥] ភិក្ខុពិចារណាឃើញនូវចិត្តក្នុងចិត្ត មានព្យាយាមជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវចិត្តក្នុងចិត្ត ចិត្ត ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវចិត្ត។

[១៣៦] ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ កាលបើភិក្ខុនោះ បានពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ធម៌ ឈ្មោះថា ភិក្ខុនោះ បានកំណត់ដឹងហើយ អមតនិព្វាន ក៏ឈ្មោះថា ភិក្ខុនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រោះបានកំណត់ដឹងនូវធម៌។

(ភាវនាសូត្រ ទី៩)

(៩. ភាវនាសុត្តំ)

[១៣៧] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានភាវនា ទាំង៤ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា ៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា ៤។

(វិភង្គសូត្រ ទី១០)

(១០. វិភង្គសុត្តំ)

[១៣៨] ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសតិប្បដ្ឋានផង នូវសតិប្បដ្ឋានភាវនាផង នូវបដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនាផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋាន។

[១៣៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានភាវនា តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើងឡើងក្នុងកាយ ពិចារណាឃើញ នូវសភាពជាទីវិនាសទៅក្នុងកាយ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើតឡើង និងសភាពជាទីវិនាសទៅក្នុងកាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ពិចារណាឃើញ នូវសភាព ជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ ពិចារណាឃើញ នូវសភាពជាទីវិនាសទៅក្នុងវេទនាទាំងឡាយ ពិចារណាឃើញ នូវសភាពជាទីប្រជុំកើងឡើង និងសភាព ជាទីវិនាសទៅ ក្នុងវេទនាទាំងឡាយ។ ក្នុងចិត្តក៏ដូចគ្នា។ ក្នុងធម៌ទាំងឡាយ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្សក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិប្បដ្ឋានភាវនា។

[១៤០] ម្នាលភិក្ខុទាំងឡាយ បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា តើដូចម្តេច។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ ហ្នឹងឯង។ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ តើដូចម្តេច។ គឺសេចក្តីឃើញត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ ការនិយាយត្រូវ ១ ការងារត្រូវ ១ ការចិញ្ចឹមជីវិតត្រូវ ១ ការព្យាយាមត្រូវ ១ ការរឭកត្រូវ ១ ការដំកល់ចិត្តមាំត្រូវ ១។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បដិបទា ជាដំណើរទៅកាន់សតិប្បដ្ឋានភាវនា។

ចប់ អននុស្សុតវគ្គ ទី ៤។

ឧទាននៃអននុស្សុតវគ្គនោះគឺ

និយាយអំពីធម៌ដែលមិនធ្លាប់បានស្តាប់ ១ អំពីការប្រាសចាកតម្រេក ១ អំពីសេចក្តីខ្វល់ខ្វាយ ១ អំពីសតិប្បដ្ឋាន ដែលបុគ្គលចំរើនហើយ ១ អំពីភិក្ខុត្រូវមានស្មារតី ១ អំពីអរហត្តផល ១ អំពីការលះបង់ឆន្ទៈ ១ អំពីការកំណត់ដឹងនូវកាយ ១ អំពីសតិប្បដ្ឋានភាវនា ១ អំពីការចែក នៃសតិប្បដ្ឋាន ១ នោះត្រូវជា ១០។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.v04.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann