km:tipitaka:sut:sn:47:sut.sn.47.v05



អមតវគ្គ ទី៥

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 47.v05 បាលី cs-km: sut.sn.47.v05 អដ្ឋកថា: sut.sn.47.v05_att PTS: ?

អមតវគ្គ ទី៥

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៥. អមតវគ្គោ)

(អមតសូត្រ ទី១)

(១. អមតសុត្តំ)

[១៤១] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វានមិនទាន់មានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរមានចិត្តតាំងស៊ប់ ក្នុងសតិប្បដ្ឋាន ៤ ចុះ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញកាយ ក្នុងកាយជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វាន មិនទាន់មានដល់អ្នកទាំងឡាយ អ្នកទាំងឡាយ ចូរមានចិត្តតាំងស៊ប់ ក្នុងសតិប្បដ្ឋាន ៤ នេះចុះ។

(សមុទយសូត្រ ទី២)

(២. សមុទយសុត្តំ)

[១៤២] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសំដែងនូវសេចក្តីកើតឡើង នឹងសូន្យទៅ នៃសតិប្បដ្ឋាន ៤ អ្នកទាំងឡាយ ចូរស្តាប់នូវធម៌នោះចុះ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីកើតឡើង នៃកាយដូចម្តេច។ សេចក្តីកើតឡើងនៃកាយ ព្រោះកើតឡើងនៃអាហារ សេចក្តីរលត់នៃកាយ ព្រោះរលត់នៃអាហារ សេចក្តីកើតឡើង នៃវេទនាទាំងឡាយ ព្រោះកើតឡើងនៃផស្សៈ សេចក្តីរលត់ នៃវេទនាទាំងឡាយ ព្រោះរលត់នៃផស្សៈ សេចក្តីកើតឡើងនៃចិត្ត ព្រោះកើតឡើង នៃនាមរូប សេចក្តីរលត់នៃចិត្ត ព្រោះរលត់នៃនាមរូប សេចក្តីកើតឡើង នៃធម៌ទាំងឡាយ ព្រោះកើតឡើង នៃមនសិការៈ សេចក្តីរលត់ នៃធម៌ទាំងឡាយ ព្រោះរលត់នៃមនសិការៈ។

(មគ្គសូត្រ ទី៣)

(៣. មគ្គសុត្តំ)

[១៤៣] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតបានត្រាស់ដឹងជាដម្បូង នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលាប្រទេស។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ នៅក្នុងទីដ៏ស្ងាត់ សម្ងំនៅ មានបរិវិតក្កៈក្នុងចិត្ត កើតឡើងយ៉ាងនេះថា

[១៤៤] ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសោក និងខ្សឹកខ្សួល ដើម្បីរលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតីក្តី។ ភិក្ខុពិចារណាឃើញចិត្តក្នុងចិត្ត ជាប្រក្រតីក្តី។ ភិក្ខុ

ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបានក្តី។ ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាននូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[១៤៥] ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម ដឹងនូវបរិវិតក្កៈក្នុងចិត្តតថាគត ដោយចិត្តខ្លួនហើយ ក៏បាត់អំពីព្រហ្មលោក មកប្រាកដចំពោះមុខតថាគត ដូចជាបុរសមានកម្លាំង លាដៃដែលខ្លួនបត់ចូល ឬបត់ចូលនូវដៃ ដែលខ្លួនលាចេញ ដូច្នោះឯង។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង សហម្បតិព្រហ្ម បង់កសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ចំពោះតថាគត បានពោលនឹងតថាគតដូច្នេះថា

[១៤៦] បពិត្រព្រះដ៏មានព្រះភាគ ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះហើយ បពិត្រព្រះសុគត ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះហើយ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់ នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គ ប្រកបដោយអង្គ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។ សតិប្បដ្ឋាន ៤ តើដូចម្តេចខ្លះ។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញកាយក្នុងកាយ ជាប្រក្រតីក្តី។ ក្នុងវេទនាទាំងឡាយក្តី។ ក្នុងចិត្តក្តី។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបានក្តី។ បពិត្រព្រះអង្គដ៏ចំរើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ (ប្រព្រឹត្តទៅ) ដើម្បីសេចក្តីបរិសុទ្ធ នៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងខ្សឹកខ្សួល ដើម្បីរំលត់បង់ នូវទុក្ខនិងទោមនស្ស ដើម្បីបាន នូវមគ្គប្រកប ដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវព្រះនិព្វាន។

[១៤៧] ម្នាលភិក្ខុទាំងឡាយ សហម្បតិព្រហ្ម បានពោលពាក្យនេះ លុះពោលពាក្យនេះហើយ លំដាប់នោះ បានពោលពាក្យនេះ តទៅទៀតថា

បុគ្គលឃើញនូវទីបំផុត នៃការអស់ទៅនៃជាតិ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ រមែងដឹងច្បាស់ នូវផ្លូវមូលតែមួយ ជនទាំងឡាយ បានឆ្លងហើយ ក្នុងកាលមុនក្តី នឹងឆ្លង (ក្នុងអនាគត) ក្តី កំពុងឆ្លងក្នុងកាលឥឡូវនេះក្តី នូវឱឃៈបាន ដោយផ្លូវនុ៎ះឯង។

(សតិសូត្រ ទី៤)

(៤. សតិសុត្តំ)

[១៤៨] សាវត្ថីនិទាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានស្មារតីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទានទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅ របស់តថាគត ចំពោះអ្នកទាំងឡាយ។

(កុសលរាសិ)សូត្រ ទី៥

(៥. កុសលរាសិសុត្តំ)

[១៤៩] ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោលឲ្យត្រូវ គប្បីពោលចំពោះសតិប្បដ្ឋាន ៤។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថាកុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោលឲ្យត្រូវ គប្បីពោល ចំពោះសតិប្បដ្ឋាន ៤ នេះ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថា កុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង។

(បាតិមោក្ខសំវរសូត្រ ទី៦)

(៦. បាតិមោក្ខសំវរសុត្តំ)

[១៥០] គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ អង្គុយក្នុងទីដ៏សមគួរ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ បានស្តាប់ធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ សំដែងធម៌នោះ ឲ្យទាន ដល់ខ្ញុំព្រះអង្គដោយសង្ខេប។

[១៥១] ម្នាលភិក្ខុ បើដូច្នោះ អ្នកចូរជម្រះនូវហេតុជាខាងដើម ក្នុងកុសលធម៌ទាំង ឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរសង្រួម ក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ជាអ្នកឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ។

[១៥២] ម្នាលភិក្ខុ កាលណាអ្នកសង្រួមក្នុងបាតិមោក្ខសំវរៈ ប្រកបព្រមដោយអាចារៈ និងគោចរៈ ឃើញភ័យ ក្នុងទោសទាំងឡាយ សូម្បីតែបន្តិចបន្ទួច សមាទានសិក្សា ក្នុងសិក្ខាបទទាំងឡាយ ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ទាំង ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យនូវសីល និងស្ថិតនៅក្នុងសីល និងចំរើននូវសតិប្បដ្ឋាន ៤ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តីចំរើន ក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ មិនមានឡើយ។

[១៥៣] គ្រានោះឯង ភិក្ខុនោះ ត្រេកអរ អនុមោទនាភាសិត របស់ព្រះដ៏មានព្រះភាគ ហើយក្រោកចាកអាសនៈថ្វាយបង្គំព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយចៀសចេញទៅ។ លំដាប់នោះឯង ភិក្ខុនោះ តែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន ពួកកុលបុត្រចេញចាកផ្ទះ ចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវអនុត្តរធម៌នោះ មានព្រហ្មចរិយៈ ជាទីបំផុត ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច បានធ្វើស្រេចហើយ កិច្ចដទៃ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ ក៏បានជាព្រះអរហន្តមួយអង្គដែរ។

(ទុច្ចរិតសូត្រ ទី៧)

(៧. ទុច្ចរិតសុត្តំ)

[១៥៤] គ្រានោះឯង មានភិក្ខុមួយរូបទៀត ចូលទៅគាល់ព្រះដ៏មានព្រះភាគ។បេ។ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ មេត្តាសំដែងធម៌ដោយសង្ខេប ដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គ បានស្តាប់ធម៌ របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។

[១៥៥] ម្នាលភិក្ខុ ហេតុដូច្នោះ អ្នកចូរជម្រះហេតុ ជាខាងដើម ក្នុងកុសលធម៌ទាំងឡាយចុះ។ ចុះអ្វី ជាខាងដើម នៃកុសលធម៌ទាំងឡាយ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកនឹងលះបង់កាយទុច្ចរិតចេញ ចំរើនកាយសុចរិត នឹងលះបង់វចីទុច្ចរិតចេញ ចំរើនវចីសុចរិត នឹងលះបង់មនោទុច្ចរិតចេញ ចំរើនមនោសុចរិត។

[១៥៦] ម្នាលភិក្ខុ កាលណាអ្នកនឹងលះបង់កាយទុច្ចរិតចេញ ចំរើនកាយសុចរិត នឹងលះបង់វចីទុច្ចរិត ចំរើនវចីសុចរិត នឹងលះបង់មនោទុច្ចរិត ចំរើនមនោសុចរិត ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចំរើនសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុ ក្នុងសាសនានេះ អ្នកចូរពិចារណា ឲ្យឃើញនូវកាយក្នុងកាយ ជាប្រក្រតី ចុះ។ ចូរពិចារណាឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យ នូវសីល ស្ថិតនៅក្នុងសីល ចំរើននូវសតិប្បដ្ឋាន ៤ នេះ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តីចំរើនក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យ ឥតមានឡើយ។បេ។ បណ្តាព្រះអរហន្តទាំងឡាយ ភិក្ខុនោះ បានជាព្រះអរហន្តមួយអង្គដែរ។

(មិត្តសូត្រ ទី៨)

(៨. មិត្តសុត្តំ)

[១៥៧] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវ អភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរអនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណា ដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសំគាល់នូវពាក្យ ដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញុំាងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅ ក្នុងការចំរើនសតិប្បដ្ឋាន ៤ នេះ។

(វេទនាសូត្រ ទី៩)

(៩. វេទនាសុត្តំ)

[១៥៨] ម្នាលភិក្ខុទាំងឡាយ វេទនានេះ មាន ៣ ប្រការ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១។ ម្នាលភិក្ខុទាំងឡាយ វេទនា ៣ មានប្រការដូច្នេះឯង។

[១៥៩] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីកំណត់ដឹង នូវវេទនាទាំង ៣ នេះឯង។

(អាសវសូត្រ ទី១០)

(១០. អាសវសុត្តំ)

[១៦០] ម្នាលភិក្ខុទាំងឡាយ អាសវៈនេះ មាន ៣ ប្រការ។ អាសវៈ ៣ ប្រការ ដូចម្តេចខ្លះ។ គឺកាមាសវៈ ១ ភវាសវៈ ១ អវិជ្ជាសវៈ ១។ ម្នាលភិក្ខុទាំងឡាយ អាសវៈ ៣ មានប្រការដូច្នេះឯង។

[១៦១] ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចំរើន ដើម្បីលះបង់អាសវៈទាំង ៣ នេះឯង។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវកាយក្នុងកាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក ចេញបាន។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចំរើន ដើម្បីលះបង់នូវអាសវៈ ទាំង ៣ នេះឯង។

ចប់ អមតវគ្គទី ៥។

ឧទ្ទានក្នុងអមតវគ្គនោះគឺ

ពោលអំពីអមតនិព្វាន ១ អំពីសេចក្តីកើតឡើង នៃសតិប្បដ្ឋាន ១ អំពីផ្លូវ ប្រព្រឹត្តទៅ ដើម្បីបរិសុទ្ធ ១ អំពីភិក្ខុមានស្មារតី ១ អំពីកុសលរាសី ១ អំពីការសង្រួម ក្នុងបដិមោក្ខសំវរៈ ១ អំពីការលះបង់ទុច្ចរិត ១ អំពីពួកជន មានមិត្តអមាត្យ ជាដើម ១ អំពីវេទនា ៣ ប្រការ ១ អំពីអាសវៈ ៣ ប្រការ ១។

 

លេខយោង

km/tipitaka/sut/sn/47/sut.sn.47.v05.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann