km:tipitaka:sut:sn:48:sut.sn.48.011



(បដិលាភសូត្រ ទី១)

សង្ខេប

ឥន្ទ្រិយ ៥ ប្រការ ដូច​ម្តេច​ខ្លះ។ ព្រះពុទ្ធ​ពន្យល់​ឥន្ទ្រិយ ៥ យ៉ាង​លំអិត។

sn 48.011 បាលី cs-km: sut.sn.48.011 អដ្ឋកថា: sut.sn.48.011_att PTS: ?

(បដិលាភសូត្រ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសិកា វិឡា

(១. បដិលាភសុត្តំ)

[១៩៣] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ។ គឺសទ្ធិន្ទ្រិយ ១។បេ។ បញ្ញិន្ទ្រិយ ១។

[១៩៤] ម្នាលភិក្ខុទាំងឡាយ ចុះសទ្ធិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានសទ្ធា ជឿសេចក្តីត្រាស់ដឹង របស់ព្រះតថាគតថា ព្រះដ៏មានព្រះភាគ អង្គនោះ ជាអរហន្តសម្មាសម្ពុទ្ធ បរិបូណ៌ដោយវិជ្ជា និងចរណៈ មានដំណើរល្អ ជ្រាបច្បាស់នូវ ត្រៃលោក ប្រសើរដោយសីលាទិគុណ ឥតមានបុគ្គលណាសើ្ម ទូន្មាននូវបុរស ដែលគួរទូន្មានបាន ជាគ្រូនៃទេវតា និងមនុស្សទាំងឡាយ ត្រាស់ដឹងនូវអរិយសច្ចធម៌ លែងវិលមកកាន់ភពថ្មីទៀត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សទ្ធិន្ទ្រិយ។

[១៩៥] ម្នាលភិក្ខុទាំងឡាយ ចុះវិរិយិន្ទ្រិយ ដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធ នូវសម្មប្បធាន ៤ រមែងបាននូវសេចក្តីព្យាយាមឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា វិរិយិន្ទ្រិយ។

[១៩៦] ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រារព្ធ នូវសតិប្បដ្ឋាន ៤ រមែងបាននូវសតិឯណា។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សតិន្ទ្រិយ។

[១៩៧] ម្នាលភិក្ខុទាំងឡាយ ចុះសមាធិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ធ្វើនូវព្រះនិព្វានជាអារម្មណ៍ រមែងបាននូវសមាធិ បានឯកគ្គតាចិត្ត។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សមាធិន្ទ្រិយ។

[១៩៨] ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញិន្ទ្រិយដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ មានប្រាជ្ញា ប្រកបដោយប្រាជ្ញាដ៏ប្រសើរ ជាគ្រឿងកំណត់ នូវសេចក្តីកើត និងរលត់ ប្រព្រឹត្តទៅ ដើម្បីទំលុះទំលាយ ជាហេតុឲ្យដល់នូវសេចក្តីអស់ទៅ នៃទុក្ខដោយប្រពៃ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បញ្ញិន្ទ្រិយ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការ ដូច្នេះឯង។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.011.txt · ពេលកែចុងក្រោយ: 2024/07/21 01:32 និពន្ឋដោយ Johann