km:tipitaka:sut:sn:48:sut.sn.48.040



(ឧប្បដិបាដិកសូត្រ ទី១០)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 48.040 បាលី cs-km: sut.sn.48.040 អដ្ឋកថា: sut.sn.48.040_att PTS: ?

(ឧប្បដិបាដិកសូត្រ ទី១០)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(១០. ឧប្បដិបាដិកសុត្តំ)

[២៧៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះ មាន ៥ យ៉ាង។ ៥ យ៉ាង គឺដូចម្តេច។ គឺទុក្ខិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ១ សុខិន្ទ្រិយ ១ សោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១។

[២៨០] ម្នាលភិក្ខុទាំងឡាយ ទុក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ជាគ្រឿងដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទុក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទុក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទុក្ខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ ដឹងច្បាស់ នូវទុក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើង នៃទុក្ខិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយផង ទុក្ខិន្ទ្រិយ កើតឡើងហើយ ក្នុងទីឯណា ក៏រលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះទុក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ រមែងចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខ ដែលកើតអំពីវិវេក។ ទុក្ខិន្ទ្រិយ កើតឡើងក្នុងបឋមជ្ឈាននេះ តែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃទុក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨១] ម្នាលភិក្ខុទាំងឡាយ ទោមនស្សិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ទោមនស្សិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ទោមនស្សិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯទោមនស្សិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានទេ។ ភិក្ខុនោះ រមែងដឹងច្បាស់ នូវទោមនស្សិន្ត្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃទោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយផង មួយវិញទៀត ទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះទោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះស្ងប់ស្ងាត់ នៃវិតក្កៈ និងវិចារៈ រមែងចូលកាន់ទុតិយជ្ឈាន មានសេចក្តីជ្រះថ្លាខ្លាំង ក្នុងសន្តាន មានភាពនៃចិត្ត ដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន។ ទោមនស្សិន្ទ្រិយ កើតឡើង ក្នុងទុតិយជ្ឈាននេះ តែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃទោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨២] ម្នាលភិក្ខុទាំងឡាយ ចំណែកសុខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា សុខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ សុខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯសុខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ក៏ដឹងច្បាស់ នូវសុខិន្ទ្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃសុខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅ នៃសុខិន្ទ្រិយផង មួយវិញទៀត សុខិន្ទ្រិយកើតឡើង ក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះសុខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះនឿយណាយ ចាកបីតិផង ជាអ្នកប្រកបដោយឧបេក្ខាផង មានសតិ និងសម្បជញ្ញៈផង ទទួលនូវសុខ ដោយនាមកាយផង ព្រះអរិយទាំងឡាយ តែងសរសើរ នូវបុគ្គល ដែលបានតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ ជាគ្រឿងនៅជាសុខដូច្នេះ ព្រោះតតិយជ្ឈានឯណា ក៏ចូលកាន់តតិយជ្ឈាននោះ ហើយសម្រេចសម្រាន្តនៅ។ សុខិន្ទ្រិយ កើតឡើង ក្នុងតតិយជ្ឈាននុ៎ះ រមែងរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់នូវការរលត់ នៃសុខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨៣] ម្នាលភិក្ខុទាំងឡាយ សោមនស្សិន្ទ្រិយ តែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ រមែងដឹងច្បាស់ យ៉ាងនេះថា សោមនស្សិន្ទ្រិយ កើតឡើងហើយ ដល់អាត្មាអញ សោមនស្សិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯសោមនស្សិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ដឹងច្បាស់ នូវសោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវហេតុកើតឡើង នៃសោមនស្សិន្ទ្រិយផង ដឹងច្បាស់ នូវការរលត់ទៅ នៃសោមនស្សិន្ទ្រិយផង មួយវិញទៀត សោមនស្សិន្ទ្រិយ កើតឡើង ក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះសោមនស្សិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥត មានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់ នូវសុខផង លះបង់នូវទុក្ខផង ព្រោះអស់ទៅ នៃសោមនស្ស និងទោមនស្ស ក្នុងកាលមុនផង ចូល កាន់ចតុត្ថជ្ឈាន ជាធម្មជាតមានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិ ដ៏បរិសុទ្ធ ដោយឧបេក្ខា ហើយសម្រេចសម្រាន្តនៅ។ សោមនស្សិន្ទ្រិយ កើតឡើងហើយ ក្នុងចតុត្ថជ្ឈាននុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា ដឹងច្បាស់ នូវការរលត់ទៅ នៃសោមនស្សិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

[២៨៤] ម្នាលភិក្ខុទាំងឡាយ ឧបេក្ខិន្ទ្រិយ រមែងកើតឡើង ដល់ភិក្ខុក្នុងសាសនានេះ ជាអ្នកមិនប្រមាទ មានព្យាយាម ដុតកំដៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន។ ភិក្ខុនោះ ក៏ដឹងច្បាស់ យ៉ាងនេះថា ឧបេក្ខិន្ទ្រិយនេះ កើតឡើងហើយ ដល់អាត្មាអញ ឧបេក្ខិន្ទ្រិយនោះឯង ប្រកបដោយនិមិត្ត ប្រកបដោយហេតុ ប្រកបដោយសង្ខារ ប្រកបដោយបច្ច័យ ឯឧបេក្ខិន្ទ្រិយនោះ មិនមាននិមិត្ត មិនមានហេតុ មិនមានសង្ខារ មិនមានបច្ច័យ នឹងកើតឡើង ហេតុនុ៎ះ មិនមានឡើយ។ ភិក្ខុនោះ ដឹងច្បាស់នូវឧបេក្ខិន្ទ្រិយផង ដឹងច្បាស់នូវហេតុកើតឡើង នៃឧបេក្ខិន្ទ្រិយផង ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយផង មួយវិញទៀត ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីឯណា រមែងរលត់ទៅ ឥតមានសេសសល់ ក៏ដឹងច្បាស់ នូវទីនោះផង។ ចុះឧបេក្ខិន្ទ្រិយ កើតឡើងក្នុងទីដូចម្តេច ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កន្លង នូវនេវសញ្ញានាសញ្ញាយតនៈ ដោយសព្វគ្រប់ ហើយចូលកាន់សញ្ញាវេទយិតនិរោធ។ ឧបេក្ខិន្ទ្រិយ កើតឡើងក្នុងសញ្ញាវេទយិតនិរោធនុ៎ះ ទើបរលត់ទៅ ឥតមានសេសសល់។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថា ដឹងច្បាស់នូវការរលត់ទៅ នៃឧបេក្ខិន្ទ្រិយ ប្រមូលមកនូវចិត្ត ដើម្បីសេចក្តីពិត។

ចប់ សុខិន្ទ្រិយវគ្គ ទី ៤។

ឧទ្ទាននៃសុខិន្ទ្រិយវគ្គនោះគឺ

និយាយអំពីឥន្ទ្រិយសុទ្ធ ១ អំពីសោតាបន្នបុគ្គល ១ អំពីភិក្ខុជាអរហន្ត ១ អំពីសមណព្រាហ្មណ៍ មានពីរលើក អំពីការចែកឥន្ទ្រិយ មាន ៣ លើក អំពីសុខិន្ទ្រិយកើតឡើង ព្រោះអាស្រ័យផស្សៈ ដូចព្រនួតភ្លើង ១ អំពីភិក្ខុបានសម្រេចឈាន ១។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.040.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann