km:tipitaka:sut:sn:48:sut.sn.48.041



(ជរាធម្មសូត្រ ទី១)

សង្ខេប

ព្រះពុទ្ធ​សម្តែង ជរា និង​មរណ​ធម៌​តែង​គ្រប​សង្កត់​សត្វ​ទាំង​អស់ (សូម្បី​ព្រះ​តថាគត) ដល់​ព្រះ​អានន្ទ​ ដែល​កំពុង​តែ​ពិចារណា​ពី​សរីរ​កាយ​នៅ​ពី​ក្រោយ​ខ្នង​ព្រះ​មាន​ព្រះភាគ។

sn 48.041 បាលី cs-km: sut.sn.48.041 អដ្ឋកថា: sut.sn.48.041_att PTS: ?

(ជរាធម្មសូត្រ ទី១)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក ស្រស់

(១. ជរាធម្មសុត្តំ)

[២៨៥] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងប្រាសាទ នៃមិគារមាតា ក្នុងវត្តបុព្វារាម ជិតក្រុងសាវត្ថី។ សម័យនោះឯង ព្រះដ៏មានព្រះភាគ ចេញអំពីទីពួនសម្ងំ (ផលសមាបត្តិ) ក្នុងសាយណ្ហសម័យ ហើយទ្រង់គង់ហាលព្រះបិដ្ឋិ (ខ្នង) ក្នុងទីកំដៅថ្ងៃខាងក្រោយ (ប្រាសាទ)។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយច្របាច់ នូវព្រះកាយ នៃព្រះដ៏មានព្រះភាគ ដោយដៃ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៨៦] អសា្ចរ្យណាស់ ព្រះអង្គ ចំឡែកណាស់ ព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះឆវិវណ្ណ របស់ព្រះអង្គ មិនបរិសុទ្ធផូរផង់ ដូចអំពីមុនឡើយ ទាំងព្រះអង្គាវយវៈ ក៏ធូរជ្រាយ មានព្រះចម្មៈជ្រួញជ្រីវ ព្រះកាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្រ្ទិយ ឃានិន្រ្ទិយ ជីវិ្ហន្រ្ទិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដ។

[២៨៧] អើ អានន្ទ ពាក្យនុ៎ះមែនហើយ ជរាធម៌ រមែងមាននៅត្រង់អវយវៈ ដែលកំពុងចំរើន ព្យាធិធម៌ មាននៅត្រង់ការដែលមិនមានរោគ មរណធម៌ ក៏មាននៅត្រង់ជីវិត។ ឆវិវណ្ណ (របស់តថាគត) មិនបរិសុទ្ធផូរផង់ដូចមុនទេ ទាំងអង្គាវយវៈ ក៏ថូរជ្រាយ មានស្បែកជ្រួញជ្រីវ កាយក៏ទន់ទោរ ការប្រែប្រួល នៃឥន្ទ្រិយទាំងឡាយ គឺចក្ខុន្រ្ទិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជីវ្ហិន្ទ្រិយ កាយិន្ទ្រិយ ក៏ឃើញប្រាកដមែន។ ព្រះដ៏មានព្រះភាគ បានត្រាស់ភាសិតនេះហើយ លុះព្រះសុគត ទ្រង់ត្រាស់ភាសិតនេះរួចហើយ ទើបព្រះសាស្តា ត្រាស់គាថានេះ តទៅទៀតដូច្នេះ

[២៨៨]

ថ្វឺយសរីរៈនោះ រមែងមានក្នុងកាលដែលចាស់អាក្រក់ ក្នុងកាលដែលជរា ធ្វើឲ្យមានសម្បុរអាក្រក់ អត្តភាពជាទីត្រេកអរនៃចិត្ត ក៏ត្រូវជរាគ្របសង្កត់ដោយពិត។ ពួកសត្វទាំងអស់ មានមច្ចុប្រព្រឹត្តទៅខាងមុខ ទោះជនឯណា រស់នៅអស់ ១០០ ឆ្នាំក្តី ជននោះ ចៀសវាងនូវមច្ចុតិចតួច ក៏ពុំរួច មច្ចុ តែងញំាញី នូវសត្វទាំងអស់ ឥតសល់ឡើយ។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.041.txt · ពេលកែចុងក្រោយ: 2024/02/14 13:07 និពន្ឋដោយ Johann