km:tipitaka:sut:sn:48:sut.sn.48.042



(ឧណ្ណាភព្រាហ្មណសូត្រ ទី២)

សង្ខេប

តើ​សតិរបស់​អ្នក​ស្គាល់អារម្មណ៍​ផ្សេងៗគ្នា​ហើយ ឬ​នៅ?

sn 48.042 បាលី cs-km: sut.sn.48.042 អដ្ឋកថា: sut.sn.48.042_att PTS: ?

(ឧណ្ណាភព្រាហ្មណសូត្រ ទី២)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ ឧបាសក ស្រស់

(២. ឧណ្ណាភព្រាហ្មណសុត្តំ)

[២៨៩] សាវត្ថីនិទាន។ គ្រាននោះឯង ឧណ្ណាភព្រាហ្មណ៍ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររឭកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះឧណ្ណាភព្រាហ្មណ៍ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា

[២៩០] បពិត្រព្រះគោតមដ៏ចំរើន ឥន្ទ្រិយ ៥យ៉ាងនេះ មានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យ នៃគ្នានឹងគ្នាឡើយ។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វី ជាទីពឹង របស់ឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ ដែលមានវិស័យផ្សេងៗគ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា ចុះសភាវៈដូចម្តេច រមែងទទួលនូវអារម្មណ៍ និងវិស័យនៃឥន្ទ្រិយទាំងនេះ។

[២៩១] ម្នាលព្រាហ្មណ៍ ឥន្ទ្រិយ ៥ យ៉ាងនេះ មានវិស័យផ្សេង ៗគ្នា មានអារម្មណ៍ផ្សេងៗ គ្នា រមែងមិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នា។ ឥន្ទ្រិយ ៥ យ៉ាង គឺអ្វីខ្លះ។ គឺចក្ខុន្ទ្រិយ ១ សោតិន្ទ្រិយ ១ ឃានិន្ទ្រិយ ១ ជីវិ្ហន្ទ្រិយ ១ កាយិន្ទ្រិយ ១។ ម្នាលព្រាហ្មណ៍ កាលបើឥន្ទ្រិយ ទាំង ៥ យ៉ាងនេះ មានវិស័យផ្សេងៗ គ្នា មានអារម្មណ៍ផ្សេងៗគ្នា មិនទទួលនូវអារម្មណ៍ និងវិស័យនៃគ្នានិងគ្នាហើយ មានតែចិត្តជាទីពឹង ទាំងចិត្ត ក៏រមែងទទួលនូវអារម្មណ៍ និងវិស័យ នៃឥន្ទ្រិយទាំងនោះ។

[២៩២] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់ចិត្ត។ ម្នាលព្រាហ្មណ៍ សតិ ជាទីពឹងរបស់ចិត្ត។

[២៩៣] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់សតិ។ ម្នាលព្រាហ្មណ៍ វិមុត្តិ ជាទីពឹងរបស់សតិ។

[២៩៤] បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹងរបស់វិមុត្តិ។ ម្នាលព្រាហ្មណ៍ និព្វានជាទីពឹងរបស់វិមុត្តិ។ បពិត្រព្រះគោតមដ៏ចំរើន ចុះអ្វីជាទីពឹង របស់ព្រះនិព្វាន។ ម្នាលព្រាហ្មណ៍ អ្នកកន្លងហួសប្រស្នាហើយ អ្នកមិនអាចកាន់យក នូវទីបំផុតនៃប្រស្នាបានឡើយ។ ម្នាលព្រាហ្មណ៍ ព្រោះថា មគ្គព្រហ្មចរិយធម៌ ឈមទៅកាន់និព្វាន មាននិព្វានប្រព្រឹត្តទៅខាងមុខ មាននិព្វានជាទីបំផុត។

[២៩៥] គ្រានោះឯង ឧណ្ណាភព្រាហ្មណ៍ ក៏ត្រេកអរ អនុមោទនា នូវភាសិតនៃព្រះដ៏មានព្រះភាគ រួចក្រោកចាកអាសនៈ ថ្វាយបង្គំលាព្រះដ៏មានព្រះភាគ ធ្វើប្រទក្សិណ ហើយដើរចេញទៅ។

[២៩៦] គ្រានោះ កាលឧណ្ណាភព្រាហ្មណ៍ ចៀសចេញទៅ មិនយូរប៉ុន្មាន ព្រះដ៏មានព្រះភាគ ក៏ត្រាស់នឹងពួកភិក្ខុថា

[២៩៧] ម្នាលភិក្ខុទាំងឡាយ ផ្ទះកំពូល ឬសាលា ដែលមានកំពូល មានបង្អួចក្នុងទិសខាងជើង ឬទិសខាងកើត កាលបើព្រះអាទិត្យរះឡើង រស្មីចូលទៅតាមបង្អួចហើយ ស្ថិតនៅក្នុងទីណា មានឧបមាយ៉ាងណា។ បពិត្រព្រះអង្គដ៏ចំរើន រស្មីស្ថិតនៅត្រង់ជញ្ជាំងទិសខាងលិច។ ម្នាលភិក្ខុទាំងឡាយ ឯឧណ្ណាភព្រាហ្មណ៍ មានសទ្ធាខ្ជាប់ខ្ជួន ជាឫសស្ថិតនៅមាំមួន ចំពោះតថាគត ទោះសមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី នរណាមួយ ក្នុងលោកក្តី មិនងាយបំបែរ ឲ្យងាកចេញបានឡើយ ក៏យ៉ាងនោះដែរ។ ម្នាលភិក្ខុទាំងឡាយ ក្នុងសម័យនេះ បើឧណ្ណាភព្រាហ្មណ៍ ធ្វើមរណកាល ឧណ្ណាភព្រាហ្មណ៍ ដែលប្រកបដោយសញ្ញោជនឯណាហើយ គប្បីមកកាន់លោកនេះម្តងទៀត សញ្ញោជននោះ មិនមានទេ។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.042.txt · ពេលកែចុងក្រោយ: 2024/02/14 15:31 និពន្ឋដោយ Johann