km:tipitaka:sut:sn:48:sut.sn.48.043



(សាកេតសូត្រ ទី៣)

សង្ខេប

(បន្ថែមការពិពណ៌នាអំពីសូត្រនៅទីនេះ)

sn 48.043 បាលី cs-km: sut.sn.48.043 អដ្ឋកថា: sut.sn.48.043_att PTS: ?

(សាកេតសូត្រ ទី៣)

?

បកប្រែពីភាសាបាលីដោយ

ព្រះសង្ឃនៅប្រទេសកម្ពុជា ប្រតិចារិកពី sangham.net ជាសេចក្តីព្រាងច្បាប់ការបោះពុម្ពផ្សាយ

ការបកប្រែជំនួស: មិនទាន់មាននៅឡើយទេ

អានដោយ (គ្មានការថតសំលេង៖ ចង់ចែករំលែកមួយទេ?)

(៣. សាកេតសុត្តំ)

[២៩៨] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងព្រៃអញ្ជ័ន ជាទីឲ្យអភ័យដល់ម្រឹគ ទៀបនគរសាកេត។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ត្រាស់សួរពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យបរិយាយឯណា បរិយាយនោះ មានដែរឬ។ ពួកភិក្ខុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ទាំងឡាយ របស់យើងខ្ញុំព្រះអង្គ មានព្រះដ៏មានព្រះភាគ ជាឫសគល់ មានព្រះដ៏មានព្រះភាគ ជាអ្នកណែនាំ មានព្រះដ៏មានព្រះភាគ ជាទីពឹង បពិត្រព្រះអង្គដ៏ចំរើន យើងខ្ញុំព្រះអង្គ សូមអារាធនា សូមព្រះដ៏មានព្រះភាគ បំភ្លឺសេចក្តី នៃភាសិតនុ៎ះឲ្យទាន បើពួកភិក្ខុ បានស្តាប់ព្រះវាចា របស់ព្រះដ៏មានព្រះភាគហើយ នឹងចងចាំបាន។ បេ។

[២៩៩] ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ ៥ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ មានដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះឥន្ទ្រិយ ៥ ឯណា ឥន្ទ្រិយ ៥ នោះ ក៏គឺពលៈ ៥ ពលៈ ៥ ឯណា ពលៈ នោះ ក៏គឺឥន្ទ្រិយ ៥ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។

[៣០០] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធាពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រិយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈនោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ។

[៣០១] ម្នាលភិក្ខុទាំងឡាយ ដូចទន្លេហូរទៅទិសខាងកើត ទេរទៅទិសខាងកើត ឈមទៅទិសខាងកើត កោះក៏មាននៅត្រង់កណ្តាល នៃទន្លេនោះ។ ម្នាលភិក្ខុទាំងឡាយ ហេតុដែលដល់ នូវការរាប់ថា ទន្លេនោះមានខ្សែទឹកតែមួយ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ រមែងមាន។ ម្នាលភិក្ខុទាំងឡាយ មួយវិញទៀត ហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យនូវបរិយាយឯណា បរិយាយនោះ ក៏មានដែរ។

[៣០២] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងកើត នៃកោះនោះ និងទឹកឯណា មាននៅចុង នៃទិសខាងលិច នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកតែមួយ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ។

[៣០៣] ម្នាលភិក្ខុទាំងឡាយ ចុះហេតុដែលដល់នូវការរាប់ថា ទន្លេនោះ មានខែ្សទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា បរិយាយនោះ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ទឹកឯណា មាននៅចុង នៃទិសខាងជើង នៃកោះនោះ និងទឹកឯណា មាននៅចុង នៃទិសខាងត្បូង នៃកោះនោះ។ ម្នាលភិក្ខុទាំងឡាយ ទឹកនោះៗ ដល់នូវការរាប់ថា ទន្លេនោះ មានខ្សែទឹកពីរ ព្រោះអាស្រ័យ នូវបរិយាយឯណា នេះឯងជាបរិយាយ យ៉ាងណាមិញ។

[៣០៤] ម្នាលភិក្ខុទាំងឡាយ សទ្ធិន្ទ្រិយឯណា សទ្ធិន្ទ្រិយនោះ ក៏គឺសទ្ធាពលៈ សទ្ធាពលៈឯណា សទ្ធាពលៈនោះ ក៏គឺសទ្ធិន្ទ្រិយ វិរិយិន្ទ្រិយឯណា វិរិយិន្ទ្រិយនោះ ក៏គឺវិរិយពលៈ វិរិយពលៈឯណា វិរិយពលៈនោះ ក៏គឺវិរិយិន្ទ្រយ សតិន្ទ្រិយឯណា សតិន្ទ្រិយនោះ ក៏គឺសតិពលៈ សតិពលៈឯណា សតិពលៈនោះ ក៏គឺសតិន្ទ្រិយ សមាធិន្ទ្រិយឯណា សមាធិន្ទ្រិយនោះ ក៏គឺសមាធិពលៈ សមាធិពលៈឯណា សមាធិពលៈនោះ ក៏គឺសមាធិន្ទ្រិយ បញ្ញិន្ទ្រិយឯណា បញ្ញិន្ទ្រិយនោះ ក៏គឺបញ្ញាពលៈ បញ្ញាពលៈឯណា បញ្ញាពលៈនោះ ក៏គឺបញ្ញិន្ទ្រិយ ក៏យ៉ាងនោះដែរ។

[៣០៥] ម្នាលភិក្ខុទាំងឡាយ ភិក្ខុរមែងធ្វើឲ្យជាក់ច្បាស់ សម្រេចនូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់អាសវៈទាំងឡាយ ដោយបញ្ញា ដ៏ឧត្តម ដោយខ្លួនឯង ក្នុងបច្ចុប្បន្ន ព្រោះបានចំរើន បានធ្វើឲ្យក្រាស់ក្រែល នូវឥន្ទ្រិយ ទាំង ៥ ហើយសម្រាន្តនៅ។

 

លេខយោង

km/tipitaka/sut/sn/48/sut.sn.48.043.txt · ពេលកែចុងក្រោយ: 2023/04/02 02:18 និពន្ឋដោយ Johann